បណ្ឌិត ហ៊ុន ម៉ាណែត ៖ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយមួយប្រកបដោយភាពចាស់ទុំ និងភាពស្មោះត្រង់នៅក្នុងបុព្វហតុជាតិ មាតុភូមិ និងប្រជាជន
ភ្នំពេញ៖ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ គណបក្សប្រជាជនកម្ពុជា គឺជាបក្សនយោបាយមួយប្រកបដោយភាពចាស់ទុំ និងភាពស្មោះត្រង់នៅក្នុងបុព្វហតុជាតិ មាតុភូមិ និងប្រជាជន ព្រមទាំងមានថ្នាក់ដឹកនាំប្រកបដោយយុទ្ធសាស្ត្រ យុទ្ធវិធី ភាពឈ្លាសវៃ និងភាពច្នៃប្រឌិត ហើយតែងប្រកាន់ខ្ជាប់នូវមាគ៌ាដឹកនាំតាមគោលការណ៍ «សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ»ព្រមទាំងមាន គោលនយោបាយច្បាស់លាស់ សំដៅបម្រើផលប្រយោជន៍ប្រជាជន និងការអភិវឌ្ឍន៍ជាតិ។

ការបញ្ជាក់នេះ ក្នុងពិធីសំណេះសំណាលជាមួយ នឹងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូនៅតាមគ្រឺះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និង ឯកជន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា គណបក្សបានសម្រេចនូវសមិទ្ធផលចម្បងៗជាច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីក្រោយថ្ងៃ៧មករាឆ្នាំ១៩៧៩ជាអាទិ៍៖១.ការស្រោចស្រង់ជីវិតប្រជាពលរដ្ឋចេញពីការកាប់សម្លាប់របស់របបប៉ុលពត,២. ការទប់ស្កាត់ការវិលត្រលប់មកវិញនៃរបបប្រល័យពូជសាសន៍ប៉ុលពត ,៣. តស៊ូប្រយុទ្ធនឹងសត្រូវរួមរបស់ ជាតិខ្មែរ គឺសង្គ្រាម និងការបែកបាក់ផ្ទៃក្នុង ដែលបានកើតមានទ្បើងលើទឹកដីអង្គរនៃយើងជាង ៥០០ ឆ្នាំមកហើយ រហូតសម្រេចបានការបញ្ចប់ទាំងស្រុងនូវអរិភាពទាំងនេះ និងទទួលបានសន្តិភាពពេញលេញទូទាំងផ្ទៃប្រទេស តាមរយៈនយោបាយឈ្នះឈ្នះរបស់សម្តេតេជោ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់។
បណ្ឌិតហ៊ុន ម៉ាណែត បានអំពាវនាវថា ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ចូលរួមបន្តថែរក្សាសុខសន្តិភាពនេះឱ្យបានស្ថិតស្ថេរគង់វង្សសម្រាប់ខ្មែរយើងគ្រប់ជំនាន់ជានិច្ចនិរន្តន៍តរៀងទៅ៕ ដោយ៖ពលជ័យ

