ឯកឧត្តម ខៀវ កាញារីទ្ធ ៖ អង្គភាពសារព័ត៌មានឯកជនទាំងអស់ គឺគ្មានសិទ្ធិយក Logo របស់ក្រសួងព័ត៌មាន ទៅប្រើប្រាស់នៅក្នុងលិខិតរដ្ឋបាល ឬក៏នៅតាមទីស្នាក់ការរបស់ខ្លួនជាដាច់ខាត
ភ្នំពេញ ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញ នៅទីស្តីការក្រសួង ព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានបញ្ជាក់យ៉ាងច្បាស់ៗរបស់ ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូ ជាមួយថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន ។
ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា «ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជនទាំងអស់ គឺគ្មានសិទ្ធិយក Logo របស់ក្រសួងព័ត៌មាន ទៅប្រើប្រាស់នៅក្នុងលិខិតរដ្ឋបាល ឬក៏នៅតាមទីស្នាក់ការរបស់ខ្លួនជាដាច់ខាត។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ក៏ដូចជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ត្រូវចេញ សេចក្ដីណែនាំជាថ្មីម្ដងទៀតដល់បណ្ដាអង្គភាពសារព័ត៌មានឯកជនទាំងអស់ ដើម្បីឱ្យពួកគាត់ ចៀសវាងឱ្យបាន»។
«អនុសាសន៍ណែនាំដោយសង្កត់ធ្ងន់ជាថ្មីម្ដងទៀតរបស់ឯកឧត្តមរដ្ឋមន្ត្រី ទៅដល់អគ្គនាយកដ្ឋានរដ្ឋបាលក៏ដូចជាអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ធ្វើយ៉ាងណាចេញនូវសេចក្ដីណែនាំជាថ្មីម្ដងទៀតដល់បណ្ដាអង្គភាពសារព័ត៌មានឯកជនទាំងអស់ ចៀសវាងឱ្យបាននៅក្នុងការយក Logoរបស់ក្រសួង ទៅដាក់នៅក្នុងលិខិតរដ្ឋបាលរបស់ខ្លួន, ទៅដាក់នៅតាមទីស្នាក់ការ ឬក៏អង្គភាព ផ្សព្វផ្សាយ របស់ខ្លួន។ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា អង្គភាពសារព័ត៌មានឯកជនទាំងអស់នោះ គឺពុំមានសិទ្ធិនៅក្នុងការយក Logo របស់ក្រសួង ដើម្បីប្រើទៅលើលិខិតរដ្ឋបាល ឬក៏នៅតាមទីស្នាក់ការ របស់ខ្លួននោះឡើយ»។
ក្នុងឱកាសនេះដែរ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្ដថា ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងអគ្គនាយកដ្ឋានជំនាញទាំង ៥ ដែលបានខិតខំនៅក្នុងការបំពេញការងាររបស់ខ្លួននាពេលកន្លងមក ហើយនិងត្រៀមអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនចំពោះការងារបន្តបន្ទាប់ទៀត ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

