សម្ដេចក្រឡាហោម ៖ គោលបំណងនៃការបង្កើតសាកលវិទ្យាល័យនៅស្រុកកំចាយមារនេះ គឺចង់ឱ្យសិស្សដែល បញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ អាចមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សា
ខេត្តព្រៃវែង ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីនៅក្នុងពិធីអបអរសាទរ ខួប៣០ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ស្ថិតនៅស្រុកកំចាយមារ ខេត្តព្រៃវែងនាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ។
ឯកឧត្តម បណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ បានគោរពថ្លែងអំណរគុណ និងសម្ដែងនូវកតញ្ញូតាធម៌យ៉ាងស្មោះស្ម័គ្រចំពោះឧបការគុណដ៏ធំធេង មិនអាចបំភ្លេចបានរបស់ សម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម និងសម្តេចក្រឡាហោម ស ខេង ដែលជាស្ថាបនិកបង្កើតសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ នេះឡើង។
ឯកឧត្តមបន្តថា ឆ្នាំនេះជាខួបគម្រប់៣០ឆ្នាំ របស់សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលមានឈ្មោះដើមថា សាកលវិទ្យាល័យ មហាឥសីវេទ ត្រូវបានបង្កើតឡើងដំបូង តាមអនុក្រឹត្យលេខ០២ អនក្រ ចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ១៩៩៣ របស់ក្រុមប្រឹក្សារដ្ឋមន្រ្ដី ហើយដែលបាននិងកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការអប់រំ និងបណ្តុះណ្តាលធនធានមនុស្ស។
ឯកឧត្តមបន្តថា គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ សាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ បានបណ្ដុះបណ្ដាលនិស្សិតបញ្ចប់ការសិក្សាចំនួន ២៥ជំនាន់ រួចមកហើយ ដែលស្មើនឹង ១៥,៩៨១ នាក់ ហើយដែលកំពុងបម្រើការងារក្នុងស្ថាប័នរដ្ឋ ឯកជន សង្គមស៊ីវិល និងបានបង្កើតជាសហគ្រាស ក្រុមហ៊ុន និងអាជីវកម្មផ្ទាល់ខ្លួនប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ ឧត្ដមភាព សេចក្ដីថ្លៃថ្នូរ និងកិត្តិយស។
សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណចំពោះអង្គការ AACF (អេ អេ ស៊ី អេស) ដែលបានផ្តួចផ្តើមបង្កើតសាកលវិទ្យាល័យ ព្រមទាំងធ្វើជាដៃគូសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលនិស្សិត តាំងពីពេលដែលសាកលវិទ្យាល័យត្រូវបានបង្កើតរហូតដល់ពេលដែលអង្គការបញ្ចប់បេសកកម្មនាចុងឆ្នាំ២០០៨។
សម្ដេចក៏ថ្លែងអំណរគុណ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង, សាស្ត្រាចារ្យ, បុគ្គលិកអប់រំ, និងដៃគូសហប្រតិបត្តិការទាំងអស់នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ដែលបានខិតខំបរិច្ចាគទាំងកម្លាំងកាយ បញ្ញា និងស្មារតី ដើម្បីគ្រប់គ្រង និងបណ្តុះបណ្តាលធនធានមនុស្ស អស់រយៈពេល ៣០ឆ្នាំកន្លងមកនេះ ប្រកបដោយគុណភាព, សមត្ថភាព, មានចំណេះដឹង, ចំណេះធ្វើ, មានសីលធម៌ល្អ, មនសិការវិជ្ជាជីវៈ, សេចក្ដីថ្លៃថ្នូរ, និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាព សុខដុមរមនា ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ គួរជាទីមោទនៈ។
សម្ដេចក្រឡាហោម បន្តថាគោលបំណងនៃការបង្កើតសាកលវិទ្យាល័យនៅស្រុកកំចាយមារនេះ គឺចង់ឱ្យសិស្សដែល បញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅតំបន់នេះ អាចមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ ឧត្តមសិក្សា ហើយម្យ៉ាងទៀតក៏ចង់ឱ្យសាកលវិទ្យាល័យរួមចំណែកក្នុងការអភិវឌ្ឍស្រុកកំចាយមារ និងស្រុកនានាជុំវិញ ព្រោះកាលនោះតំបន់នេះជាតំបន់ដាច់ស្រយាល នៃប្រទេស។
សម្ដេចរម្លឹកថា សាកលវិទ្យាល័យ វេទមហាឫសី នៅពេលនោះ ទោះបីស្ថិតក្នុងតំបន់ដាច់ស្រយាល ហើយ ផ្លូវគមនាគមន៍ទៅមកជួបការលំបាកក្តី ប៉ុន្តែមាននិស្សិតស្ទើរតែគ្រប់ខេត្ត និងរាជធានីភ្នំពេញ បានមកសិក្សានៅទីនេះ ហើយការសិក្សារបស់ពួកគេទទួលបានជោគជ័យ។ និស្សិតដែលបញ្ចប់ ការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង មានឱកាសទទួលបានការងារធ្វើស្ទើរគ្រប់ៗគ្នា ដោយខ្លះចូលបម្រើការងាររដ្ឋ ខ្លះបម្រើការងារឯកជន ឬសង្គមស៊ីវិលជាដើម ៕ ដោយ-រ៉ាវុធ