G7 គំរាមដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើប្រទេសទាំងឡាយណាដែលគាំទ្ររុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន
វ៉ាស៊ីនតោន៖ មេដឹកនាំក្រុមប្រទេស G7 នៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានចេញការព្រមានយ៉ាងម៉ឺងម៉ាត់ដល់ប្រទេសណាមួយ ដែលគាំទ្រសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយបានបង្ហាញពីបណ្តុំនៃទណ្ឌកម្មថ្មី ដែលមានគោលបំណងបង្កើនការឈឺចាប់ផ្នែកសេដ្ឋកិច្ចរបស់ទីក្រុងមូស្គូ។
កិច្ចប្រជុំតាមអនឡាញរវាងមេដឹកនាំក្រុមប្រទេស G7 និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ត្រូវបានធ្វើឡើងចំពេលប្រារព្ធខួបលើកទីមួយនៃការឈ្លានពានរបស់រុស្ស៊ី ខណៈដែលសមាជិក G7 បានដាក់បន្ថែមទណ្ឌកម្មថ្មីលើទីក្រុងមូស្គូ និងអ្នកគាំទ្ររបស់ពួកគេ។
មេដឹកនាំ G7 បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា យើងអំពាវនាវឱ្យប្រទេសទីបី ឬតួអង្គអន្តរជាតិផ្សេងទៀតដែលស្វែងរកការគេចវេស ឬធ្វើឱ្យប៉ះពាល់ដល់វិធានការរបស់យើង បញ្ឈប់ការផ្តល់ជំនួយជាសម្ភារៈដល់សង្រ្គាមរបស់រុស្ស៊ី ឬត្រូវប្រឈមមុខនឹងការចំណាយដ៏ធ្ងន់ធ្ងរ។
សម្ព័ន្ធមិត្តរបស់អ៊ុយក្រែនបានព្យាយាមប្រើប្រាស់ទណ្ឌកម្ម និងបម្រាមពាណិជ្ជកម្ម ដើម្បីរារាំងសមត្ថភាពរបស់រុស្ស៊ីក្នុងការទទួលបានអាវុធបន្ថែម ឬផលិតវាក្នុងស្រុកដោយប្រើសមាសធាតុនាំចូល។ យ៉ាងណាមិញ សេចក្តីថ្លែងការណ៍របស់ G7 មិនបានបង្ហាញពីប្រទេសណាមួយដែលទំនងជាគាំទ្ររុស្ស៊ីនោះទេ។
ប៉ុន្តែអ៊ីរ៉ង់ត្រូវបានគេជឿជាក់ថា ជាអ្នកផ្គត់ផ្គង់យន្តហោះដ្រូនប្រយុទ្ធ និងគ្រាប់រំសេវសម្រាប់រថក្រោះ និងកាំភ្លើងធំដល់កងកម្លាំងរុស្ស៊ី។ ហើយថ្មីៗនេះសហរដ្ឋអាមេរិកក៏បានព្រមានដែរថា ចិនកំពុងថ្លឹងថ្លែងផ្តល់ជំនួយដល់រុស្ស៊ី ប៉ុន្តែការអះអាងនេះ ត្រូវបានប្រទេសចិនទាត់ចោល ហើយចោទត្រលប់ទៅទីក្រុងវ៉ាស៊ីនតោនវិញថា ជាអ្នកចាក់សាំងលើភ្លើងក្នុងសង្គ្រាមនៅអ៊ុយក្រែន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា