លោកជំទាវ ម៉ែន សំអន ៖ ពលរដ្ឋគ្រប់រូប ត្រូវរួមគ្នាកសាង និងថែរក្សាសមិទ្ធិផលព្រះពុទ្ធសាសនា ក្រោមម្លប់នៃសុខសន្តិភាព
កំពង់ស្ពឺ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីបុណ្យឆ្លងមហាប្រាសាទទេវពលី និងសមិទ្ធផលផ្សេងៗ នៅក្នុងមជ្ឍមណ្ឌលវប្បធ៌មព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពី នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ។
លោកជំទាវក៏បានពាំនាំការផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចទាំងទ្វេតែងតែមានមនោសញ្ចេតនាស្រលាញ់រាប់អាននិងរួមសុខទុក្ខ ជាមួយបងប្អូនជនរួមជាតិទាំងអស់ និងជួយដោះស្រាយទុក្ខលំបាកសព្វបែបយ៉ាងគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា។
លោកជំទាវមបន្តថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រែក្លាយប្រទេសពីសង្គ្រាម មកជាប្រទេសដែលមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃសុខសន្តិភាព ទទន្ទឹមគ្នាគ្នានោះផងដែរ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអនុញ្ញាតិឲ្យប្រជាពលរដ្ឋទាំងអស់គ្នាប្រារព្ធ ពិធីសាសនាដ៏ធំនាពេលនេះ ដែលកើតចេញពីសទ្ធាជ្រះថ្លារបស់ពុទ្ធសាសនិកគ្រប់រូប ។
លោកជំទាវក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូបត្រូវរួមគ្នា ថែរក្សានូវសមិទ្ធិផល ព្រះពុទ្ធសាសនាឲ្យនៅគង់វង្សឋិតឋេរ សម្រាប់ទកជាទីកន្លែងសក្ការៈនៃពុទ្ធបរិស័ទយេីង ក្រោមម្លប់នៃសុខសន្តិភាព ។ ជាចុងក្រោយ ក៏មានពិធីរាប់បាត្រព្រះសង្ឃចំនួន ១០៨អង្គជាកិច្ចបង្ហេីយបុណ្យផងដែរ៕ ដោយ វ៉េង លីមហួត