សម្ដេចតេជោ ហ៊ុន សែន ពេញចិត្តចំពោះជោគជ័យនៃការផ្ទេរអំណាចទៅថ្នាក់ក្រោមជាតិរបស់កម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានសំដែងការពេញចិត្តចំពោះការធ្វើកំណែទម្រង់វិមជ្ឍការរបស់កម្ពុជា ដោយថា ភាពជោគជ័យនេះហើយទើបធ្វើឱ្យកម្ពុជា ជម្នះបាននូវការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗ។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចនេះ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារក្រសួងមហាផ្ទៃ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការបញ្ជូនអំណាចទៅថ្នាក់ក្រោមជាតិ គឺជាការពង្រឹងសមត្ថភាពរបស់ថ្នាក់មូលដ្ឋានឱ្យបានគ្រប់គ្រាន់ ក្នុងការឆ្លើយតបនូវបញ្ហាបន្ទាន់ៗនានា។ សម្ដេច ថា៖ ជោគជ័យនៃការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងគ្រោះមហន្តរាយផ្សេងៗ វាបានចង្ហុលបង្ហាញពីជោគជ័យនៃការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឍការ។
សម្ដេចតេជោ បានលើកឡើងទៀតថា មូលដ្ឋានមានតួនាទីស្នូលក្នុងការជួយប្រជាជន ដោយថាកន្លែងដែលមានកងទ័ព គឺកងទ័ពចូលរួម កន្លែងដែលមានកងរាជអាវុធហត្ថ គឺអាចចូលរួមជួយនៅទីនោះតែម្ដង ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានជំរុញដំណើរការបែងចែកមុខងារផ្ទេរអំណាចទៅមូលដ្ឋាន ទាំងហិរញ្ញវត្ថុ និងដំណើរការរៀបចំចាត់តាំងមន្ត្រីផងដែរ ៕ ដោយ ៖ វណ្ណលុក