កម្ពុជា-ថៃ ប្ដេជ្ញាបន្តជំរុញភាពជាដៃគូលូតលាស់ពហុវិស័យ ដើម្បីសន្តិភាព និងវិបុលភាព

ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសថៃ ពីថ្ងៃទី២៣ ដល់ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ឯកឧត្តម ដន ប្រាម៉ាត់វីណៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីទាំងពីរ បានពិភាក្សាយ៉ាងទូលំទូលាយ ដោយបានពិនិត្យឡើងវិញនិងដាក់ចេញនូវវិធានការថ្មី សម្រាប់កិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីកំណើន និងវិបុលភាពរួមរវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមាន ពាណិជ្ជកម្ម និងវិនិយោគ ការអប់រំ ទេសចរណ៍ ការងារ ការតភ្ជាប់ សន្តិសុខ និងការពារជាតិ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិកាតអន្តរជាតិ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងការបរទេសបានបន្តថា ជាមួយនឹងការកត់សម្គាល់ដោយពេញចិត្តចំពោះនិន្នាការជាវិជ្ជមាននៃទំហំពាណិជ្ជកម្មទ្វេភាគី ភាគីទាំងពីរបានបញ្ជាក់ពីសារសំខាន់ចំពោះការខិតខំប្រឹងប្រែងរួមគ្នាដើម្បីសម្រេចឱ្យបាននូវគោលដៅនៃទំហំពាណិជ្ជកម្មទ្វេភាគីចំនួន១៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២៥។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីទាំងពីរ បានធ្វើជាអធិបតីក្នុងពិធីបើកដំណើរការសាកល្បងស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលនឹងរួមចំណែកបង្កើនលំហូរពាណិជ្ជកម្មឆ្លងដែន និងវិនិយោគ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់ និងសុខុមាលភាពនៃប្រជាជនទាំងពីរ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យភាគីថៃពង្រីកទីផ្សារថៃ និងលុបរបាំងបច្ចេកទេសពាណិជ្ជកម្ម ដើម្បីអនុគ្រោះដល់កសិផលកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ដន ប្រាម៉ាត់វីណៃ បានបញ្ជាក់អំពីការបន្តផ្ដល់កិច្ចសហប្រតិបត្តិការរបស់ប្រទេសថៃលើវិស័យអប់រំ រួមទាំងការផ្តល់អាហារូបករណ៍ មកកម្ពុជា តាមរយៈភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិថៃ (TICA)។ ចំពោះវិស័យទេសចរណ៍ ភាគីទាំងពីរបានឯកភាពលើកកម្ពស់កិច្ចសហការបន្ថែមទៀត ស្របតាមពាក្យស្លោក «ព្រះរាជាណាចក្រពីរ គោលដៅតែមួយ» និងលើកទឹកចិត្តឱ្យអាជ្ញាធរខេត្តជាប់ព្រំដែន រួមគ្នារៀបចំព្រឹត្តិការណ៍នានា សំដៅជំរុញ និងសម្របសម្រួលលំហូរទេសចររវាងប្រទេសទាំងពីរ។

ភាគីទាំងពីរក៏បានពិភាក្សាផងដែរ អំពីនីតិវិធីអន្តោប្រវេសន៍ រួមទាំងកិច្ចខិតខំប្រឹងប្រែងរួមដើម្បីផ្ដល់ភាពស្របច្បាប់ជូនពលករកម្ពុជា ដែលស្នាក់នៅប្រទេសថៃ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើឱ្យភាគីថៃពិចារណាបញ្ចុះតម្លៃទិដ្ឋាការការងារដល់ពលករខ្មែរ។ នៅក្នុងវិស័យដឹកជញ្ជូន ឧបនាយករដ្ឋមន្ត្រីទាំងពីរបានស្វាគមន៍ចំពោះការ លើកកម្រិតផ្លូវជាតិលេខ៦៧ តភ្ជាប់ពីខេត្តសៀមរាប ប្រទេសកម្ពុជា ទៅខេត្តស៊ីសាកេត ប្រទេសថៃ និងបានគូសបញ្ជាក់អំពីសារសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអាកាសចរ ដោយផ្តោតទៅលើសុវត្ថិភាព សន្តិសុខ ការកសាងសមត្ថភាពស្ថាប័ន និងការបណ្តុះបណ្តាលធនធានមនុស្ស។

