ពូទីន៖ រុស្ស៊ីនឹងគិតគូរអាវុធនុយក្លេអ៊ែររបស់ប្រទេសណាតូផ្សេងទៀត មិន ត្រឹម តែអាមេរិកនោះទេ
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងក្នុងបទសម្ភាសន៍ មួយ កាលពីថ្ងៃអាទិត្យថា ក្រោយផ្អាកការចូលរួមរបស់ខ្លួនក្នុងកិច្ច ព្រមព្រៀង គ្រប់គ្រងអាវុធនុយក្លេអ៊ែរ(New START) រុស្ស៊ីនឹងគិតគូរអំពីអាវុធនុយ ក្លេអ៊ែរ របស់ប្រទេសណាតូផ្សេងៗទៀតដូចបារាំង និងអង់គ្លេសជាដើម មិនត្រឹមតែអាមេរិកប៉ុណ្ណោះទេ។ នេះបើតាមការស្រង់សម្ដីរបស់ ទីភ្នាក់ងារ សារព័ត៌មាន AP។
ការលើកឡើងបែបនេះធ្វើឡើងបន្ទាប់ពីលោក ពូទីន បានថ្លែងនៅពេល ប្រកាសពីការផ្អាកកិច្ចព្រមព្រៀង New START នៅដើមសប្ដាហ៍មុនថា បារាំង និងអង់គ្លេស ដែលមិនមែនជាភាគីនៃកិច្ចព្រមព្រៀងនេះ បានចូលរួម ជាមួយសហរដ្ឋអាមេរិកក្នុងការកំណត់គោលដៅរុស្ស៊ីជាមួយនឹងអាវុធនុយក្លេអ៊ែរ។
លោក ពូទីន បានថ្លែងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍រុស្ស៊ីមួយដែល ថត កាលពីថ្ងៃពុធ និងចាក់ផ្សាយនៅថ្ងៃអាទិត្យថា លោកបានចាត់វិធាន ការ ដើម្បី «ថែរក្សាប្រទេសរបស់យើង ធានាសន្តិសុខ និងស្ថិរភាពជាយុទ្ធសាស្រ្ត»។ លោកបន្ថែមថា៖ «ក្នុងលក្ខខណ្ឌនាពេលបច្ចុប្បន្ននេះ ពេលប្រទេសណាតូនាំ មុខគេទាំងអស់បានប្រកាសពីគោលដៅចម្បងក្នុងការធ្វើឱ្យមានការបរាជ័យជាយុទ្ធសាស្រ្តសម្រាប់យើង ដើម្បីធ្វើឱ្យប្រជាជនរបស់យើង រងទុក្ខ…ធ្វើម៉េច យើងមិនអាចគិតគូរពីអាវុធនុយក្លេអ៊ែររបស់ពួកគេបាន? ជាងនេះទៅទៀត ពួកគេផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែន ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ»។
ក្នុងបទសម្ភាស៍ដដែល លោក ពូទីន បាននិយាយឡើងវិញពីអ្វីដែលលោកថា លោកខាងលិចព្យាយាមបំផ្លាញរុស្ស៊ីហើយថា «ប្រតិបត្តិការយោធាពិសេស» នៅអ៊ុយក្រែនរយៈពេលមួយឆ្នាំកន្លងទៅនេះ គឺជាផ្នែកមួយនៃការប្រយុទ្ធ ដើម្បី អត្ថិភាពរបស់រុស្ស៊ី។ កាលពីមួយឆ្នាំមុន លោកប្រកែកថា គោលដៅ សំខាន់របស់លោកក្នុងការឈ្លានពានអ៊ុយក្រែនគឺដើម្បីកាត់បន្ថយ «ការគំរាម កំហែងដល់សន្តិសុខរុស្ស៊ី» ហើយចាប់តាំងពីពេលនោះមក លោកបានលើក ហេតុផលទាំងនោះថាជាហេតុផលប្រសិនបើអាវុធនុយក្លេអ៊ែរត្រូវប្រើនៅអ៊ុយក្រែន។
នាយកទីភ្នាក់ងារសង្ងាត់ CIA លោក វីលៀម ប៊ឺនស៍ បានថ្លែងកាលពីថ្ងៃ អាទិត្យថាថា បញ្ហាពិតប្រាកដនៅពីក្រោយការលុកលុយអ៊ុយក្រែន គឺ ការបាត់បង់ការគ្រប់គ្រងរបស់លោក ពូទីន លើអ៊ុយក្រែន និងការងើប ឡើងរបស់ប្រទេសក្នុងនាមជារដ្ឋឯករាជ្យ និងប្រជាធិបតេយ្យ ដែលស្រប តាមលោកខាងលិច។ ការលើកឡើងបែបនេះ បន្ថែមពីលើការថ្លែងរបស់ លោកប្រធានាធិបតី ចូ បៃដិន កាលពីសប្ដាហ៍មុនដែលថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មិនស្វែងរងការធ្វើឱ្យរុស្ស៊ីត្រូវបំផ្លិចបំផ្លាញនោះទេ។
គួរបញ្ជាក់ថា New START គឺជាកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធចុងក្រោយ ដែល នៅសេសសល់រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន។ ចំពោះការផ្អាកការ ចូលរួមក្នុងកិច្ចព្រមព្រៀងនេះ លោក ពូទីន បាននិយាយថា រុស្ស៊ីមិនអាច ទទួលយកការត្រួតពិនិត្យរបស់សហរដ្ឋអាមេរិកលើទីតាំងនុយក្លេអ៊ែររបស់ខ្លួនបានទេ ខណៈអាមេរិក និងសម្ព័ន្ធមិត្តណាតូ ចង់ឱ្យរុស្ស៊ីបរាជ័យនៅ អ៊ុយក្រែន។ លោកសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនដកខ្លួនចេញពី កិច្ច ព្រមព្រៀង នោះទេ ហើយក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រុស្ស៊ីនឹងគោរព លក្ខខណ្ឌ ស្តីពី អាវុធ នុយក្លេអ៊ែរ និងបន្តជូនដំណឹងដល់សហរដ្ឋអាមេរិកអំពី ការបាញ់សាកល្បងមីស៊ីលផ្លោង។
ក្នុងបទសម្ភាស៍ជាមួយទូរទស្សន៍រុស្ស៊ីដដែល លោក ពូទីន មិនបានរៀបរាប់ លម្អិតអំពីរបៀបដែលលោកនឹង «គិតគូរ» ពីអាវុធនុយក្លេអ៊ែររបស់ប្រទេស ណាតូដទៃក្រៅពីអាមេរិកនោះទេ ប៉ុន្តែបានបង្ហាញថា លោកបើកចំហចំពោះ ការពិភាក្សាអំពីប្រធានបទនេះ៕
ដោយ៖ហួន ឌីណា
ប្រភព៖ Putin: will ‘take into account’ NATO’s nuclear capability