ឯកឧត្តម ជា សុផារ៉ា៖ សម្តេចតេជោហ៊ុនសែន តែងតែបានខិតខំបំពេញតាមបំណងប្រាថ្នា របស់ប្រជាពលរដ្ឋលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធចក្រ

ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានលើកឡើងថា សម្តេចតេជោហ៊ុនសែនតែងតែបានខិតខំបំពេញតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋលើគ្រប់វិស័យទាំងវិស័យអាណាចក្រនិងពុទ្ធចក្រ និងបានដោះស្រាយបញ្ហាប្រឈមនានា សំដៅធ្វើយ៉ាងណាឱ្យពួកគាត់មានសេចក្តីសុខសុភមង្គលរីកចម្រើនទៅមុខទៀតដល់កូនចៅជំនាន់ក្រោយ និងបានជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋឱ្យប្រសើរឡើង មានលទ្ធភាពធនធានគ្រប់គ្រាន់ ក្នុងការធ្វើបុណ្យទាននិងកសាងសមិទ្ធិផលផ្សេងៗសំដៅចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យរីកចម្រើនបាន។

ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានថ្លែងឡើងបែបនេះ កាលពីថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ដែលចំណាយថវិកាប្រមាណជាង ៤០ម៉ឺនដុល្លារអាមេរិក ដែលទទួលបានការឧបត្ថម្ភពី ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ រួមនិងសប្បុរសជនទាំងក្នុងនិងក្រៅប្រទេសព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត ខេមឃោសារាម ហៅវត្តទួលទ្រាជើង ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានចាត់ទុកឧបដ្ឋានសាលា និងសមិទ្ធិផលក្នុងវត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង ជាសមិទ្ធិផលដ៏ធំស្កឹមស្កៃមួយ ដែលពុទ្ធសាសនិកជន រួមគ្នាកសាងឡើងដើម្បីឱ្យវត្តនេះក្លាយជាទីវត្តអារាមមួយ ដែលមានគ្រប់រចនាសម្ព័ន្ធសំរាប់បម្រើឱ្យវិស័យព្រះពុទ្ធសាសនា និងសាកសមជាទីសក្ការបូជារបស់ពុទ្ធបរិស័ទគ្រប់ទិសទី។

ឧបនាយករដ្ឋមន្រ្តីជា សុផារ៉ា ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីប្រគេនដល់ព្រះចៅអធិការវត្តខេមឃោសារាម ហៅវត្តទួលទ្រាជើង ដើម្បីបង្រ្គប់ថ្លៃជាងសាងសង់ចំនួន 15700$ផងដែរ ៕ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner