គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ជូង ជូងី

ភ្នំពេញ៖ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេចស្តីពីការដាក់ទណ្ឌកម្មវិន័យលើលោកមេធាវី ជូង ជូងី គឺស្តីបន្ទោសជាលាយលក្ខអក្សរលើលោកមេធាវី ជូង ជូងី អត្តលេខ ៣០០ ស្របតាមបញ្ញត្តិ នៃមាត្រា ៦៣ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។

នៅក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា ការសម្រេចដាក់ទណ្ឌកម្មវិន័យនេះ គឺយោងតាមការសម្រេចរបស់ក្រុមប្រឹក្សាគណៈមេធាវីនាសម័យប្រជុំថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលយល់ឃើញថា លោកមេធាវី ជូង ជូងី អត្តលេខ៣០០ បានផ្ដល់បទសម្ភាសន៍ជាមួយវិទ្យុ បារាំងអន្តរជាតិ (RFI) ផ្សាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាពស្មោះត្រង់) មាត្រា៧ (ការសម្ងាត់នៃវិជ្ជាជីវៈ) មាត្រា១៧ (អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) នៃក្រមសីលធម៌មេធាវី មាត្រា៥៨ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងយោងការទទួលស្គាល់កំហុសរបស់លោកមេធាវី ជូង ជូងី៕
ដោយ៖ពលជ័យ

ads banner