ថៃជិតឈានដល់ថ្ងៃ បោះ ឆ្នោត ខណៈសេចក្ដីព្រាងច្បាប់ស្ដីពីកញ្ឆា ជាប់គាំង អនុម័តមិនចេញ
ថៃ៖ខណៈដែលប្រទេសថៃកំពុងឈានចូលដល់រដូវកាលបោះឆ្នោត ច្បាប់ស្តីពីកញ្ឆាឯណោះវិញ ស្ថិតនៅជាប់គាំង មិនទាន់អាចអនុម័តទៅរួច ។ដូច្នេះហើយ ភាពចម្រូងចម្រាសជុំវិញបញ្ហាការធ្វើនីត្យានុកូលកម្មកាលពីឆ្នាំមុន នឹងក្លាយជាបញ្ហាក្នុងពេលយុទ្ធនាការបោះឆ្នោត ចំពេលដែលមានការកើនឡើងខ្លាំងនៃការលក់ និងការប្រើប្រាស់ផលិតផលកញ្ឆាពាសពេញផ្ទៃប្រទេស។
នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ សភាថៃបានបិទបញ្ចប់សម័យប្រជុំចុងក្រោយរបស់ខ្លួនលើសេចក្តីព្រាងច្បាប់ស្តីពីកញ្ឆាមុនថ្ងៃបោះឆ្នោតឈានមកដល់ ពោលគឺនៅថ្ងៃទី៧ ខែឧសភា ខាងមុខនេះ ប៉ុន្តែសភាថៃនៅតែមិនទាន់អាចអនុម័តយល់ព្រមលើសេចក្តីព្រាងច្បាប់ស្តីពីកញ្ឆានៅឡើយទេ ដែលធ្វើឱ្យប្រទេសថៃគ្មានច្បាប់ជាមូលដ្ឋានដើម្បីគ្រប់គ្រងការប្រើប្រាស់សារធាតុមួយនេះនោះទេ។
គួរដឹងដែរថា កាលពីឆ្នាំមុន ប្រទេសថៃបានក្លាយជាប្រទេសអាស៊ីអាគ្នេយ៍ដំបូងគេដែលបានធ្វើនីត្យានុកូលកម្ម ឬការផ្ដល់ភាពស្របច្បាប់ដល់ការប្រើប្រាស់កញ្ឆា ប៉ុន្តែរយៈពេលមួយសប្តាហ៍បន្ទាប់ពីសេចក្ដីសម្រេចនោះ ថៃបានដាក់ចេញបទប្បញ្ញត្តិយ៉ាងប្រញាប់ប្រញាល់ដើម្បីទប់ស្កាត់ការប្រើប្រាស់ដែលមិនបានត្រួតពិនិត្យត្រឹមត្រូវ ជាពិសេសគឺកុមារ។
គួរកត់សម្គាល់ថា ហាង និងអាជីវកម្មកញ្ឆារាប់ពាន់កន្លែងបានលេចរូបរាងឡើងក្នុងទីក្រុងបាងកក និងកន្លែងទេសចរណ៍នានា ដែលភាគច្រើនបានបើកដំណើរការភ្លាមៗបន្ទាប់ពីរយៈពេលប៉ុន្មានសប្តាហ៍ក្រោយការធ្វើនីត្យានុកូលកម្មលើកញ្ឆា។
អ្នកវិភាគមួយចំនួនបានយល់ឃើញថា ដំណើរឆ្ពោះទៅរកការអនុម័តច្បាប់ស្តីពីកញ្ឆា ដែលត្រូវបានឆ្លងកាត់ការត្រួតពិនិត្យដោយសភាលើកទីមួយកាលពីខែមិថុនាកន្លងទៅ បានក្លាយជាបញ្ហាដែលពាក់ព័ន្ធនឹងនយោបាយកាន់តែស៊ីជម្រៅក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ ការណ៍នេះបានឆ្លុះបញ្ចាំងពីផ្នត់គំនិតប្រឆាំងគ្រឿងញៀនដែលអាចនឹងមានផលប៉ះពាល់ដល់ប្រទេសថៃក្នុងរយៈពេលយូរទៅថ្ងៃអនាគត។
