ក្រសួងអប់រំ យុវជន និងកីឡា កំពុងបណ្ដុះការអប់រំបច្ចេកវិទ្យា និងសហគ្រិនភាពទៅដល់ក្រុមកុមារីនៅតាមសាលាគ្រឹះស្ថានសិក្សាសាធារណ:

ភ្នំពេញ៖ កម្មវិធីការអប់រំសរសេរកូដ និងសហគ្រិនភាព ដែលមានឈ្មោះថា Technovation បាននឹងកំពុងអនុវត្តន៍នៅតាមគ្រឹះស្ថានសិក្សាសាធារណៈចំនួន២៩ ក្នុងនោះមានក្រុមសិស្សស្រីចំនួន ៥០ក្រុម ប្រមាណជា ៣០០នាក់ បានចូលរួមក្លឹបសិក្សាកម្មវិធី Technovation កម្ពុជា ឆ្នាំ២០២៣ កំពុងទទួលបានការបណ្ដុះបណ្ដាលរៀងរាល់ចុងសប្ដាហ៍ ដោយមានគ្រូដឹកនាំ (Mentor) នៅតាមក្លឹបគ្រឹះស្ថានសិក្សាសាធារណៈនិមួយៗ ជាមួយក្រុមការងារជំនាញរបស់នាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាននៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកកម្ពស់ការចូលរួមរបស់សិស្សស្រី ក្នុងការបំផុសភាពច្នៃប្រឌិត ការបង្កើត និងស្វែងរកដំណោះស្រាយថ្មីៗទៅនឹងបញ្ហាជាក់ស្ដែងនានា ក្នុងសហគមន៍ សង្គមជាតិ និងពិភពលោក តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងសហគ្រិនភាព។

កម្មវិធីសិក្សាដោយផ្ដោតការសិក្សាទៅលើ៖
-ការកំណត់បញ្ហាដែលកើតមានក្នុងសហគមន៍របស់ពួកគាត់ផ្អែកលើ SDG 12 និង SDG 13
-ការរៀបចំពុម្ពគំរូកម្មវិធីទូរសព្ទដៃ និងការសិក្សាទៅលើកម្មវិធីសរសេរកូដ
-ការសិក្សាអំពីការរៀបចំគម្រោងអាជីវកម្ម សម្រាប់កម្មវិធីទូរសព្ទដៃដែលនឹងត្រូវបង្កើតឡើង
-ការបង្កើតវីដេអូណែនាំពីកម្មវិធីទូរសព្ទដៃ

កម្មវិធី នេះមិនត្រឹមតែលើកទឹកចិត្ត និងជំរុញឱ្យក្មេងស្រីចូលរួមក្នុងវិស័យបច្ចេកវិទ្យា និងសហគ្រិនភាពប៉ុណ្ណោះទេ ថែមទាំង បណ្តុះនូវជំនាញទន់ដល់កុមារីទាំងអស់ ដូចជាបំណិននៅក្នុងការធ្វើការងារជាក្រុម នវានុវត្ត ការដោះស្រាយបញ្ហា ការធ្វើបទបង្ហាញជាដើម ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner