មកទល់ពេលនេះរាជរដ្ឋាភិបាលចំណាយថវិកាជាង៩៦០ លានដុល្លារជួយជនងាយ រងគ្រោះដោយសារកូវីដ
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកា ជាង ៩៦០លានដុល្លារ អាមេរិក សម្រាប់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជន ងាយរងគ្រោះអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលក្នុងនោះមានប្រជាពលរដ្ឋជិត ២,៨ លាននាក់ បានទទួលពីការឧបត្ថម្ភនេះ ។
សេចក្តីជូនដំណឹងរបស់ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានឱ្យដឹងថាគិតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជាបានអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងជនងាយ រងគ្រោះក្នុងអំឡុងពេលប្រយុទ្ធជាមួយកូវីដ១៩ មានចំនួន១២ជុំ មាន៣២ លើកដោយ ក្នុងនោះរដ្ឋបានចំណាយទឹកប្រាក់ចំនួន ៩៦២,៩៧ លានដុល្លារ ។
ក្រសួងបន្តថា ក្នុងនោះចំនួនសមាជិកគ្រួសារសរុបដែលទទួលបានពីការឧបត្ថម្ភនេះ មានចំនួន ២ ៧៨៣ ៥៩១ នាក់នៃចំនួន៧០៥ ៦១៣ គ្រួសារ ។ ពលរដ្ឋដែលទទួលផល ក្នុងនោះកុមារចាប់ពីអាយុ ០-៥ ឆ្នាំ មានចំនួន១១០ ០២៥ នាក់ មនុស្សវ័យចាស់អាយុពី ៦០ ឆ្នាំឡើងទៅចំនួន ៣៨៧ ០៩៧ នាក់ជនមានពិការភាពចំនួន ៦០ ៦៩២ នាក់ព្រមទាំង ផ្តល់ជូនដល់គ្រួសារដែលមានជំងឺអេដស៍មានប្រមាណ ២ ០៣៧ នាក់ផងដែរ ។
សម្រាប់ការបើកផ្តល់ប្រាក់ឧបត្ថម្ភជុំទី១២ លើកទី២ ចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៣ រហូតដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២៣ ដែលមានរយៈពេល ៣០ថ្ងៃ សម្រាប់ទៅ ដកប្រាក់ ។
ព្រមជាមួយគ្នានេះដែរក្រសួងសង្គមកិច្ចស្នើសុំឱ្យអ្នកទទួលផលទាំងអស់ប្រើប្រាស់ ថវិកាដែលទទួលបានពីកម្មវិធីនេះឱ្យបានត្រឹមត្រូវ ដោយចៀសវាងការប្រើប្រាស់ក្នុង គោលបំណង បម្រើឱ្យ អបាយមុខផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់ការអនុវត្ត គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ការអន្តរាគមន៍ជំនួយជាសាច់ប្រាក់ នេះ ។
ក្រសួងសង្កត់ធ្ងន់ថា « ក្នុងករណីពិនិត្យរកឃើញមានអ្នកទទួលផលដែលប្រើប្រាស់ ខុសគោលដៅបែបនេះស្នើឱ្យអាជ្ញាធរមូលដ្ឋានធ្វើការអប់រំដល់អ្នកទទួលផលទាំងនោះ ជាលាយលក្ខណ៍អក្សរ ។ បើក្នុងករណីអ្នកទទួលផលទាំងនោះមិនរាងចាលនោះទេ មេឃុំចៅសង្កាត់ ត្រូវធ្វើការប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាក្នុងការធ្វើបច្ចុប្បន្នភាព បណ្ណក្រីក្រនោះឡើងវិញ » ។
អគ្គនាយកមូលនិធិជាតិជំនួយសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា លោក ឈួរ សុបញ្ញា ធ្លាប់បានពន្យល់ថាការឧបត្ថម្ភ សាច់ប្រាក់ដល់ ជនក្រីក្របានចែកចេញជា៣ ប្រភេទគឺជនក្រីក្រនៅទីប្រជុំជនក្នុងរាជធានីភ្នំពេញ ជនក្រីក្រនៅទីប្រជុំជនក្រៅរាជធានីភ្នំពេញ និងជនក្រីក្រនៅជនបទហើយគ្រួសារ នីមួយៗ នឹងទទួលបានសាច់ប្រាក់ទៅតាមទំហំគ្រួសារ ។
លោកថា ៖ « ជាមធ្យមនៅជនបទ ទទួលបាន២០ ម៉ឺន រៀល ក្នុង១ ខែសម្រាប់ ១ គ្រួសារ ។ ចំណែកអ្នកនៅទីក្រុងជាមធ្យម ៨០ ទៅ ១០០ ដុល្លារ ។ ការដែលផ្តល់នេះមិនមែន សុខៗ យើងឱ្យសាច់ប្រាក់ខុសគ្នាទេផ្តល់នេះផ្អែកលើមូលដ្ឋាននៃការសិក្សាលើ ប្រាក់ចំណូល ។ ការសិក្សានេះមានការចូលរួមពីធនាគារពិភពលោក និង ធនាគារអភិវឌ្ឍន៍អាស៊ី »៕ ដោយ: សុខ រក្សា