នាយករដ្ឋមន្ត្រីឥណ្ឌាអំពាវនាវឱ្យមានកំណែទម្រង់ធនាគារពិភពលោក នៅឯកិច្ចប្រជុំហិរញ្ញវត្ថុ G20

ញូដេលី៖ នាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា លោក ម៉ូឌី (Modi) បានអំពាវនាវឱ្យមានកំណែទម្រង់ធនាគារពិភពលោក នៅឯកិច្ចប្រជុំហិរញ្ញវត្ថុ នៃប្លុក G20។

នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារ៉េនដ្រា ម៉ូឌី (Narendra Modi) ក្នុងពេលចូលរួម តាមរយៈវីដេអូ អំឡុងកិច្ចប្រជុំរដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃបណ្តាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ ហៅកាត់ថា G20 និងកិច្ចប្រជុំប្រធានធនាគារកណ្តាល នៅទីក្រុង បេនហ្គាលឺរូ (Bengaluru) ប្រទេសឥណ្ឌា នាថ្ងៃទី២៤ កុម្ភៈ បានថ្លែងអំពាវនាវឱ្យមានកំណែទម្រង់ របស់អ្នកផ្តល់ប្រាក់កម្ចីសកល ដូចជា ធនាគារពិភពលោក ជាដើម។

កិច្ចពិភាក្សានេះត្រូវបានគេជឿថា នឹងផ្តោតលើផលប៉ះពាល់ជាបន្តបន្ទាប់ នៃមេរោគរាតត្បាតនៃជំងឺកូវីដ និងសង្គ្រាមអ៊ុយក្រែន ក៏ដូចជា ការបន្ធូរបន្ថយបំណុលសម្រាប់ប្រទេសក្រីក្រដែលរងគ្រោះដោយសារតម្លៃអាហារ និងប្រេងឥន្ធនៈខ្ពស់។

លោក ម៉ូឌី បាននិយាយ តាមវីដេអូឃ្លីប នៅពេលដែលការជួបជុំ រយៈពេលពីរថ្ងៃនេះ បានចាប់ផ្តើមថា «ការជឿទុកចិត្តលើស្ថាប័នហិរញ្ញវត្ថុអន្តរជាតិបានធ្លាក់ចុះ»។

លោកបាននិយាយថា «ទោះបីជាចំនួនប្រជាជនពិភពលោកបានឆ្លងផុតប្រាំបីពាន់លាននាក់ក៏ដោយ វឌ្ឍនភាពនៃគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពហាក់ដូចជាមានការថយចុះ។
យើងត្រូវធ្វើការរួមគ្នាដើម្បីពង្រឹងធនាគារអភិវឌ្ឍន៍ពហុភាគីសម្រាប់ការប្រឈមមុខនឹងបញ្ហាសកលដូចជាការប្រែប្រួលអាកាសធាតុ និងកម្រិតបំណុលខ្ពស់»។

ការកត់សម្គាល់នេះបានបន្លឺឡើង ស្របពេលដែលការអំពាវនាវពីបណ្តាប្រទេសផ្សេងៗទៀត សម្រាប់ធនាគារពិភពលោក ក្នុងការជំរុញការផ្តល់ប្រាក់កម្ចី និងពង្រីកការផ្ទេរប្រាក់របស់ខ្លួន លើសពីការដោះស្រាយភាពក្រីក្រ បើទោះបីជាការណ៍នេះបានធ្វើឱ្យមានការព្រួយបារម្ភថា ធនាគារពិភពលោកអាចបាត់បង់ចំណាត់ថ្នាក់ឥណទានកំពូល របស់ខ្លួនក៏ដោយ៕ ប្រភពពី AFP ប្រែសម្រួលដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner