រុស្ស៊ីរិះគន់ទណ្ឌកម្មរបស់អឺរ៉ុប និងសហរដ្ឋអាមេរិក ថា មិនសមហេតុផល និងគ្មានប្រយោជន៍
មូស្គូ៖ ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទសប្តាហ៍នេះ បានរិះគន់ចំៗលើសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បន្ទាប់ពីពួកគេបានអនុម័តកញ្ចប់ទណ្ឌកម្មចុងក្រោយបំផុតរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ឆ្លើយតបនឹងប្រតិបត្តិការយោធាពិសេសរបស់ទីក្រុងមូស្គូនៅក្នុងប្រទេសអ៊ុយក្រែន។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េសកូវ បានប្រាប់អ្នកសារព័ត៌មានថា ការដាក់ទណ្ឌកម្មចុងក្រោយបំផុតរបស់សហភាពអឺរ៉ុប ដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន គឺ “មិនសមហេតុផល”។
ការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបដែលកំណត់គោលដៅលើបុគ្គល និងអង្គភាពចំនួន ១២១ គឺជាការដាក់ទណ្ឌកម្មជុំទី ១០ ដែលមានបំណងកាត់បន្ថយហិរញ្ញវត្ថុ និងការផ្គត់ផ្គង់យោធារបស់រុស្ស៊ីសម្រាប់ជម្លោះនេះ។
ដោយឡែកក្រសួងការបរទេសរុស្ស៊ីក៏បានរិះគន់ការដាក់ទណ្ឌកម្មចុងក្រោយរបស់សហរដ្ឋអាមេរិក ដែលបានអនុម័តកាលពីសប្តាហ៍មុនផងដែរថា ជាការប៉ុនប៉ង “ឥតប្រយោជន៍ និងខ្វះការគិតគូរ” ក្នុងគោលបំណងបំផ្លាញសក្តានុពលឧស្សាហកម្ម និងហិរញ្ញវត្ថុរបស់យើង ដើម្បីបិទខ្ទប់ប្រទេសរុស្ស៊ីចេញពីទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិ។
ការដាក់ទណ្ឌកម្មថ្មីរបស់អាមេរិក ដែលកំពុងផ្តោតលើវិស័យនានា មានដូចជាធនាគារ ការជីកយករ៉ែ និងឧស្សាហកម្មការពារជាតិ នឹងប៉ះពាល់ដល់បុគ្គល និងអង្គភាពជាង ២០០ រួមទាំងតួអង្គរុស្ស៊ី និងប្រទេសទីបីផងដែរ។ ជុំវិញបញ្ហានេះដែរ ទីក្រុងមូស្គូបាននិយាយថា យើងកំពុងរៀបចំការឆ្លើយតបដោយការច្នៃប្រឌិតដោយប្រើបទពិសោធន៍របស់យើង។ ទណ្ឌកម្មប្រឆាំងរុស្ស៊ី នឹងទទួលការតបស្នងដ៏តឹងរ៉ឹងវិញ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា
