ធនាគារពិភពលោក (WB) ប្រកាសផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ២.៥ពាន់លានដុល្លារដល់អ៊ុយក្រែន
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) បានប្រកាសនៅថ្ងៃទី២៤ ខែកុម្ភៈនេះថា ខ្លួននឹងផ្តល់ហិរញ្ញប្បទានបន្ថែមចំនួន ២.៥ពាន់លានដុល្លារដល់អ៊ុយក្រែន ក្នុងគោលបំណងគាំទ្រដល់សេវាកម្មសំខាន់ៗ និងមុខងារសំខាន់ៗរបស់រដ្ឋាភិបាលទីក្រុងកៀវ ខណៈដែលសង្រ្គាមកំពុងផ្ទុះឡើងនៅក្នុងប្រទេសនេះ។
ការផ្តល់មូលនិធិនេះបានកើតមានឡើង មួយឆ្នាំបន្ទាប់ពីការលុកលុយរបស់រុស្ស៊ី ហើយអ្នកផ្តល់កម្ចីអភិវឌ្ឍន៍បានប្រមូលថវិកាសង្គ្រោះបន្ទាន់ជាង ២០.៦ពាន់លានដុល្លារសម្រាប់អ៊ុយក្រែនរហូតមកដល់បច្ចុប្បន្ន។ មូលនិធិនេះត្រូវបានផ្តល់ដោយទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហើយនឹងត្រូវបានបញ្ជូនទៅរដ្ឋាភិបាលអ៊ុយក្រែន បន្ទាប់ពីការផ្ទៀងផ្ទាត់ការចំណាយដែលមានសិទ្ធិដោយធនាគារ។
ស្របពេលជាមួយគ្នានេះដែរ ប្រធានធនាគារពិភពលោក (WB) លោក ដេវីដ ម៉ាល់ផាស់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីមកលើអ៊ុយក្រែន ពិភពលោកនៅតែបន្តឃើញពីការបំផ្លិចបំផ្លាញដ៏គួរឱ្យរន្ធត់ ដែលបានកើតឡើងលើប្រទេស និងប្រជាជនរបស់អ៊ុយក្រែន។
លោក ម៉ាល់ផាស់ បាននិយាយយ៉ាងដូច្នេះថា យើងនឹងបន្តគាំទ្រប្រជាជនអ៊ុយក្រែន តាមរយៈគម្រោងជួសជុលបន្ទាន់ និងការសម្របសម្រួលជាមួយរដ្ឋាភិបាលសម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារ និងកសាងឡើងវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា