ជនចំណាកស្រុកប្រមាណ ៦០នាក់ស្លាប់ នៅក្នុងហេតុការណ៍លិចទូកនៅប្រទេសអ៊ីតាលី

រ៉ូម៖ យ៉ាងហោចណាស់ជនចំណាកស្រុកចំនួន ៥៩នាក់ រួមទាំងកុមារ១១នាក់ និង ទារកទើបនឹងកើតម្នាក់បានស្លាប់ បន្ទាប់ពីទូកផ្ទុកលើសទម្ងន់របស់ពួកគេបានលិចនៅក្នុងសមុទ្រ កាលពីព្រឹកថ្ងៃអាទិត្យសប្តាហ៍មុននេះ ដោយសារព្យុះនៅភាគខាងត្បូងតំបន់ Calabria នៃប្រទេសអ៊ីតាលី។

មជ្ឈមណ្ឌលជួយសង្គ្រោះរបស់ទីក្រុង Crotone បាននិយាយថា ជនរងគ្រោះ ១២នាក់ក្នុងចំណោម ៥៩នាក់ដែលបានស្លាប់ គឺជាកុមារ រួមទាំងទារកទើបនឹងកើតម្នាក់ ហើយ ៣៣នាក់ទៀតជាស្ត្រី។

បើតាមឆ្មាំឆ្នេរសមុទ្រអ៊ីតាលី ទូកផ្ទុកជនភៀសខ្លួនលើសទម្ងន់ ត្រូវបានបំបែកដោយទឹករលកធំៗជាបំណែកៗនៅទីក្រុង Crotone ដោយមន្ត្រីម្នាក់បានរាយការណ៍ថា ជនសង្ស័យជាអ្នករត់ពន្ធមនុស្សត្រូវបានចាប់ខ្លួនដោយកងកម្លាំងសន្តិសុខ។

ចំណែកបុគ្គលិកជួយសង្គ្រោះបានប្រាប់សារព័ត៌មាន AFP ថា ទូកនោះបានដឹកមនុស្សជាង ២០០នាក់។ ស្របពេលជាមួយគ្នានេះដែរ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានបង្ហោះសារនៅលើបណ្តាញសង្គម Twitter ថា ការលិចទូកដ៏គួរឱ្យរន្ធត់មួយទៀត បានឆក់យកជីវិតមនុស្សរាប់សិបនាក់ រួមទាំងកុមារផងដែរ។

ខ្ញុំសូមនិយាយម្តងទៀតថា មនុស្សគ្រប់រូបដែលស្វែងរកជីវិតរស់នៅល្អប្រសើរ សមនឹងទទួលបានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ យើងត្រូវការផ្លូវដែលមានសុវត្ថិភាព និងស្របច្បាប់សម្រាប់ជនចំណាកស្រុក និងជនភៀសខ្លួន៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner