សហរដ្ឋអាមេរិកព្រមានថា ចិននឹងប្រឈមមុខនឹងការចំណាយដ៏ធ្ងន់ធ្ងរ ប្រសិនបើហ៊ានផ្តល់ជំនួយយោធាណាមួយដល់រុស្ស៊ី
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក ជេក ស៊ុលលីវេន នៅថ្ងៃអាទិត្យសប្តាហ៍មុនថ្លែងថា ប្រទេសចិនមិនបានឆ្ពោះទៅរកការផ្តល់ជំនួយដ៏សាហាវ ដែលនឹងជួយរុស្ស៊ីក្នុងការលុកលុយអ៊ុយក្រែននោះទេ ប៉ុន្តែសហរដ្ឋអាមេរិកព្រមានថា ទង្វើបែបនេះនឹងមានផលវិបាកធ្ងន់ធ្ងរ។
លោក ស៊ុលលីវេន បានប្រាប់កម្មវិធី State of the Union របស់ទូរទស្សន៍ CNN ថា ទីក្រុងប៉េកាំងនឹងត្រូវធ្វើការសម្រេចចិត្តដោយខ្លួនឯង អំពីរបៀបដែលខ្លួនដំណើរការ ថាតើខ្លួនគួរផ្តល់ជំនួយផ្នែកយោធាឬយ៉ាងណា? ប៉ុន្តែប្រសិនបើវាកើតឡើងនោះ វានឹងក្លាយជាការចំណាយដ៏ធ្ងន់ធ្ងរពិតប្រាកដសម្រាប់ប្រទេសចិន។
លោក ស៊ុលលីវេន នៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយទៀត នៅក្នុងកម្មវិធី This Week programme របស់ទូរទស្សន៍ ABC បាននិយាយថា ចិនមិនបានដើរទៅមុខក្នុងការផ្តល់ជំនួយបែបនេះនោះទេ ប៉ុន្តែទាំងទីក្រុងប៉េកាំងក៏មិនបានដកជម្រើសនោះចេញពីតុដែរ។
លោកថា មន្ត្រីអាមេរិកបានព្រមានសមភាគីចិនជាលក្ខណៈឯកជន អំពីអ្វីដែលជាចំណាយទាំងនោះ ប៉ុន្តែលោកនឹងមិនបញ្ជាក់លម្អិតអំពីការពិភាក្សាទាំងនោះឡើយ។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អង្គការណាតូក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ បាននិងកំពុងព្យាយាមរារាំងចិនពីទង្វើបែបនេះ ដោយធ្វើការអត្ថាធិប្បាយជាសាធារណៈលើជំនឿរបស់ពួកគេថា ចិនកំពុងពិចារណាផ្តល់ឧបករណ៍ដ៏សាហាវដល់រុស្ស៊ីប្រើក្នុងសង្គ្រាមនៅអ៊ុយក្រែន៕ ប្រភព៖ CNA ប្រែសម្រួលដោយ៖ ទីណា