គណបក្សមោទនភាពថៃ ឬ ភូមចៃថៃ (Bhumjaithai Party) ដែលទទួលបានជោគជ័យក្នុងការជំរុញឱ្យមានភាពស្របច្បាប់ក្នុងការប្រើប្រាស់កញ្ឆា និងធ្វើយុទ្ធនាការលើបញ្ហានេះអំឡុងពេលសម័យកាលបោះឆ្នោតឆ្នាំ២០១៩ ត្រូវបានទទួលរងការរិះគន់ពីគណបក្សប្រឆាំង និងគណបក្សដៃគូចម្រុះរបស់ខ្លួនមួយចំនួនក្នុងជួររដ្ឋាភិបាលផងដែរ។
គណបក្សដើម្បីប្រជាជនថៃ ឬភឿថៃ (Pheu Thai Party) ជាគណបក្សប្រឆាំងដែលមានប្រជាប្រិយភាពនាំមុខគេ និងរំពឹងខ្ពស់ក្នុងការជាប់ឆ្នោតក្លាយជានាយករដ្ឋមន្ត្រីនាពេលខាងមុខ។ គណបក្សនេះបានលើកឡើងថា ការប្រើប្រាស់កញ្ឆាជាការកំសាន្តបានបង្កការគំរាមកំហែងដល់សង្គម ជាពិសេសគឺយុវជនតែម្ដង។ អ្នកនាំពាក្យគណបក្សភឿថៃ លោក Trichada Sritada បានថ្លែងថា «គណបក្សភឿថៃគាំទ្រតែការប្រើប្រាស់កញ្ឆាសម្រាប់គោលបំណងវេជ្ជសាស្រ្តតែប៉ុណ្ណោះ»។
លោក Satit Wongnongtoey សមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ (Democrat Party) ដែលជាដៃគូចង់សម្ព័ន្ធជាមួយគណបក្ស ភូមចៃថៃ បានលើកឡើងថា ការផ្ដល់ភាពស្របច្បាប់ដល់ការប្រើប្រាស់កញ្ឆាដោយគ្មានច្បាប់ត្រឹមត្រូវ គឺជាកំហុសមួយ ហើយលោកបានប្តេជ្ញាថានឹងដោះស្រាយបញ្ហានេះបន្ទាប់ពីបោះឆ្នោតរួចនាពេលខាងមុខ។ លោក បន្ត ថា គណបក្ស របស់ លោក គាំទ្រ ការ ប្រើ ប្រាស់កញ្ឆាក្នុងគោលបំណងធ្វើ ថ្នាំ ពេទ្យ តែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ សមាជិកជាន់ខ្ពស់របស់គណបក្សភូមចៃថៃ លោក Supachai Jaisamut បានឱ្យដឹងថា គណបក្សរបស់លោកកំពុងគ្រោងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់សភាសារជាថ្មីដើម្បីចាប់ផ្តើមដំណើរការឡើងវិញនៅក្នុងសភាបង្កើតថ្មីបន្ទាប់ពីការបោះឆ្នោតនាពេលខាងមុខរួច។ លោក បាន មានប្រសាសន៍ ថា « ប្រសិន បើ មាន ច្បាប់ កញ្ឆា យើង អាច គ្រប់គ្រង វា បាន ១០០ ភាគរយ ។ ប៉ុន្តែ ជាមួយ នឹង អ្វី ដែល យើង មានបច្ចុប្បន្ននេះ គឺយើង អាច គ្រប់គ្រង វា បាន ៧០ ភាគរយ រួចទៅ ហើយ»។
អត្ថបទ៖ ធា សុណា