ចំពោះវិស័យសន្តិសុខ និងការពារជាតិ ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិ-ការ និងបន្ថែមកិច្ចសម្របសម្រួលរវាងមន្ត្រីអនុវត្តច្បាប់នៃប្រទេសទាំងពីរ និងបានផ្តល់សារសំខាន់ចំពោះការដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដើម្បីរួមគ្នាកសាងព្រំដែន សន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ស្របពេលដែលកម្ពុជា និងថៃប្តេជ្ញាចិត្តសម្រេចគោលដៅ«ប្រទេសគ្មានគ្រាប់មីន»នៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ រៀងៗខ្លួន ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីទាំងពីរ បានគូសបញ្ជាក់ពីសារសំខាន់នៃការបញ្ចប់ប្រតិបត្តិការបោសសម្អាតមីននៅតាមព្រំដែនឱ្យបានឆាប់ តាមការណែនាំរបស់ថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រទាំងពីរ។ ភាគីទាំងពីរ បានឯកភាពបន្តពង្រឹងភាពជាដៃគូ ដើម្បីទប់ស្កាត់ កាត់បន្ថយផលប៉ះពាល់ និងប្រតិបត្តិការឆ្លើយតបបន្ទាន់ ចំពោះ គ្រោះមហន្តរាយឆ្លងដែននានា។
ពាក់ព័ន្ធនឹងប្រធានបទតំបន់ និងអន្តរជាតិ ថ្នាក់ដឹកនាំទាំងពីរបានអះអាងសាជាថ្មីនូវការប្ដេជ្ញាចិត្តយ៉ាងមុតមាំ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអាស៊ាន និងមេគង្គ ជាដើម និងជួយប្រទេសមីយ៉ាន់ម៉ាឱ្យវិលត្រឡប់ទៅរកប្រក្រតីភាពវិញ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់សាជាថ្មីអំពីការគាំទ្ររបស់កម្ពុជាចំពោះប្រទេសថៃក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំ «ការតាំងពិព័រណ៍ឯកទេស ឆ្នាំ២០២៨» នៅខេត្តភូកេត ព្រមទាំងបានថ្លែងអំណរគុណថៃ ដែលបានគាំទ្រកម្ពុជា ជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ ពីថ្ងៃទី ០៥ ដល់ ១៧ ខែឧសភា ឆ្នាំ២០២៣ និងកីឡាអាស៊ានប៉ារាហ្គេម ពីថ្ងៃទី០៣ ដល់ ០៩ ខែមិថុនា ឆ្នាំ២០២៣។

ប្រភពដដែលបានបញ្ជាក់ថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្តម ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ដែលក្នុងឱកាសនោះឯកឧត្តម នាយករដ្ឋមន្ត្រី បានកោតសរសើរពីទំនាក់ទំនងល្អប្រសើរលើគ្រប់ វិស័យរវាងប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងក្រសួងការបរទេសទាំងពីរ។ ឯកឧត្តម នាយករដ្ឋមន្ត្រីថៃ បានសង្កត់ធ្ងន់ទៅលើកិច្ចសហការកាន់តែប្រសើរ និងការគាំទ្រគ្នាទៅវិញទៅមករវាងអាជ្ញាធរពាក់ព័ន្ធប្រទេសទាំងពីរ ដើម្បីផលប្រយោជន៍រួមជាក់ស្តែងរបស់ប្រជាជនទាំងពីរ ក៏ដូចជាដើម្បីសន្តិភាព និងការអភិវឌ្ឍ នៅតាមបណ្តោយព្រំដែន រួមមានការបើកច្រកទ្វារព្រំដែនអន្តរជាតិនៅទីតាំងចាំបាច់ និងដំណើរការដោះមីននៅតាមតំបន់ព្រំដែន៕
ដោយ៖ពលជ័យ

ads banner