ទន្លេស្ងួត នឹងក្លាយជាតំបន់ទេសចរណ៍ធម្មជាតិគំរូអព្យាក្រឹតកាបូនមួយនៅកម្ពុជា

ទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ កំពុងត្រូវបានរៀបចំប្រែក្លាយជាតំបន់រម្មណីដ្ឋានធម្មជាតិអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា ដោយមានការដាំផ្កាស្បៃរឿងចំនួន១លានដើម ការដាំដើមឈើ និងប្រើប្រាស់ពន្លឺអគ្គិសនី ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដែលជាថាមពលកកើតឡើងវិញ។

ថ្មីៗកន្លងមកនេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ផ្កាស្បៃរឿងទាំង១លានដើម បានដាំនៅទីតាំងប្រវត្តិសាស្រ្ត«ទន្លេស្ងួត» រួចហើយ ដើម្បីថ្វាយដល់ទេវតាឆ្នាំថ្មី ដែលគ្រោងយាងមកប្រោសព្រំពរជ័យសិរីសួស្តី ជូនប្រជារាស្រ្ត ក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិ និងយាងគ្រប់គ្រងទឹកដីនៃព្រះរាជារាណាចក្រកម្ពុជានាពេលខាងមុខ។

ជាមួយគ្នានេះ ក្រុមការងារបានសាងសង់ហេដ្ឋរចនាសម្ព័ន្ធនៅលើទីតាំងផ្ទាល់ ជាទីន្លែងស្តុកទឹក យ៉ាងសំខាន់ សំរាប់ប្រជាពលរដ្ឋប្រើប្រាស់ សម្រាប់បង្កើនផលកសិកម្ម និងបានដាំដើមឈើ ជិត១ពាន់ដើម ផងដែរ។ ក្រុមការងារ បានកែលម្អទីតាំងប្រវត្តិសាស្រ្ត ជារម្មណីយដ្ឋានស្រស់ស្អាត បំពាក់ប្រព័ន្ធអគ្គិសនីសូឡាចំនួន៥០ បង្គោលបំភ្លឺថែមទៀត។ ទុកជូនសំរាប់បងប្អូនប្រជាពលរដ្ឋ មកលេងចូលឆ្នាំខ្មែរ នៅពេលសម្សាកចុងសប្តាហ៍និងក្នុងបុណ្យទានផ្សេងៗ។

ឯកឧត្តម អ៊ាង សុផល្លែត បានបន្ថែមថា ការរៀបចំបង្កើតរមណីដ្ឋានប្រវត្តិសាស្រ្តធម្មជាតិ «ទន្លេស្ងួត»ដើម្បីទុកជាប្រយោជន៍សំរាប់ប្រជាពលរដ្ឋ ជាពិសេសជួយពង្រឹងជីវភាពសហគមន៍នៅក្នុងតំបន់ តាមរយៈការអភិវឌ្ឍទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី និងការរស់នៅដោយចីរភាព។

សូមបញ្ជាក់ថា ផ្តើមចេញពីសុខសន្តិភាព មូលដ្ឋានស្រុកអូររាំងឪ បានទទួលការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ពីរាជរដ្ឋាភិបាល ក៏ដូចជាពីក្រុមការងារចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានជួយដោះស្រាយការលំបាក និងជួយពង្រឹងជីវភាពប្រជាពលរដ្ឋជាប្រចាំ។ ជាមួយគ្នានេះ សមិទ្ធផលថ្មីនៃក្រុមការងារចុះមូលដ្ឋានស្រុកអូររាំងឪ នឹងជួយឲ្យតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្ត ក្លាយជាតំបន់ទេសចរណ៍ធម្មជាតិគំរូមួយនៅកម្ពុជា សម្រាប់ទាក់ទាញទេសចរ និងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍មូលដ្ឋាន។

តំបន់ប្រាសាទបុរាណព្រះធាតុបាស្រី ដែលបានកសាងឡើង អំពីថ្មភក់ តាំងពីសម័យមុនអង្គរ ក្នុងឆ្នាំ៩៨៣ នៃគ្រឹស្ដសករាជ បានក្លាយជាដែនដី ដែលពោរពេញដោយជំនឿ និងការគោរព រហូតដល់សព្វថ្ងៃ។ ទន្លេស្ងួត ជាទីតាំង មួយដែល មានរឿងដំណាលថា ព្រះមហាក្សត្រខ្មែរ ដែលបានសោយរាជក្នុងប្រវត្តិសាស្រ្ត ជាពិសេសក្នុងរាជព្រះអង្គស្តេចកន បានមកបែបន់ និងបានសម្រេចជោគជ័យ តាមបំណងប្រាថ្នារបស់ព្រះអង្គ។

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner