នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖ មនុស្ស ៦០នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២៤ កុម្ភៈ
ភ្នំពេញ ៖ ជនសង្ស័យចំនួន ៦០នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ប្រាប់ដល់បណ្តាញព័ត៌មាន ឱ្យដឹងនៅថ្ងៃទី២៥ ខែកុម្ភ:នេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ រូបនេះ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៦០នាក់នោះ មាន ២០នាក់ ត្រូវបានឃាត់ខ្លួននៅក្នបទល្មើសព្រហ្មទណ្ឌ ១៥ករណី និងជនសង្ស័យ ៤០នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសគ្រឿងញៀន ១៤ករណី។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។
ជាចុងក្រោយនេះ លោក ក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក “៣កុំ ១រាយការណ៍” គឺមានន័យថា “កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង ក្នុងបទល្មើសនានា និងជួយរាយការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗ” ដែលកើតមាននៅក្នុងមូលដ្ឋានរបស់ខ្លួន ជូនមកកាន់កម្លាំងសមត្ថកិច្ច៕
ដោយ៖ ឆៃហួត និងប៊ុនធី