ធនាគារជាតិនៃកម្ពុជា ចុះអនុស្សរណៈជាមួយធនាគារកណ្ដាលកោះសូឡូម៉ូន និងធនាគារកណ្ដាលហ្វីជី ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ លើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ (MoU) ចំនួនពីរ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ជាមួយធនាគារកណ្តាលនៃកោះសូឡូម៉ូន និងធនាគារកណ្ដាលហ្វីជី នាថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ដើម្បីសម្រេចឱ្យបាននូវកិច្ចសហប្រតិបត្តិការក្នុងផ្នែកហិរញ្ញវត្ថុ កាន់តែល្អមួយកម្រិតទៀត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជនក្នុងប្រទេសនីមួយៗ។

ឯកឧត្ដម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃអនុស្សរណៈយោគយល់នេះ គឺការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍលើផ្នែកនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់ ព្រមទាំងដើម្បីចែករំលែកព័ត៌មានពាក់ព័ន្ធស្តីអំពីនវានុវត្តន៍ និងការទូទាត់តាមបែបឌីជីថលសម្រាប់សេវាកម្មហិរញ្ញវត្ថុ។ អនុស្សរណៈយោគយល់នេះនឹងផ្តល់ជាក្របខណ្ឌជំរុញកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ ដល់គ្នាទៅវិញទៅមក ។

ឯកឧត្ដម Luke Forau ទេសាភិបាលធនាគារកណ្តាលកោះសូឡូម៉ូន សម្ដែងក្ដីរីករាយលើកិច្ចសហប្រតិបត្តិការជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាអំពីបទពិសោធន៍របស់កម្ពុជាក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រជាជនកោះសូឡូម៉ូន។ ប្រទេសកម្ពុជា បានផ្តល់ឱកាសឱ្យយើងស្វែងយល់ពីការដឹកនាំរបស់ធនាគារជាតិនៃកម្ពុជា លើការអភិវឌ្ឍបច្ចេកវិទ្យាហិរញ្ញវត្ថុ ព្រមទាំងបានផ្តល់គាំទ្របន្ថែម តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍប្រព័ន្ធទូទាត់ ដែលអាចឱ្យសាធារណជនធ្វើការទូទាត់ និងទទួលបានមូលនិធិងាយស្រួលនិងភ្លាមៗ។ ទន្ទឹមនេះ ឯកឧត្ដម Luke Forau បានគោរពអញ្ជើញឯកឧត្ដម ជា ចាន់តូ បំពេញទស្សនកិច្ចនៅកោះសូឡូម៉ូន ដើម្បីចូលរួមកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលប៉ាស៊ីហ្វិកខាងត្បូង លើកទី៣៨ ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជា ដល់ប្រទេសជាសមាជិកដទៃទៀត ។

ចំណែកឯកឧត្ដម Esala Masitabua ទេសាភិបាលរងធនាគារកណ្ដាលហ្វីជី បានអរគុណកម្ពុជា ចំពោះទឹកចិត្តក្នុងការចែករំលែកបទពិសោធន៍ និងចំណេះដឹងក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីអភិវឌ្ឍប្រព័ន្ធទូទាត់។ ឯកឧត្ដម បានបន្តថា កិច្ចសហប្រតិបត្តិការនេះ នឹងគាំទ្របន្ថែមទៀតដល់ការកែទម្រង់ប្រព័ន្ធទូទាត់ជាតិ ដែលកំពុងដំណើរការ និងអនុញ្ញាតឱ្យហ្វីជី អាចរីកចម្រើនបានលឿន ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ ។

ជាមួយគ្នានេះ មន្ត្រីធនាគារជាតិនៃកម្ពុជា បានលើកឡើងពីប្រព័ន្ធបាគងរបស់ធនាគារជាតិនៃកម្ពុជា គឺជាគម្រោងដែលបានប្រើប្រាស់ផ្លេតហ្វមបច្ចេកវិទ្យាដើម្បីលើកកម្ពស់ការតភ្ជាប់ និងការធ្វើប្រតិបត្តិការឆ្លងគ្រឹះស្ថាន ដើម្បីពង្រឹងប្រសិទ្ធភាព ប្រព័ន្ធទូទាត់ និងដើម្បីរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងការប្រើប្រាស់ប្រាក់រៀល។ បច្ចុប្បន្ន ប្រព័ន្ធបាគងមានគ្រឹះស្ថានជាសមាជិកចំនួន ៧០ ៕

អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner