លោក ហ្សេលេនស្គី មានបំណងចង់ជួបជាមួយប្រធានាធិបតីចិន
កៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២៤ ខែកុម្ភៈនេះថ្លែងថា គាត់គ្រោងនឹងជួបជាមួយសមភាគីចិន លោក ស៊ី ជីនពីង បន្ទាប់ពីទីក្រុងប៉េកាំងបានអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពជាបន្ទាន់ ដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏បាននិយាយផងដែរថា គាត់បាននិងកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីការពារការផ្គត់ផ្គង់អាវុធរបស់ចិនដល់រុស្ស៊ី ដើម្បីបញ្ចៀសហានិភ័យណាមួយនៃសង្គ្រាមលោកលើកទី៣ “World War III”។ លោក ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មាននៅពេលដែលអ៊ុយក្រែនប្រារព្ធខួបមួយឆ្នាំ នៃការឈ្លានពានរបស់រុស្ស៊ីថា ខ្ញុំគ្រោងនឹងជួបជាមួយលោក ស៊ី ជីនពីង… ជំនួបនេះនឹងមានសារៈសំខាន់សម្រាប់សន្តិសុខពិភពលោក។
យ៉ាងណាមិញ លោក ហ្សេលេនស្គី មិនបានប្រាប់ថាពេលណា ឬកន្លែងណាដែលលោកគ្រោងជួបលោក ស៊ី នោះទេ ប៉ុន្តែបានសម្តែងក្តីសង្ឃឹមថាប្រទេសចិននឹងគាំទ្រសន្តិភាព និងប្រទេសអ៊ុយក្រែន។ លោកថា ខ្ញុំពិតជាចង់ជឿជាក់ថា ចិននឹងមិនផ្គត់ផ្គង់សព្វាវុធដល់រុស្ស៊ីទេ… វាមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ប្រទេសចិនបានអំពាវនាវឱ្យមានកិច្ចចរចាសន្តិភាពជាបន្ទាន់ ខណៈដែលខ្លួនបានបញ្ចេញផែនការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ ទន្ទឹមគ្នា មហាអំណាចលោកខាងលិចមួយចំនួនបានច្រានចោលសំណើនេះ ហើយក៏បានព្រមានប្រឆាំងនឹងទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងមូស្គូផងដែរ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា