ធនាគារពិភពលោក (WB) ប៉ាន់ប្រមាណថា តួកគីខាតបង់សេដ្ឋកិច្ចប្រហែល ៣៤ពាន់លានដុល្លារ ដោយសារគ្រោះរញ្ជួយដី
វ៉ាស៊ីនតោន៖ ធនាគារពិភពលោក (WB) នៅថ្ងៃចន្ទសប្តាហ៍នេះ បានបញ្ជាក់ថា ការបំផ្លិចបំផ្លាញកាលពីថ្ងៃទី៦ ខែកុម្ភៈ បង្កឡើងពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារភាគខាងត្បូងប្រទេសតួកគី ធ្វើឱ្យខាតបង់ទ្រព្យសម្បត្តិមានតម្លៃជាង ៣៤ពាន់លានដុល្លារ។
ធនាគារពិភពលោក (WB) បន្តថា ចំនួនទឹកប្រាក់ខាងលើនេះ គឺស្មើនឹង ៤ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសតួកគីក្នុងឆ្នាំ២០២១ ហើយថា ការប៉ាន់ប្រមាណនេះ នៅពុំទាន់រាប់បញ្ចូលការចំណាយលើការកសាងឡើងវិញ ដែលមានសក្តានុពល “ធំជាងទ្វេដង” នៅឡើយទេ។
ហើយការប៉ាន់ប្រមាណនេះដែរ ក៏ពុំទាន់គិតអំពីទំហំនៃការខូចខាតដែលកើតឡើងនៅភាគខាងជើងប្រទេសស៊ីរីផងដែរ ជាពិសេសតំបន់រងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី ខណៈការប៉ាន់ប្រមាណរបស់ធនាគារពិភពលោកអំពីការចំណាយនៅទីនោះ នឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារនេះ។
ទន្ទឹមគ្នា ធនាគារពិភពលោក (WB) បានព្រមានថា គ្រោះរញ្ជួយដីបន្តបន្ទាប់ទំនងជានឹងបង្កើនចំនួនសរុប នៃការខូចខាតដែលបណ្តាលមកពីគ្រោះមហន្តរាយនេះ។ ធនាគារពិភពលោកក៏បានប៉ាន់ប្រមាណដែរថា មនុស្ស ១.២៥លាននាក់បានបាត់បង់ផ្ទះសម្បែង ដោយសារតែការដួលរលំអគារស្នាក់នៅ។
ធនាគារនេះបន្ថែមថា ការខូចខាតដោយផ្ទាល់ចំពោះអគារស្នាក់នៅមានប្រហែល ៥៣ភាគរយនៃការប៉ាន់ប្រមាណ ខណៈដែល ២៨ភាគរយទៀតជាអគារមិនមែនស្នាក់នៅ ហើយភាគរយដែលនៅសល់ទាំងប៉ុន្មាន គឺស្ថិតនៅក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ មានដូចជាផ្លូវថ្នល់ និងស្ពានជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ទីណា

