ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) មានតួនាទីសំខាន់មិនអាចខ្វះបានក្នុងការអភិវឌ្ឍមូលធនមនុស្ស។ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានខិតខំពង្រឺង និងពង្រីកការវិនិយោគ និងការធ្វើបរិវត្តកម្ម TVET ដើម្បីផលិតមូលធនមនុស្សប្រកបដោយចំណេះដឹងទាំងផ្នែករឹង និងផ្នែកទន់ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ទីផ្សារការងារក្នុងវិស័យឧស្សាហកម្ម ទិសដៅអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជាពិសេសការប្រែប្រួលបច្ចេកវិទ្យានៃបដិវត្តឧស្សាហកម្ម ៤.០។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយនឹងសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឺះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និង ឯកជន នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ជាក់ស្តែង ក្នុងឆ្នាំ២០២៣នេះ កម្ពុជាកំពុងបន្តរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ (TVET DAY) ក្រោមប្រធានបទ «TVET ផ្តល់ជំនាញ និងការងារសមរម្យ» ក្នុងគោលបំណងលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងដើម្បីធ្វើការផ្សព្វផ្សាយទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ-និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជន ឱ្យបានយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញប្រកបដោយគុណភាព និងប្រសិទ្ធភាព ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងនៅក្នុងស្រុក និងក្រៅប្រទេស។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានកោតសសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសាធារណៈ និងឯកជន ដែលជាសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលបានរួមគ្នាជួយដល់ការអភិវឌ្ឍគ្រឹះស្ថាន TVET ទាំងគ្រឹះស្ថានសាធារណៈ និងឯកជន បានចំនួន១០៧គ្រឹះស្ថាន ដោយមានសិក្ខាកាមសិស្ស-និស្សិត បានបញ្ចប់ការសិក្សាចំនួនជាង៦ម៉ឺននាក់រៀងរាល់ឆ្នាំ នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ កន្លងទៅក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម រួមទាំងការរៀបចំមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល ការចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់មន្ត្រីរាជការ និងកម្មករ-និយោជិត នៅតាមរោងចក្រ សហគ្រាស និងក្រុមហ៊ុនឯកជន ក៏ដូចជាកិច្ចការងារជាច្រើនផ្សេងទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner