នាយឧត្តមសេនីយ៍ មាស សុភា ៖ ខេត្តព្រះសីហនុ ត្រូវបានប្រកាសជាខេត្តអស់គ្រាប់មីន
ខេត្តព្រះសីហនុ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការមីនគ្រាប់មិនទាន់ផ្ទុះ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញជាអធិបតីក្នុងពិធីប្រកាសខេត្តព្រះសីហនុ អស់បញ្ហាគ្រាប់មីន នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បញ្ជាក់ថា ឆ្នាំ២០២២ រាជធានី/ខេត្តអស់គ្រាប់មីន មានដូចជា៖ខេត្តស្ទឹងត្រែង កែប ព្រៃវែង ត្បូងឃ្មុំ រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
នៅឆ្នាំ២០២៣ គ្រោងប្រកាសខេត្តអស់មីនចំនួន១២បន្ថែមទៀត គឺខេត្តកំពង់ចាម ស្វាយរៀង កណ្តាល តាកែវ កំពង់ឆ្នាំង កំពត កំពង់ស្ពឺ ក្រចេះ កំពង់ធំ សៀមរាប រតនគីរី និងខេត្តមណ្ឌលគីរី។ ក្រោយឆ្នាំ២០២៣ ខេត្តចំនួន ៧បន្ថែមទៀត ត្រូវប្រកាសថា អស់មីននិងបានដាក់ផែនការបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥ រួមមានខេត្ត កោះកុង ពោធិសាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តមានជ័យ និងខេត្តព្រះវិហារ។
ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា បានគូសបញ្ជាក់ថា ដោយសារសង្គ្រាម បានបង្កឱ្យប្រជាជនស្លាប់ របួស និងពិការ កំព្រារ បែកបាក់គ្រួសារនិងបន្សល់នូវ គ្រាប់មីន និងសំណល់ជាតិផ្ទុះនាំអោយមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។
តាមផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន “កម្ពុជាគ្មានគ្រាប់មីននៅឆ្នាំ២០២៥” សំណល់ដោយសារគ្រាប់មិនទាន់ផ្ទុះត្រូវបានកាត់បន្ថយឱ្យនៅកម្រិតអប្បបរិមា ដើម្បីធានាការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងធនធានមនុស្សដោយសុវត្ថិភាព។ ជាមួគ្នានេះការងារអប់រំអំពីគ្រោះថ្នាក់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ នៅតែជាកិច្ចការដ៏ចាំបាច់មួយដើម្បី កាត់បន្ថយគ្រោះថ្នាក់និងផលប៉ះពាល់អវិជ្ជមាននៅក្នុងសហគមន៍។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាក់ថា នៅខេត្តព្រះសីហនុ មានផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីនចំនួន ២.៦៦០.៥១៥ម៉ែត្រក្រឡា។ចាប់ពីឆ្នាំ២០០៥ ដល់ឆ្នាំ២០២២ កម្លាំងជំនាញCMACបានធ្វើការបោសសម្អាត រុករកគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួន ១១.១៤៩គ្រាប់ ក្នុងនោះមីនប្រឆាំងថ្មើរជើង ចំនួន២០៨គ្រាប់ គ្រាប់បែកទម្លាក់ចំនួន ៨៩គ្រាប់ គ្រាប់បែកចង្ក្រោម Cluster ៣៩គ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងៗ ចំនួន ១០.៨១៣។
បច្ចុប្បន្នផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីននៅក្នុងខេត្តព្រះសីហនុ ត្រូវបានរុករក និងបោសសម្អាតអស់ជាស្ថាពរ៕ខៀវ សាវ៉ុន