អ្នកតំណាងរាស្រ្ត មណ្ឌលខេត្តកំពង់ធំ ស្នើសុំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមអនុវត្តន៍ពីភូមិឃុំមានសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន

កំពង់ធំ៖ មានប្រសាសន៍ក្នុងពិធីបុណ្យឆ្លងសមិទ្ធផលនានាលើ និវេសនដ្ឋាន អ៊ុន នឹង ភ្នំបារៀង ស្ថិតនៅភូមិកកូរ ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម តាន់ សុគុន ប្រធានមន្ទីរពេទ្យព្រះកុសុមៈ ព្រះសង្ឃ និងប្រជាពលរដ្ឋជាច្រើនទៀត ឯកឧត្តម ឃឹង នុភាព អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ បានសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមអនុវត្តន៍ពីភូមិឃុំមានសុវត្ថិភាព ដើម្បីការពារសុវត្ថិភាពជូនដល់ពលរដ្ឋក្នុងមូលដ្ឋាន។

ឯកឧត្តម ឃឹង នុភាព បានសូមឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ចូលរួមផ្សព្វផ្សាយពីភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា ក្នុងការការពារសុវត្ថិភាពជូនដល់ពួកគាត់នៅក្នុងមូលដ្ឋាន។ ឪពុកម្ដាយសិស្សគ្រប់រូបត្រូវតែបញ្ជូនកូនឱ្យមកចូលសាលារៀន លោកគ្រូអ្នកគ្រូយកចិត្តទុកដាក់ក្នុងការបង្រៀនកូនចៅឲ្យបានទៀងទាត់ ដើម្បីទទួលបានចំណេះដឹងជំនាញដើម្បីយកមកប្រើប្រាស់នៅក្នុងក្រុមគ្រួសារនិងសង្គមជាតិទាំងមូល។

អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ ក៏បានផ្ដាំផ្ញើដល់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងអស់ ចូលរួមថែរក្សាសមិទ្ធផលនានា ដែលបានកសាងរួចថ្មីៗ ដើម្បីទុកជាមរតកដល់ក្មេងជំនាន់ក្រោយ ឲ្យចេះប្រតិបត្តិ និងគោរពតាមព្រះពុទ្ធសាសនា។

គួរបញ្ជាក់ថា កុដិទើបសាងសង់ថ្មីមានប្រវែង ១២ម៉ែត្រ x ០៧ម៉ែត្រ ស្មើ០៧បន្ទប់ ចំណាយអស់ថវិកា ចំនួន ៣៧,០០០ដុល្លាសហរដ្ឋអាមេរិកសមិទ្ធផលថ្មីៗបានកាត់ខ្សែបូណ៌ដាក់ឲ្យប្រើប្រាស់ចាប់ពីពេលនេះតទៅ និងមានពិធីរាប់បាត្រដល់ព្រះសង្ឃចំនួន ១១២អង្គ ដែលអញ្ជើញមកពីវត្តក្នុងស្រុកប្រាសាទសំបូរផងដែរ៕ ដោយ ប៊ុន រដ្ឋា

ads banner