ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាកំពុងដើរលើនយោបាយត្រឹមត្រូវជានិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មាធិការកណ្ដាល និងជាអគ្គលេខាធិការគណៈចលនាមហាជន បានបញ្ជាក់ថា “នយោបាយ គឺពិបាក នយោបាយត្រូវការគិតគូរពិចារណាយល់ឱ្យបានម៉ត់ចត់គ្រប់ជ្រុងជ្រោយ ព្រោះថានយោបាយតម្រូវឱ្យមានការសម្រេចចិត្ត ហើយការសម្រេចចិត្តនេះអាចជះឥទ្ធិពលវិជ្ជមានផង និងអវិជ្ជមានផង។ ទោះបីជាយ៉ាងនេះក្ដី ក៏ខ្ញុំជឿជាក់យ៉ាងមុតមាំថា កម្ពុជាកំពុងដើរលើនយោបាយត្រឹមត្រូវជានិច្ច ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា”។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហ៊ុន ម៉ានី នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សាស្រ្តាចារ្យ ដែលជាសកម្មជនគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នៅសាលប្រជុំធំ វិមាន ៧មករា កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ចំនួនប្រមាណ១៥៤០។
ឯកឧត្តម ហ៊ុន ម៉ានី បានបន្តថា គណបក្សប្រជាជនកម្ពុជាមិនដែលអះអាងថា ល្អឥតខ្ចោះនោះទេ ហើយក៏មិនអះអាងថា គ្មានចំណុចខ្វះខាតនោះដែរ។ ចំណុចពិសេសរបស់គណបក្សប្រជាជនកម្ពុជា គឺការគិតគូរពិចារណាជូនប្រជាជន និងប្រទេសជាតិជាចង្កោមរួម (មើលព្រៃទាំងមូលកុំមើល តែមួយដើម) ធ្វើយ៉ាងណាឱ្យកម្ពុជាដើរឆ្ពោះទៅមុខប្រកបដោយស្ថិរភាព វិបុលភាព និងភាពសុខដុម។ កម្ពុជាធ្លាប់ត្រូវបានសាកល្បងក្នុងបរិបទជាច្រើន តែកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា តែងតែមានវិធីសាស្ត្រគត់មត់ ហ្មត់ចត់ ត្រឹមត្រូវជាពិសេសការបណ្ដុះបណ្ដាលកម្មាភិបាលជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីដោះស្រាយវិបត្តិទាំងអស់នោះ ប្រកបដោយប្រសិទ្ធភាពជាទីបំផុត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី


