រដ្ឋាភិបាលសម្រេចបញ្ចេញថវិកា ២៣០លានដុល្លារ សង់ស្ពានក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា រាជរដ្ឋាភិបាលម្ពុជាបានសម្រចបញ្ចេញថវិកា២៣០លានដុល្លារសង់ស្ពានចំនួនពីរ ដើម្បីភ្ជាប់ខេត្តសំខាន់ចំនួនបី ដែលស្ថិតក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ការលើកឡើងនេះត្រូវបានបង្ហាញឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ជ្រោយចង្វារ កាលព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននិន្នាការនៃការប្រើប្រាស់ផ្លូវល្បឿនលឿននៅកម្ពុជាកាន់តែកើនឡើង ខណៈមិនយូរប៉ុន្មានកម្ពុជានឹងប្រកាសបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនទី២ មួយខ្សែទៀត គឺគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតថែមទៀត ខណៈដែលវៀតណាមក៏នឹងធ្វើផ្លូវល្បឿនលឿនភ្ជាប់ពីវៀតណាម មកភ្ជាប់ផ្លូវល្បឿនទល់ដែនកម្ពុជាដែរ។ សម្ដេចតេជោប្រកាសថា រាជរដ្ឋាភិបាលសម្រចបញ្ចេញថវិកាសាងសង់ស្ពាន ដែលមានតម្លៃប្រមាណ ២៣០លានដុល្លារអាមេរិក សាងសង់ស្ពានសម្រាប់ផ្លូវល្បឿនលឿនគឺស្ពានពីរទៅពីរមក ដោយភ្ជាប់កាត់ខេត្តចំនួនបី ដើម្បីសម្រួលដល់ការចំណាយអ្នកប្រើប្រាស់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

សម្ដេចតេជោនាយករដ្ឋមន្រ្តីបានបញ្ជាក់បន្ថែមថា៖«កាលពីមុនក្រុមហ៊ុនសាងសង់ ចង់ធ្វើស្ពានឆ្លងកាត់ទន្លេមេគង្គដោយយកប្រាក់ពីប្រជាជន តែខ្ញុំមិនព្រមទេ ព្រោះការយកប្រាក់ពីប្រជាជនពេលឆ្លងស្ពានផ្លូវល្បឿនលឿន គឺខ្ញុំទទួលយកអត់បាន ហើយស្នើឱ្យក្រុមហ៊ុនគិតគួរឡើងវិញ តែយ៉ាងណានៅតែមិនសម្រេចលទ្ធផល។ ទើបរដ្ឋាភិបាលសម្រេច បញ្ចេញថវិកាផ្ទាល់សាងសង់ស្ពានពីរទៅពីរមក ដែលមានតម្លៃ ២៣០លានដុល្លារអាមេរិក ដើម្បីឆ្លងកាត់ទៅត្រើយម្ខាងដោយឆ្លងកាតខេត្តកណ្តាល ព្រៃវែង និងចូលទៅកាន់ខេត្តស្វាយរៀង ក្នុងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត»។

ពាក់ព័ន្ធនឹងការលើកឡើងនេះដែរ លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅកម្ពុជា បានបង្ហាញការគាំទ្រចំពោះការចូលរួមកាត់បន្ថយចំណាយរបស់រដ្ឋាភិបាលចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់ស្ពានលើផ្លូវល្បឿនលឿន។
លោកបញ្ជាក់ថា៖« ជាទូទៅប្រាកដណាស់បើក្រុមហ៊ុនចំណាយប្រាក់សង់ស្ពានបន្ថែមខ្លួនឯង នឹងធ្វើឱ្យការចំណាយលើការឆ្លងកាត់ផ្លូវល្បឿនលឿនកាន់តែខ្ពស់ ព្រោះយើងធ្លាប់មានគំរូផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សម្រាប់ជីវភាពរបស់ប្រជាពលរដ្ឋគឺថ្លៃស្រាប់ហើយ តែយ៉ាងណាវាអាស្រ័យលើការព្រមព្រៀងរបស់រដ្ឋាភិបាល និងក្រុមហ៊ុនទៅលើដំណើរការគ្រប់គ្រង់ផ្លូវនេះបន្ថែមទៀត»។
អ្នកជំនាញសេដ្ឋកិច្ចរូបនេះ អះអាងថា រាល់ការវិនិយោគទៅហេដ្ឋារចនាសម្ព័ន្ធណាមួយ បើសិនជាបានគិតពីផលចំណេញសម្រាប់សេដ្ឋកិច្ច និងគិតគូរពីផលប្រយោជនប្រជាពលរដ្ឋជាធំ គឺជារឿងដ៏ត្រឹមត្រូវ និងចាំបាច់ត្រូវធ្វើ។
គួរបញ្ជាក់ដែរថា បើតាមទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសារធារណការ និង ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បានប្រកាសថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងបើកការដ្ឋានសាងសងជាផ្លូវការនៅខែមិថុនា ឆ្នាំ២០២៣នេះ។
គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជាផ្លូវល្បឿនលឿនទី២ របស់កម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ គឺជាខ្សែផ្លូវថ្មីទាំងស្រុង មានប្រវែងសរុបប្រមាណជា១៣៨គ.ម ចេញពីរាជធានីភ្នំពេញត្រង់ចំណុចផ្លូវក្រវាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។

គម្រោងនេះ គ្រោងនឹងបើកការដ្ឋានសាងសង់នៅឆ្នាំ២០២៣ និងបញ្ចប់គម្រោងឱ្យរួចរាល់នៅបំណាច់ឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ដោយត្រូវចំណាយថវិកាសាងសង់សរុបប្រមាណ១៦៣៨លានដុល្លារអាម៉េរិក។ គម្រោងផ្លូវល្បឿនលឿននេះ ត្រូវបានរដ្ឋាភិបាលចាត់ទុកថា មានសារៈសំខាន់ណាស់ក្នុងការតភ្ជាប់ទាំងប្រទេសចិន មកភូមា មកប្រទេសថៃ មកកម្ពុជា ទៅវៀតណាមថែមទៀត៕
ដោយ៖ សែម ពិសី

ads banner