ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជានិមិត្តរូបនៃគុណភាពក្នុងការដឹកនាំ និងគ្រប់គ្រងប្រទេស ដែលឆ្លុះបញ្ចាំងតាមរយៈការសម្រេចបាននូវសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើនក្នុងគ្រប់វិស័យ ហើយក៏មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ចេញនូវចក្ខុវិស័យច្បាស់លាស់ ដើម្បីបន្តនាំនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសន្តិភាព សុភមង្គល និងវឌ្ឍនភាពជានិច្ចនិរន្តរ៍។ ការបញ្ជាក់នេះ បានធ្វើឡើងក្នុងបិទវគ្គបណ្តុះបណ្តាល «កម្មវិធីកសាងគ្រូឧទ្ទេស គ្រូជំនួយថ្នាក់រាជធានី-ខេត្ត» នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជាមួយនឹងការបោះជំហានទៅកាន់អនាគតកាលប្រកបដោយភាពភ្លឺស្វាង និងក្តីសង្ឃឹម គណបក្សប្រជាជនកម្ពុជា ក៏នឹងបន្តប្រកាន់ខ្ជាប់នូវបុព្វហេតុឥតងាករេរបស់ខ្លួនក្នុងការបន្តអភិវឌ្ឍប្រទេសឱ្យរីកចម្រើនជឿនលឿនទៅមុខ នៅក្រោមការដឹកនាំដ៏មានទេពកោសល្យប៉ិនប្រសប់ និងពោរពេញដោយបទពិសោធន៍ជាក់ស្តែងរបស់ សម្តេចតេជោ និងថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់ ព្រមជាមួយនឹងការចូលរួមរបស់សមាជិក-សមាជិកា ក៏ដូចជាប្រជាពលរដ្ឋគ្រប់ស្រទាប់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះសិក្ខាកាមទាំងអស់ ដែលបានយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងគោរពវិន័យ រហូតឈានដល់ការបិទបញ្ចប់វគ្គបណ្តុះបណ្តាល ប្រកបដោយជោគជ័យ និងសូមថ្លែងអំណរគុណចំពោះក្រុមគ្រូឧទ្ទេសទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្ហាញយ៉ាងក្បោះក្បាយជូនដល់សិក្ខាកាម ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវខ្ពស់ សំដៅធ្វើយ៉ាងណាលើកកម្ពស់សមត្ថភាពសិក្ខាកាមជាសមាជិកបក្សឱ្យស័ក្តិសមជាកម្លាំងបន្តវេនប្រកបដោយឧត្តមភាព ដែលមានភារកិច្ចចូលរួមបំពេញគ្រប់ភារកិច្ចដែលជាតិ ប្រជាជន និងបក្សប្រគល់ជូន៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner