ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ រយៈពេល ២ថ្ងៃ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចេញដំណើរទៅទីក្រុងបាងកក ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅ និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។

យោងតាមសេចក្តីប្រកាសព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសថៃ នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនៃព្រះរាជាណាចក្រថៃ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីទាំងពីរ នឹងមានជំនួបទ្វេភាគី ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការកំពុងលូតលាស់លើគ្រប់វិស័យ ដូចជា វិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ការងារ ការតភ្ជាប់ អប់រំ សុខាភិបាល និងវប្បធម៌។ល។ កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម ក៏នឹងត្រូវលើកយកមកពិភាក្សា ផងដែរ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ផងដែរ។

មិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការ ជិតស្និទ្ធលើគ្រប់វិស័យ រវាងប្រទេសទាំងពីរ ត្រូវបានពង្រឹង និងពង្រីកឥតឈប់ឈរ និងបានឈានឡើងដល់កម្រិត «ភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព៕

ដោយ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner