ប្រមុខការទូតអាមេរិក ៖ សន្តិភាពណាមួយដែលផ្តល់ភាពស្របច្បាប់ដល់ការឈ្លានពានរបស់រុស្ស៊ី នឹងធ្វើឱ្យធម្មនុញ្ញ អ.ស.ប ចុះខ្សោយ
វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន នៅថ្ងៃទី២៤ ខែកុម្ភៈនេះថ្លែងថា សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច ក្នុងកិច្ចខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន ប៉ុន្តែអ្វីដែលសំខាន់ គឺធម្មជាតិនៃសន្តិភាពដែលជារឿងសំខាន់បំផុត។
លោក ប្លីងគែន បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ថា សហរដ្ឋអាមេរិកបានបញ្ជាក់ជាយូរមកហើយ សូម្បីតែមុនសង្រ្គាមផ្ទុះឡើងថា យើងបានត្រៀមខ្លួន ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងការទូតដ៏មានន័យណាមួយ សំដៅបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។ ប៉ុន្តែប្រវត្តិសាស្ត្របង្រៀនយើងថា វាជាធម្មជាតិនៃសន្តិភាពដែលជារឿងសំខាន់បំផុត។
ប្រមុខការទូតអាមេរិករូបនេះ បានសង្កត់ធ្ងន់ទៀតថា សន្តិភាពណាមួយដែលផ្តល់ភាពស្របច្បាប់ដល់ការឈ្លានពានរបស់រុស្ស៊ី នឹងធ្វើឱ្យធម្មនុញ្ញអង្គការសហប្រជាជាតិចុះខ្សោយ ហើយថា UNSC គួរតែបដិសេធការអំពាវនាវឱ្យមានសន្តិភាពនៅអ៊ុយក្រែន ពីសំណាក់ប្រទេសដែលគាំទ្រប្រតិបត្តិការយោធារបស់រុស្ស៊ី។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃសុក្រសប្តាហ៍នេះ ប្រទេសចិនបានចេញផ្សាយឯកសារមួយដែលមាន១២ចំណុចមានចំណងជើងថា “ជំហររបស់ចិនលើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” ដែលផ្សព្វផ្សាយក្នុងចំណោមរឿងផ្សេងទៀត មានដូចជាការគោរពអធិបតេយ្យភាពនៃប្រទេសទាំងអស់, ការបញ្ឈប់អរិភាព និងការបន្តការចរចាសន្តិភាពរវាងទីក្រុងមូស្គូ និងទីក្រុងកៀវ៕ ប្រភព៖ Sputniknews ប្រែសម្រួលដោយ៖ ទីណា