អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ ការបិទវិទ្យុ វីអូឌី អត់មានប៉ះពាល់ដល់ដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ទេ

ភ្នំពេញ៖ លោក សួន សេរីរដ្ឋា ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា និងជាអ្នកតាមដានព្រឹត្តិការណ៍នយោបាយ បានឆ្លើយតបទៅនឹងការផ្សព្វផ្សាយរបស់វិទ្យុបរទេសជាភាសាខ្មែរ ដែលគេសរសេរអត្ថបទទាក់ទងនឹងការបិទវិទ្យុវីអូឌី ដែលគេព្រមានថា មានអ្នកជំនាញលើកឡើងអំពីផលប៉ះពាល់ដល់ការបោះឆ្នោតឆ្នាំក្រោយ ដែលគេចង់សំដៅទៅលើការបោះឆ្នោតថ្នាក់ជាតិ នីតិកាលទី៧ ដែលនឹងរៀបចំនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ លោកមើលឃើញថា វាអត់មានអ្វីជាផលប៉ះពាល់អីទេ ពីព្រោះដូចលោកបានធ្លាប់លើកឡើងហើយកាលពីមុន គេថា អត់មានគណបក្សសង្គ្រោះជាតិ អត់មានលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សទេ ការបោះឆ្នោតមិនអាចយកជាការ ប៉ុន្តែដល់ពេលអត់មានគណបក្សហ្នឹងនៅតែមានគណបក្សនយោបាយយ៉ាងច្រើនផ្សេងទៀតបានចូលរួមប្រកួតប្រជែងការបោះឆ្នោត។ ការបោះឆ្នោតនៅកម្ពុជានៅតែបន្តធ្វើតាមរបៀបប្រជាធិបតេយ្យ សេរី ពហុបក្ស គោរពតាមច្បាប់រដ្ឋធម្មនុញ្ញដែលមានចែង។ ដូច្នេះរឿងនេះ ដូចគ្នាដែរគេលើកឡើងថា ការបិទវិទ្យុ វីអូឌី នឹងធ្វើប៉ះពាល់ដល់ការបោះឆ្នោតនៅឆ្នាំក្រោយ លោកក៏មើលមិនឃើញថា មានការប៉ះពាល់អីដែរ ពីព្រោះក្រៅពី វីអូឌី នៅមានបណ្តាញសារព័ត៌មានជាតិ អន្តរជាតិច្រើនទៀតរាប់សិបរាប់រយស្ថាប័ន ដែលបានធ្វើការតាមដានព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានពីកម្ពុជា ជាពិសេសគឺនៅក្នុងពេលបោះឆ្នោតនេះតែម្ដង គឺថាមានភ្នាក់ងារសារព័ត៌មានបរទេសច្រើនណាស់ រួមទាំងអ្នកអង្កេតការណ៍ ស្ថាប័ន អង្គការបរទេសផង ដែលបានចូលមកធ្វើការអង្កេតការបោះឆ្នោតនៅកម្ពុជា។ អ៊ីចឹងទោះបីមាន វីអូឌី ឬមិនមានវាអត់សំខាន់ទេ ប៉ុន្តែសំខាន់បំផុត គឺស្មារតីឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជា គឺមានឆន្ទៈនៅក្នុងការរៀបចំការបោះឆ្នោតតាមច្បាប់ដែលបានកំណត់នៅក្នុងរដ្ឋធម្មនុញ្ញ ហើយគោរពឱ្យបាននូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចែងនៅក្នុងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។

លោក សេរីរដ្ឋា បានបន្តថា កង្វល់របស់ពួកគេ ឬគេហៅខ្លួនឯងថាជាអ្នកជំនាញថា បើសិនជាគ្មាន វីអូឌី ការបោះឆ្នោតនោះធ្វើឱ្យបាត់បង់ជំនឿ លែងមានការទទួលស្គាល់អ្វីគ្រប់បែបយ៉ាង លោកយល់ថា ពួកគេកំពុងតែខ្វាយខ្វល់អំពីការដែលអត់មានប្រព័ន្ធផ្សព្វផ្សាយជួយឃោសនាគណបក្សនយោបាយដែលពួកគេគាំទ្រផ្កាប់មុខទៅវិញទេ ពីព្រោះយើងឃើញការពិតជាក់ស្តែងនៅក្នុងប្រទេសកម្ពុជារបស់យើង រៀងរាល់ការបោះឆ្នោត ទោះបីជាវិទ្យុជាតិ ទូរទស្សន៍ជាតិ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការចែករំលែកម៉ោងពេលវេលាសម្រាប់ឱ្យគ្រប់គណបក្សនយោបាយទាំងអស់ប្រើប្រាស់ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតក៏ដោយ ប៉ុន្ដែក្រុមគណបក្សដែលគាំទ្រដោយបរទេស គឺតែងតែប្រើបណ្ដាញសារព័ត៌មានវិទ្យុផ្សាយសំឡេងរបស់បរទេសជួយឃោសនាបន្តបន្ថែម ហើយជាពិសេស គឺយើងឃើញហើយក្រុមប្រទេសផ្តល់ជំនួយដែលលម្អៀងទៅគណបក្សដែលពួកគេគាំទ្រនោះ គឺថាគេប្រើរូបភាពជាជំនួយរបស់អង្គការសង្គមស៊ីវិល ឬអង្គការអង្គភាពសារព័ត៌មានឯករាជ្យ ប៉ុន្តែគេគ្រាន់តែប្រើពាក្យឯករាជ្យនេះ ជាកន្ទបដើម្បីបិទបាំងនូវទង្វើលម្អៀងរបស់ពួកគេដែលយកលុយរាប់លានដុល្លារដើម្បីពង្រឹងអង្គការដែលពួកគេជួយសម្រាប់ឱ្យធ្វើនយោបាយលាក់មុខ ដើម្បីជួយឃោសនាឱ្យគណបក្សនយោបាយដែលពួកគេគាំទ្រតែប៉ុណ្ណោះ។ អ៊ីចឹងអ្វីដែលវានឹងប៉ះពាល់ហ្នឹង លោកជឿថាប៉ះពាល់ហើយ ក៏ប៉ុន្តែមិនមែនប៉ះពាល់ដល់ការបោះឆ្នោតនៅកម្ពុជានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ហើយក៏វាមិនបានប៉ះពាល់ដល់ដំណើរការនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជាដែរ ប៉ុន្តែវាប៉ះពាល់ដល់ក្រុមពួកគេ ដែលគណបក្សពួកគេគាំទ្រនោះវាលែងមានសំឡេងជួយស្រែកបន្ទរ លែងមានសំឡេងជួយបំភ្លើសបំភ្លៃព័ត៌មានដើម្បីបញ្ជេះកំហឹងឱ្យស្អប់គុំកួន និងឱ្យដកសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាល ពីព្រោះកន្លងមកវិទ្យុនេះ អត់បានដើរតួនាទីឯករាជ្យ ផ្អែកលើច្បាប់ ផ្អែកលើវិជ្ជាជីវៈសារព័ត៌មានទេ។ វិទ្យុនេះ គឺបានព្យាយាមធ្វើខ្លួនឯងឱ្យទៅជាឯករាជ្យម្ចាស់ការ គ្មានច្បាប់ គ្មានទម្លាប់ ហើយរឿងរ៉ាវគ្រប់សព្វបែបយ៉ាងទាំងអស់ គឺតែងតែឆ្កឹះរឿងតូចឱ្យទៅជារឿងខុស ធ្វើឱ្យដំបោះក្រៀមក្លាយទៅជាដំបៅហើមស្អុយ ដើម្បីធ្វើយ៉ាងណាឱ្យប្រជារាស្ត្រ ឱ្យប្រជាពលរដ្ឋមើលឃើញថា ការដឹកនាំរបស់រដ្ឋាភិបាល គឺអាក្រក់ណាស់ ហើយរដ្ឋាភិបាលនឹងមិនចេះយកចិត្តទុកដាក់អំពីសុខទុក្ខរបស់ប្រជារាស្ត្រខ្លួនឯង។ ប៉ុន្តែផ្ទុយទៅវិញរាល់ទង្វើល្អ និងលទ្ធផលល្អដែលរាជរដ្ឋាភិបាលសម្រេចបាន គេមិនដែលយកទៅផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋដឹងទេ។ អ៊ីចឹងគេសហការគ្នាជាមួយនឹងគណបក្សនយោបាយដែលពួកគេគាំទ្រដែលមានចៅហ្វាយបរទេស ដែលមានបង្អែកបរទេសនៅពីក្រោយ ដើម្បីលៃលកធ្វើយ៉ាងណាដែលគេនិយាយភាសាតែមួយក្នុងបេសកកម្មជាមួយនឹងសកម្មភាពតែមួយ អ៊ីចឹងគឺថាគេប្រើភាសាសម្រាប់រិះគន់វ៉ៃប្រហារមកលើរាជរដ្ឋាភិបាល។ ក្នុងបេសកកម្មដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យខឹងស្អប់រដ្ឋាភិបាលនឹងប្រមូលផ្តុំសកម្មភាពតវ៉ាគ្រប់រូបភាពដើម្បីគាំទ្រគ្នាទៅវិញទៅមក។ អ៊ីចឹងគឺយើងឃើញ បើសិនជាមានសកម្មជនគណបក្សដែលពួកគេគាំទ្រដែលរំលោភបំពានច្បាប់ហើយឈានទៅដល់ដំណាក់កាលដែលរដ្ឋាភិបាលត្រូវតែអនុវត្តច្បាប់ចាប់ដាក់ពន្ធនាគារ ឬក៏ចាប់បញ្ជូនទៅតុលាការរង់ចាំការកាត់ទោស គឺពួកគេព្យាយាមចេញមកធ្វើសកម្មភាពតវ៉ាតាមដងផ្លូវលើបដាហើយទាមទារឱ្យដោះលែងដោយឥតលក្ខខណ្ឌ ដូចគ្នាដែរនៅពេលដែលរដ្ឋាភិបាលប្រើច្បាប់ដើម្បីបិទវិទ្យុ វីអូឌី ដែលមិនឈរលើវិជ្ជាជីវៈជាអ្នកសារព័ត៌មាន មិនគោរពច្បាប់របបសារព័ត៌មាន គេគេចេញមកធ្វើបាតុកម្មទាមទារឱ្យបើកវីអូឌី ដោយគ្មានលក្ខខណ្ឌ អីអ៊ីចឹងទៅអ៊ីចឹង អានេះវាគឺជាទម្លាប់ដដែលដដែលដែលពួកគេតែងតែធ្វើដើម្បីបំពេញនូវការងារដូចគ្នា បេសកកម្មរបស់គេតែមួយហើយគេប្រើភាសាតែមួយ និងសកម្មភាពតែមួយដូចគណបក្សនយោបាយ និងក្រុមអ្នកនយោបាយដែលគេគាំទ្រ និងដើម្បីវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា។

អ៊ីចឹងឥឡូវគេកំពុងបារម្ភអីគេកំពុងបារម្ភថាគេហ្នឹងអត់មានសំឡេងស្រាយជួយបំពងឱ្យគណបក្សដែលពួកគេគាំទ្រ ពីព្រោះគេទទួលបានលុយជំនួយពីសហគមន៍អឺរ៉ុបមកពីបណ្ដាប្រទេសផ្ដល់ជំនួយផ្សេងៗ មកដែលបានដាក់ជាកញ្ចប់ និងរាប់លានដុល្លារ សម្រាប់យុទ្ធនាការនៅមុនការបោះឆ្នោតនេះដើម្បីជួយរកសំឡេងជួយរកការគាំទ្រឱ្យគណបក្សដែលពួកគេគាំទ្រ។ ជាពិសេសគឺជួយឆ្កឹះនៅចំណុចណាមួយដែលជាចំណុចអវិជ្ជមានតូចតាច គឺគេយកមកឆ្កឹះឱ្យទៅជារឿងធំ បំភ្លៃឱ្យទៅជារឿងដែលអាក្រក់ ដើម្បីធ្វើព័ត៌មានមួយដើម្បីបញ្ឆេះឱ្យប្រជាពលរដ្ឋស្អប់រដ្ឋាភិបាល។ អ៊ីចឹងហើយខ្ញុំមើលឃើញរបៀបហ្នឹងវិញទេ ពួកគេដែលហៅថាក្រុមអ្នកជំនាញហ្នឹង ខ្ញុំអត់ដឹងខាងជំនាញអីទេ ប៉ុន្តែមើលជំនាញខាងការដែលគាំទ្រអារឿងខូចដែលពួកគេធ្វើខូច ប៉ុន្ដែអត់ហ៊ាននិយាយការពិតប្រាប់ដល់មហាជនដល់ប្រជាពលរដ្ឋថា ពួកគេខូចទេ ប៉ុន្តែព្យាយាមយកអ្វីដែលជាចំណាត់ការផ្លូវច្បាប់របស់រដ្ឋាភិបាលលើពួកគេនោះថា ពួកគេជាក្រុមរងគ្រោះ ជាអ្នករងគ្រោះ ដោយការបិទសិទ្ធិសេរីភាពទៅវិញ។ ដូច្នេះចំណុចនេះ យើងមើលឃើញហើយឃើញថា មានតែវិនិយោគបរទេសមួយពីរតែប៉ុណ្ណឹងទេ ដែលព្យាយាមផ្តល់ឱកាសឱ្យពួកគេបញ្ចេញសំឡេងដើម្បីរិះគន់វាយប្រហារមកលើរដ្ឋាភិបាល។ ពួកគេធ្វើនេះក៏ដើម្បីបំពេញចិត្តម្ចាស់ផ្តល់ជំនួយដែលឱ្យលុយឱ្យប្រាក់ខែចិញ្ចឹមពួកគេដែរ។ ប៉ុន្តែពួកគេបានភ្លេចកំណើតដែលពួកគេជាខ្មែរ គេចង់ឱ្យអ្វីដែលមាននេះ ត្រូវបានបំផ្លិចបំផ្លាញ សន្តិភាពដែលមាននេះត្រូវបានរលាយវិលទៅរកអតីតកាលមួយដែលមានតែការឈ្លោះបែកបាក់គ្នាទៅវិញ។

