ចាប់ខ្លួនជនសង្ស័យឃាតករ ជាអនិកជនខ្មែរអាមេរិក បាន នៅព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ ៖ បើតាមការបញ្ជាក់ពីមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ ករណីអនិកជនខ្មែរអាមេរិក វ័យ៦៨ឆ្នាំ ដែលបានយកខ្សែភ្លើងឆក់សម្លាប់ប្រពន្ធ ក្នុងបុរី KC ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រំដែនកម្ពុជា-ថៃ។
ជនសង្ស័យជាឃាតករ មានឈ្មោះ មូល ណេត អាយុ ៦៨ឆ្នាំ ជាអនិកជនខ្មែរអាមេរិក បានរត់គេច ខ្លួន ក្រោយកើតហេតុកាលពីព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវប្ដីយកខ្សែភ្លើងឆក់បណ្ដាលឲ្យស្លាប់នេះ ឈ្មោះ កែវ ស្រីមុំ អាយុ៣៨ឆ្នាំ។ អាចកើតឡើងដោយសារភ្លើងប្រច័ណ្ឌ ទើបហ៊ានធ្វើអំពើឃាតកម្ម ដ៏ឃោរឃៅនេះ ។
បើតាមការបញ្ជាក់របស់ម្ដាយជនរងគ្រោះ បានឲ្យដឹងថា ដើមឡើយគាត់ឮសំឡេងឈ្លោះប្រកែកគ្នារវាងជនរងគ្រោះ និងប្ដី លុះមួយសន្ទុះក្រោយមកបុរសជាប្ដីចាក់សោរចេញក្រៅ រួចជិះម៉ូតូទៅបាត់។ ក្រោយមកក្មួយរបស់ជនរងគ្រោះបានចូលទៅក្នុងផ្ទះ ហើយឃើញជនរងគ្រោះដេកនៅក្នុងបន្ទប់ទឹក ប៉ុន្ដែស្មានតែសន្លប់ក៏លើកមកដាក់លើសាឡង់ ទើបដឹងថាស្លាប់ ហើយបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដង។
ប្តីដែលជា អនិកជនខ្មែរអាមេរិក គាត់មានវ័យចំណាស់ហើយ ហើយ អាចត្រូវផ្តន្ទាទោស ជាប់ពន្ធនាគារ អស់១ជីវិត ដោយឃាតកម្មគិតទុកជាមុន។ អ្វីដែលសង្វេគ គឺកូនតូចៗ២នាក់នៅកំព្រា ៕ ដោយ ៖ ភារ៉ា និងប៊ុនធី