អ្នកនាំពាក្យ គ.ជ.ប៖ ការបិទវិទ្យុ VOD គឺមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខនេះទេ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកនាំពាក្យ គ.ជ.ប៖ ការបិទវិទ្យុ VOD គឺមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខនេះទេ

អ្នកនាំពាក្យ គ.ជ.ប៖ ការបិទវិទ្យុ VOD គឺមិនប៉ះពាល់ដល់ដំណើរការបោះឆ្នោតនាពេលខាងមុខនេះទេ

ភ្នំពេញ៖ ឆ្លើយតបទៅនឹងក្រុមអង្គការសង្គមស៊ីវិលមួយចំនួនតូច អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឯកឧត្តម ហង្ស ពុទ្ធា បានបញ្ជាក់ថ្លែង AMS នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈនេះថា ការបិទការផ្សាយរបស់វិទ្យុ វីអូឌី (VOD) គឺមិនធ្វើឱ្យប៉ះពាល់ដល់ដំណើរប្រព្រឹត្តទៅនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះទេ ពីព្រោះមានប្រព័ន្ធផ្សព្វផ្សាយជាច្រើនទៀតដែលកំពុងតែប្រព្រឹត្តទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយប្រជាពលរដ្ឋទទួលបានព័ត៌មានផ្សេងៗ ទទួលបានព័ត៌មានស្តីពីការបោះឆ្នោតតាមរយៈប្រព័ន្ធផ្សព្វផ្សាយទាំងនោះហើយ។ អ្នកដែលយល់ថា ការបិទវិទ្យុ វីអូឌី ធ្វើឱ្យប៉ះពាល់ដល់ដំណើរការបោះឆ្នោតនោះ គឺមិនមែនជាការពិតនោះទេ។ អ្នកដែលលើកឡើងបែបនេះ គឺប្រហែលជាមានឧបាយកលក្នុងការការពារនយោបាយរបស់ខ្លួន។

Advertisement

អ្នកនាំពាក្យ គ.ជ.ប បានបន្តថា ក្នុងនាម គ.ជ.ប ជាស្ថាប័នរៀបចំការបោះឆ្នោត តែងតែតាមដានមើល និងអនុវត្តទៅតាមច្បាប់ដែលមានជាធរមាន ហើយដំណើរការប្រព្រឹត្តទៅនៃការបោះឆ្នោត គឺមានការកត់ត្រាច្បាស់លាស់ ត្រង់ដែលថាពីមួយឆ្នាំទៅមួយឆ្នាំតួលេខនៃការបោះឆ្នោតនៅកម្ពុជា គឺមានការកើនឡើង ហើយបើប្រៀបជាមួយប្រទេសដទៃ គឺតួលេខចេញទៅបោះឆ្នោតនៅកម្ពុជា គឺមានច្រើនជាង។ ដោយឯកឧត្តមបានបញ្ជាក់ថា “ការដែលពោលពាក្យថា មានការថយចុះ ឬក៏ធ្វើឲ្យបាត់ទំនុកចិត្តអីជាដើម បើសិនជាបាត់ទំនុកចិត្តបងប្អូនប្រជាពលរដ្ឋមិនមែនអញ្ជើញចេញទៅបោះឆ្នោតមានចំនួនកើនឡើងៗនោះទេ អ្នកដែលប្រើវោហាស័ព្ទបែបនេះ ប្រហែលជាមានឧបាយកលអីផ្សេងក្នុងការការពារនយោបាយរបស់ខ្លួននោះទេ”។

ទាក់ទងការលើកឡើងថា ទំនុកចិត្តលើការបោះឆ្នោតនៅកម្ពុជាកំពុងតែបាត់បង់ស្រាប់ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈលទ្ធផលនៃការបោះឆ្នោតកន្លងទៅដិតដាមដោយពាក្យថា ជាការបោះឆ្នោត «ក្លែងក្លាយ» ឬ «បង្គ្រប់កិច្ច» ត្រូវបានអ្នកនាំពាក្យ គ.ជ.ប អះអាងថា ការលើកឡើងបែបនេះ គឺជាការលើកឡើងតាមអារម្មណ៍របស់ខ្លួនឯង ពីព្រោះអ្វីដែលជាកិច្ចការរៀបចំការបោះឆ្នោត ដែលកម្ពុជាប្តេជ្ញាធ្វើក្នុងការ៥ឆ្នាំម្តង ហើយនឹងជាទៀងទាត់នោះ គឺយើងអនុវត្តទៅតាមច្បាប់ ហើយច្បាប់នេះដែរក៏មានអ្នកជំនាញការបរទេស ពិសេសមកពីខាងអឺរ៉ុប គឺជួយសរសេរតាក់តែង ច្បាប់ដែលមានជាធរមានហើយ គ.ជ.ប អនុវត្តទៅតាមអ្វីដែលមានចែងនៅក្នុងច្បាប់។ ការចេញទៅបោះឆ្នោតទៀតក៏ត្រូវផ្អែកទៅលើបទបញ្ជា និងនីតិវិធី ដែលចែងលម្អិតបន្ថែមទៅលើកិច្ចការបោះឆ្នោត។ ការប្រើពាក្យខុសឆ្គងណាមួយអាចថា ជាការភ័ន្តច្រឡំ។ ហើយក្នុងនាម គ.ជ.ប ក៏សូមឱ្យធ្វើការសិក្សាពិនិត្យឡើងវិញ ហើយនិយាយស្តីសូមឱ្យមានភស្តុតាង ហើយពាក្យថា ភស្តុតាងនោះឯង ជាភស្តុតាងច្រើន មិនមែនយកមួយករណីទៅពង្រីកឱ្យធំ ហើយចោទប្រកាន់ដើម្បីបម្រើយុទ្ធសាស្ត្រនយោបាយណាមួយនោះទេ៕
ដោយ៖ពលជ័យ

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា