កាណាដាបញ្ជូនរថក្រោះខ្លារខិនបួនគ្រឿងដល់អ៊ុយក្រែន ហើយប្រកាសដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពរុស្ស៊ីជិត២០០បន្ថែមទៀត
តូរុនតូ៖ នាយករដ្ឋមន្រ្តីកាណាដា លោក ចាស្ទីន ទ្រូដូ បានប្រកាសនៅថ្ងៃទី២៤ ខែកុម្ភៈនេះថា ប្រទេសរបស់គាត់កំពុងបញ្ជូនរថក្រោះប្រយុទ្ធចំនួន៤គ្រឿងបន្ថែមទៀតទៅកាន់អ៊ុយក្រែន ដែលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនទ្វេដង ហើយថែមទាំងដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពរុស្ស៊ីចំនួន១៩២បន្ថែមទៀត។
លោក ទ្រូដូ បានប្រាប់សន្និសីទសារព័ត៌មានមួយ ចំថ្ងៃខួបមួយឆ្នាំនៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនថា កាណាដាបានឈរនៅក្នុងសាមគ្គីភាពជាមួយអ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ… ហើយយើងនឹងបន្តធ្វើដូច្នេះ។
បើតាមការិយាល័យរបស់នាយករដ្ឋមន្រ្តីកាណាដា រថក្រោះខ្លារខិន Leopard 2 ផលិតដោយអាល្លឺម៉ង់ចំនួន៤គ្រឿងត្រូវបានបញ្ជូនទៅកាន់ប្រទេសប៉ូឡូញ ជាទីដែលទាហានអ៊ុយក្រែនកំពុងទទួលការបណ្តុះបណ្តាលលើការប្រើប្រាស់ពួកវា។ បន្ថែមពីលើរថក្រោះ Leopard 2 នេះ កាណាដាក៏កំពុងបញ្ជូនរថពាសដែក និងគ្រាប់រំសេវផងដែរ។
ចំណែកទណ្ឌកម្មថ្មីរបស់កាណាដាវិញ បានផ្តោតលើសមាជិកសភារុស្ស៊ី ដែលបានគាំទ្រការលុកលុយលើអ៊ុយក្រែន រួមទាំងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងមន្រ្តីផ្សេងទៀតនៅក្នុងការិយាល័យរបស់លោក ពូទីន, វិស័យយោធា និងការពារជាតិ ក៏ដូចជាសមាជិកគ្រួសារនៃបុគ្គលដែលមានឈ្មោះរួចហើយនៅក្នុងបញ្ជីទណ្ឌកម្មរបស់ប្រទេសកាណាដា៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា