ក្រសួងទេសចរណ៍ កំពុងជំរុញការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ត្រៀមទទួលទេសចរចិន ឆ្នាំ២០២៣

អត្ថបទដោយ៖
CPA

ភ្នំពេញ:
ក្រសួងទេសចរណ៍ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលជនបង្គោល និងអ្នកវាយតម្លៃនៃប្រព័ន្ធវាយតម្លៃ China Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ដើម្បីបញ្ជាក់គុណភាពសេវាកម្មទេសចរណ៍ទទួលទេសចរចិន និងត្រៀមទទួលទេសចរចិន ឆ្នាំ២០២៣នេះ។

ឯកឧត្តម ណេប សាមុត អគ្គនាយកគ្រប់គ្រងឧស្សាហកម្មទេសចរណ៍ និងជាប្រធានគណៈកម្មការវាយតម្លៃប្រព័ន្ធបញ្ជាក់កម្រិតគុណភាពសេវាកម្មទេសចរណ៍ China Ready បានលើកឡើងថា ក្រោយពីការកាត់បន្ថយនូវរបាំងនៃការធ្វើដំណើរនានា រួមជាមួយការគ្រប់គ្រងបានយ៉ាងល្អរបស់រាជរដ្ឋាភិបាលកម្ពុជា បានចូលរួមជំរុញកំណើននៃការធ្វើដំណើររបស់ភ្ញៀវទេសចរផ្ទៃក្នុង និងការមកដល់របស់ទេសចរអន្តរជាតិ ជាពិសេសកំណើននៃការតភ្ជាប់ឡើងវិញនូវជើងហោះហើរពីទីផ្សារចិនចូលមកកម្ពុជាចាប់តាំងពីខែមករា ឆ្នាំ២០២៣មក ដែលជាសញ្ញាណវិជ្ជមាននៃការងើបឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា។

ឯកឧត្តមបានបញ្ជាក់ដូច្នេះថា ៖«គោលបំណងសំខាន់របស់សិក្ខាសាលានាពេលនេះ គឺផ្សព្វផ្សាយ និងបណ្តុះបណ្តាលពី China Ready ដើម្បីឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមពង្រឹងគុណភាពសេវាកម្មទេសចរណ៍ទទួលទេសចរចិន ជាពិសេសការចូលរួមរបស់មន្ទីរទេសចរណ៍ទាំង២៥រាជធានី-ខេត្ត និងមន្ត្រីជំនាញក្រសួងទេសចរណ៍ ដើម្បីជំរុញឱ្យគ្រប់អាជីវកម្មទេសចរណ៍ដែលទទួលទេសចរចិនទាំងអស់ ចូលរួមក្នុងការដាក់ពាក្យស្នើសុំការវាយតម្លៃតាមរយៈប្រព័ន្ធវាយតម្លៃ China Reay Accreditation System»។

ឯកឧត្តមបានបន្ថែមថា ប្រធានបទសម្រាប់វគ្គបណ្តុះបណ្តាលនាពេលនេះ មានសារៈសំខាន់ខ្លាំងណាស់ ដូចនេះសិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ស្តាប់ និងទទួលយកបទពិសោធន៍ពីវាគ្មិនពាក់ព័ន្ធ ជាពិសេសប្រធានបទទាក់ទងទៅនឹង យុទ្ធសាស្ត្រសៀវភៅស ស្តីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា ស្តង់ដាវាយតម្លៃអប្បបរមា និងលក្ខណៈវិនិច្ឆ័យទាំង៧ សម្រាប់បញ្ជាក់គុណភាព និងត្រៀមទទួលទេសចរចិន និង ការស្នើសុំការវាយតម្លៃបញ្ជាក់កម្រិតគុណភាពទទួលស្គាល់សេវាកម្មទេសចរណ៍ China Ready Accreditation System” ជាដើម។

សមាគមទេសចរណ៍ កម្ពុជា អះអាងថា សន្ទុះនៃ ភ្ញៀវទេសចរចិន ធ្វើដំណើរ ចូល មក ប្រទេស កម្ពុជា មាន កំណើន គួរ ឱ្យ កត់ សម្គាល់ បើទោះបី បញ្ហា តម្លៃ សំបុត្រ យន្តហោះ និង ជើង ហោះហើរ ត្រង់ រវាង កម្ពុជា -ចិន នៅបន្ត ចោទ ជាបញ្ហា បន្តិច យ៉ាងណាក្តី
ខណៈដែលលំហូរ ភ្ញៀវទេសចរ ចិន នឹង បន្ត ចាប់ យកប្រទេស កម្ពុជា ជាទិស ដៅធ្វើ ដំណើរ កម្សាន្ត កាន់ ខ្លាំង បន្ថែម ទៀត នាពេល ខាងមុខ។

