ឆ្មក់បង្ក្រាបទីតាំងម៉ាស្សា កោសជប់មួយកន្លែងនៅក្បែរស្ទុបក្បាលថ្នល់ ឃាត់ខ្លួនមនុស្ស៥នាក់ និងដកហូតវត្ថុតាងមួយចំនួន
ភ្នំពេញ ៖ ទីតាំងម៉ាស្សា និងកោសជប់មួយកន្លែងយីហោ456 ដែលលួចបេីកសេវាកម្មផ្លូវភេទ ត្រូវបានកម្លាំង នគរបាលជំនាញ ប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ធ្វេីការឆ្មក់ បង្រ្កាបដោយឃាត់មនុស្ស០៥នាក់និងដកហូតវត្ថតាងពាក់ព័ន្ធមួយចំនួន ។
ក្នុងប្រតិបត្តិការ ខាងលេីនេះ បានធ្វេីឡេីងកាលពីវេលា ម៉ោង ៨យប់ ថ្ងៃសុក្រ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ស្ថិត នៅក្បែរស្ទុបក្បាលថ្នល់ តាម បណ្ដោយ ផ្លូវ ២៧១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពពីសមត្ថកិច្ចដែលចុះបង្ក្រាបទីតាំងម៉ាស្សា កោសជប់ ខាងលេីបានឱ្យដឹងថា ទីតាំងនេះត្រូវបានកម្លាំងនគរបាលជំនាញបេីកការស្រាវជ្រាវ ជាច្រេីនថ្ងៃមកហេីយ ទេីបដឹងច្បាស់ថា មានលួចទទួលបម្រើសេវាកម្មផ្លូវភេទ ក៏រាយការណ៍ទៅថ្នាក់លេី សុំគោលការណ៍ ដាក់កម្លាំងចុះបង្ក្រាបតែម្ដង ដោយឃាត់មនុស្សស្រី០៥នាក់ ក្នុងនោះមានមេការម្នាក់ និងដកហូតវត្ថុតាងដែលពាក់ព័ន្ធបានមួយចំនួនផងដែរ ។
ក្រោយពីបញ្ចប់ប្រតិបត្តិការណ៍នេះរួច ទីតាំងខាងលេីត្រូវបានបិតជាបណ្ដោះអាសន្ន ។ រីឯមនុស្សស្រីចំនួន០៥នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងនគរបាលជំនាញដឹកបញ្ចូនទៅកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃអគ្គស្នងការនគរបាលជាតិ ដេីម្បីរង់ចាំអនុវត្តបន្តតាមនីតិវិធី ៕ ដោយ ៖ ជីម ភារ៉ា