លោក ម៉េង ហេង ប្រកាសបង្កើតអង្គការមាតាធម្មជាតិ ដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ
ភ្នំពេញ៖ លោក ម៉េង ហេង អតីតសហស្ថាបនិកចលនាមាតាធម្មជាតិជាមួយលោក អេឡិច (ជនជាតិអេស្បាញ) និងជាបុគ្គលិកវិទ្យុអាស៊ីសេរីដែរនោះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសជាផ្លូវការក្នុងការរៀបចំបង្កើតអង្គការមាតាធម្មជាតិដើម្បីចូលរួមលើកស្ទួយវិស័យបរិស្ថាន ការពារសន្តិភាព និងការអភិវឌ្ឍ។
តាមរយៈវីដេអូឃ្លីបដែលមានរយៈពេលជាង២:១១នាទី លោក ម៉េង ហេង បានបញ្ជាក់ថា៖ “ខ្ញុំបាទ ម៉េង ហេង សូមប្រកាសបង្កើតអង្គការមាតាធម្មជាតិ ចាប់ពីពេលនេះតទៅ ដើម្បីកៀរគរ ក៏ដូចជាឱ្យយុវជនទាំងអស់គ្នាជាពិសេសសកម្មជនចលនាមាតាធម្មជាតិ ដែលកំពុងដើរគោលនយោបាយចាញ់បោក ក៏ដូចជាចាញ់កលជនមួយចំនួន ក្រោមលេសនៃការការពារបរិស្ថាន ដើម្បីចង់បង្កើតបដិវត្តពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងបង្ខូចកេរ្តិ៍ឈ្មោះរាជរដ្ឋាភិបាល ក៏ដូចជាប្រទេសកម្ពុជាអាប់ឱនកិត្តិយស”។

លោកបានបន្តថា រាជរដ្ឋាភិបាលបានចេញគោលនយោបាយក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក នៃសន្តិភាពប្រទេសកម្ពុជា បានផ្តល់ឱកាសដល់រូបគេ ចូលរួមក្នុងការការពារបរិស្ថាន។លោកបានអំពាវនាវដល់សមាជិកចលនាមាតាធម្មជាតិទាំងអស់ចូលរួមជាមួយលោក ក្នុងអង្គការមាតាធម្មជាតិ ដើម្បីលើកស្ទួយវិស័យបរិស្ថាន។
ជាមួយគ្នានេះ លោកម៉េង ហេង បានអំពាវនាវដល់សមាជិកយុវជនចលនាមាតាធម្មជាតិដែលជាក្រុមខុសច្បាប់របស់លោក អេឡិច មួយចំនួនដែល ចង់បង្កើតបដិវត្តន៍ពណ៌ និងបង្ហូចឈ្មោះរាជរដ្ឋាភិបាលក្នុងគោលបំណងឱ្យកម្ពុជាអាប់ឱនកិត្តិយសក្រោមលេសការពារបរិស្ថាន ព្រមទាំងសកម្មជន និងក្រុមយុវជនដែលស្រលាញ់បរិស្ថាន និងធម្មជាតិ មេត្តាចូលរួមសកម្មភាពជាមួយ អង្គការមាតាធម្មជាតិ របស់លោកវិញ ក្នុងការរួមចំណែកយ៉ាងពិតប្រាកដដើម្បីរក្សាការពារសុខសន្តិភាព វឌ្ឍនភាព និងអធិបតេយ្យភាព ៕ ដោយ៖ ពលជ័យ
