ប្រធានក្រុមការងារចុះជួយស្រុកសន្ទុក ផ្សព្វផ្សាយលទ្ធផលមហាសន្និបាតវិសាមញ្ញរបស់គណៈបក្សប្រជាជនកម្ពុជា
កំពង់ធំ៖ ប្រធានក្រុមការងារចុះជួយស្រុកសន្ទុកបាន អំពាវនាវដល់សមាជិកគណៈបក្សប្រជាជនកម្ពុជា ឲ្យបន្តគាំទ្រការដឹកនាំប្រទេសរបស់គណបក្សប្រជាជនជាបន្តទៀតនិងការការពារសន្តិភាពដើម្បីស្ទួយផលប្រយោជន៍ប្រជាជន និងភាពរីកចម្រើនរបស់ជាតិ។ នេះជាការអំពាវនាវឯកឧត្តម ស៊ុ សន្និសិទ្ធ សមាជិកគណះកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ កុម្ភះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណៈបក្សប្រជាជនកម្ពុជា ស្ដីពីលទ្ធផល នៃការអនុវត្តគោលនយោបាយឆ្នាំ២០១៨ ដល់២០២២ និងទិសដៅភារកិច្ចឆ្នាំ២០២៣ ជូនដល់ក្រុមការងារ និងសមាជិកបក្ស ក្នុងស្រុកសន្ទុក។
ឯកឧត្តមលើកឡើងថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ ទោះបីកម្ពុជា ឆ្លងកាត់ជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែសភាពការណ៍នយោបាយមានស្ថេរភាព និងមានភាពស្ងប់ស្ងាត់ល្អ ហើយយើងរស់នៅក្នុងភាពសុខសាន្តនិងសន្តិភាព។ដូចនេះ មានតែសន្តិភាពទេ ដែលធ្វើឲ្យសង្គមមានភាពស្ងប់ស្ងាត់ ហើយប្រជាពលរដ្ឋរស់នៅក្នុងសុខសុវត្ថិភាព។
ឯកឧត្ដមបានអំពាវនាវដល់សមាជិកបក្សទាំងអស់ បន្តធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន ទើបគណបក្សយើងដណ្ដើមជោគជ័យក្នុងក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ នៅខែកក្កដា ឆ្នាំ២០២៣ ខាងមុខ។
អង្គពិធីទាំងមូល ក៏បានសម្ដែងការរីករាយ និងអបអរសាទរ ដែលអង្គការ FATF បានដកកម្ពុជាចេញពីបញ្ជីប្រផេះ នៃក្រុមប្រទេសដែលមានហានិភ័យ ខាងលាងលុយកខ្វក់នោះផងដែរ ៕ ដោយ វ៉េង លីមហួត