ឯកឧត្តម ឌិត ទីណា ៖ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថលក្នុងវិស័យកសិកម្មធានាបាននូវផលិតភាព និងទីផ្សារ
ភ្នំពេញ ៖ ការអភិវឌ្ឍផ្នែកព័ត៌មានវិទ្យាក្នុងវិស័យកសិកម្មនឹងជួយដល់ការធានានូវផលិតភាព និងទីផ្សារកសិផល ព្រោះថា ព័ត៌មានផ្នែកឌីជីថលនឹងជួយបានយ៉ាងច្រើនសម្រាប់វិស័យកសិកម្ម ។
ក្នងពិធីបើកសិក្ខាសាលា ស្តីពីការប្រកាសចាប់ផ្តើមអនុវត្តកម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម នៅសណ្ឋាគារភ្នំពេញ កាលពីព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ការអភិវឌ្ឍផ្នែកព័ត៌មានវិទ្យាក្នុងវិស័យកសិកម្មនឹងជួយដល់ការធានានូវផលិតភាព និងទីផ្សារកសិផល ព្រោះថាព័ត៌មានផ្នែកឌីជីថលនឹងជួយបានយ៉ាងច្រើនសម្រាប់វិស័យកសិកម្ម។
កម្មវិធីគាំទ្រសេដ្ឋកិច្ចជនបទ និងពាណិជ្ជកម្មផលិតផលកសិកម្ម (ASPIRE-AT) គឺជាគម្រោងដ៏មានមហិច្ឆតាមួយ ដែលជាឆ្លុះបញ្ចាំងឱ្យឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍ និងធ្វើទំនើបកម្មវិស័យកសិកម្មខ្នាតតូច ក៏នឹងបង្កើតទីផ្សារនាំចេញ ដើម្បីបង្កើនចំណូលអ្នកផលិត និងពលករជនបទ ដើម្បីឈានទៅធ្វើពាណិជ្ជកម្មខ្សែច្រវាក់កសិផលសំខាន់ៗ ៖ ដូចជា បន្លែ មាន ស្វាយ ចន្ទី ផ្លែឈើស្រស់ ដំឡូងមី និងផលិតផលផ្លែឈើកែច្នៃ ។ កម្មវិធីនេះ មានគោលបំណងជួយកសាងសមត្ថភាពកសិករខ្នាតតូចក្រីក្រប្រហែល ១០០ ០០០នាក់ និងគ្រួសារគ្មានដី ឬគ្រួសារក្រីក្រប្រហែល ២៥ ០០០គ្រួសារ ដែលមានសក្តានុពលក្នុងការទាញយកអត្ថប្រយោ ជន៍ពីទីផ្សារនាំចេញទៅក្រៅប្រទេស និងទីផ្សារក្នុងស្រុក សម្រាប់កសិផល ផលិតផលកសិកម្ម និងបសុសត្វ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់កម្មវិធី ASPIRE-AT ដែលមានទឹកប្រាក់សរុបចំនួន ១៩៤លានដុល្លារអាមេរិក ដែលពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះ បានប្រព្រឹត្តទៅនាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្តាលរបស់ IFAD នាទីក្រុងរ៉ូម ប្រទេសអ៉ីតាលី រវាងឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក Alva ro Lario ប្រធាន IFAD ៕. លោក កែ ផុស