លោក ហូ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានប្រាប់ថា ភ្ញៀវទេសចរចិននៅតែធ្វើដំណើរមកកម្ពុជាជាបន្តបន្ទាប់ គិតពីដើមខែមករាមក ខណៈភាគច្រើននៃភ្ញៀវទេសចរចិនទាំងអស់ ពួកគេធ្វើដំណើរទៅកាន់ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។

លោក ហូ វណ្ណឌី បានបញ្ជាក់ថា៖«កំណើននាពេលនេះ មិនទាន់អាចវាយតម្លៃជារួមបានថា នឹងមានស្ថានភាពល្អប្រសើរនៅឡើយ ប៉ុន្តែខាងសមាគមបានដាក់ក្តីរំពឹងថា ចំនួនភ្ញៀវទេសចរចិនអាចនឹងមានសន្ទុះធ្វើដំណើរចូលមកប្រទេសកម្ពុជាបានកាន់តែច្រើននាពេលខាងមុខ »។
គួររំឮកថា កាលពីថ្ងៃទី៧ខែកុម្ភៈ កន្លងទៅកម្ពុជាទទួលស្វាគមន៍ភ្ញៀវទេសចរចិននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលមានអ្នកដំណើរចំនួន១២៥នាក់ដែលមានជើងហោះហើរ ចេញពីរដ្ឋធានីប៉េកាំងមកកាន់រាជធានីភ្នំពេញ ដោយមានការចូលរួមពី ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផងដែរ។ ការធ្វើដំណើរមកកម្ពុជានេះ ដោយសារតែ ចាប់ពីថ្ងៃទី៦ខែកុម្ភៈមក ប្រទេសចិនបានបើកដំណើរការសារជាថ្មីនូវក្រុមហ៊ុនទេសចរណ៍ទូទាំងប្រទេសនិងក្រុមហ៊ុនទេសចរណ៍តាមអ៊ីនធើណេតដែលមានការរៀបចំដំណើរទេសចរណ៍ជាក្រុម ក៏ដូចជាសេវាកម្ម សំបុត្រយន្តហោះ បូករួមនឹងសណ្ឋាគារ សម្រាប់ប្រជាជនចិនដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជា។

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានឱ្យដឹងថា «បន្ទាប់ពីការមកដល់របស់ភ្ញៀវទេសចរចិនលើកដំបូងនេះ យើងនឹងប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់ ក្នុងឆ្នាំ២០២៣នេះ»។

នាឱកាសនោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអំពាវនាវដល់ប្រតិបត្តិករទេសចរណ៍ មូលដ្ឋានអាជីវកម្មក្នុងវិស័យទេសចរណ៍ អ្នកបម្រើការក្នុងវិស័យទេសចរណ៍ ត្រូវអនុវត្តតាមគោលការណ៍ដែលមានស្រាប់ ដើម្បីទទួលបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរឱ្យបានត្រឹមត្រូវ ខណៈទីផ្សារទេសចរចិនគឺជាទីផ្សារធំសម្រាប់តែកម្ពុជា និងពិភពលោក។

ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសុទិដ្ឋិនិយមថា «ការធ្វើរដំណើរទេសចរចិនមកកម្ពុជានឹងកើនឡើងជាលំដាប់ចាប់ពីខែមីនា ឆ្នាំ២០២៣នេះ»។

គួរជម្រាបថា ក្នុងខែមករា ឆ្នាំ២០២៣ កម្ពុជាទើបទទួលបានទេសចរអន្តរជាតិប្រមាណ៤០ម៉ឺននាក់ ក្នុងនោះក៏មានទេសចរចិនប្រមាណ២៥ ០០០នាក់ដែរ ដែលមានការកើនឡើង៩០១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងខែមករានោះដែរ ជើងហោះហើរដែលចូលមកដល់កម្ពុជាមានចំនួនសរុប ១ ៦៤៨ ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបាន១ ១៧៨ជើង។ ក្រសួងទេសចរណ៍បានដាក់ចេញនូវ ផែនការសកម្មភាព China-Ready ឆ្នាំ២០២៣ ដែលជាចំណែកមួយនៃការត្រៀមទទួលទេសចរចិន ដែលជាទិសដៅ ប្រមាណ ៨០ម៉ឺន ទៅ ១ លាននាក់៕
ដោយ: វណ្ណ សុជាតា

ads banner