អ្នកតាមដានព្រឹត្តិការណ៍នយោបាយរូបនេះ បានបញ្ជាក់ថា ការលើកឡើងទាំងប៉ុន្មាន ការចង្អុលបង្ហាញទាំងប៉ុន្មានយើងស្ទើរតែបាត់អស់ទៅហើយអំពីគោលបំណងរបស់ពួកគេនោះ។ ប៉ុន្ដែជំហររបស់រាជរដ្ឋាភិបាលក្នុងការរៀបចំការបោះឆ្នោត រួមទាំងគណបក្សនយោបាយទាំងអស់ផ្សេងទៀតដែលគេបានត្រៀមចូលរួមការបោះឆ្នោត ដើម្បីប្រកួតប្រជែងការបោះឆ្នោតនៅពេលខាងមុខនេះ គេអត់មានទៅខ្វាយខ្វល់បារម្ភអី មានវីអូឌី ឬក៏អត់មានវីអូឌីផង។ ដូច្នេះហើយ គឺថាមានក៏បាន មិនមានក៏បាន អ៊ីចឹងហើយបានជាខ្ញុំលើកឡើងថា អត់មានអតីតគណបក្សបក្សសង្គ្រោះជាតិ ក៏មានគណបក្សនយោបាយយ៉ាងច្រើនដែលបានចុះបញ្ជីស្របច្បាប់ធ្វើសកម្មភាពនយោបាយស្របច្បាប់នៅប្រទេសកម្ពុជា បានចូលរួមប្រកួតប្រជែងការបោះឆ្នោតទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រកួតប្រជែងយកអាសនៈយកសំឡេងគាំទ្រពីប្រជាពលរដ្ឋ ដើម្បីបម្រើប្រជាពលរដ្ឋ នេះគឺជាលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា។ អត់មាន វីអូឌី ក៏មានសារព័ត៌មានស្ថាប័នព័ត៌មានជាតិ អន្តរជាតិផ្សេងទៀតដែលគេធ្វើការស្របច្បាប់គោរពវិជ្ជាជីវៈ គោរពរបបសារព័ត៌មាននៅកម្ពុជា គឺបន្តផ្សព្វផ្សាយជូនប្រជាពលរដ្ឋយល់ដឹង ជ្រួតជ្រាបអំពីសិទ្ធិនៃការបោះឆ្នោត និងកាតព្វកិច្ចរបស់ប្រជាពលរដ្ឋក្នុងការទៅចូលរួមការបោះឆ្នោត។ ជាពិសេស គឺរាជរដ្ឋាភិបាល និងគណៈកម្មការជាតិរៀបចំការបោះឆ្នោតតែម្ដង ដែលមានកាលវិភាគនៅក្នុងការកំណត់ពេលវេលាសម្រាប់អប់រំផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋយល់ដឹងទៅចុះឈ្មោះបោះឆ្នោត និងត្រៀមឯកសារសម្រាប់ការទៅបោះឆ្នោតនាពេលខាងមុខ។ បើថ្ងៃក្រោយ អត់មានសង្គមស៊ីវិលមួយដំបរស្វាដែលស៊ីឈ្នួលបរទេសធ្វើកិច្ចការបម្រើបក្សនយោបាយដែលពួកគេគាំទ្រហ្នឹងទៀតក៏ដោយ មានអង្គការសង្គមស៊ីវិលរាប់ពាន់រាប់រយអង្គការទៀត ដែលគេធ្វើការនៅក្នុងប្រទេសកម្ពុជា ឈរលើបេសកកម្មច្បាស់លាស់ក្នុងឋានៈជាអង្គការសង្គមស៊ីវិល ដូច្នេះវាអត់មានអីប៉ះពាល់ទេ ប៉ុន្តែវាពិតហើយ គឺប៉ះពាល់ដល់បេសកកម្មរបស់ពួកគេដែលស៊ីឈ្នួលបរទេសយកលុយបរទេសយកមកជាប្រាក់ខែជាប្រាក់បំណាច់របស់ខ្លួន ហើយវាអត់មានលទ្ធភាពធ្វើការមិនពេញចិត្តចៅហ្វាយបរទេសរបស់គេនោះ៕
ដោយ៖ពលជ័យ

ads banner