ថ្ងៃចុងក្រោយសម្រាប់អតីតបុគ្គលិកវិទ្យុវីអូឌី៖ ២៥នាក់ហើយបានដាក់ពាក្យគិតត្រឹមព្រឹកនេះ
ភ្នំពេញ៖ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គឺជាថ្ងៃចុងក្រោយហើយសម្រាប់អតីតបុគ្គលិកវិទ្យុ វីអូឌី(VOD)សម្រាប់ចូលបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋក្រោមការអនុគ្រោះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣ មានអតីតបុគ្គលិកវិទ្យុវីអូឌី ចំនួន២៥នាក់បានដាក់ពាក្យចូលបម្រើការងាររួចហើយដែរ។
ឯកឧត្តម ព្រំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ មានអតីតបុគ្គលិក VOD សរុប ២៥នាក់ ក្នុងនោះនារី ៦នាក់ បានទៅដាក់ពាក្យបម្រើការងារក្នុងក្របខ័ណ្ឌរដ្ឋ។ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ឱសានវាទនៃការទទួលពាក្យនឹងត្រូវបិទបញ្ចប់នៅល្ងាចថ្ងៃនេះ តាមការកំណត់របស់សម្តេចតេជោ។ លោករដ្ឋមន្ត្រី រំពឹងថា នៅថ្ងៃនេះនឹងមានអតីតបុគ្គលរបស់ VOD មកដាក់ពាក្យបន្តទៀត។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ថ្ងៃទិវានៃក្តីស្រឡាញ់ សម្តេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ការងារក្របខ័ណ្ឌមន្ត្រីរាជការជូនដល់អតីតបុគ្គលិករបស់វិទ្យុ វីអូឌី ដើម្បីដោះស្រាយការលំបាក បន្ទាប់ពីវិទ្យុ VOD ត្រូវបានក្រសួងព័ត៌មានបិទការផ្សាយ ព្រោះការផ្សាយព័ត៌មានខុស និងមិនព្រមកែតម្រូវ ឬសូមទោសជាសាធារណៈចំពោះកំហុសលើការផ្សាយនេះ។
សម្តេចតេជោ ហ៊ុន សែន បានផ្តល់ឱកាសសម្រាប់ការដាក់ពាក្យចូលបម្រើការងារក្នុងក្របខណ្ឌរដ្ឋ ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ នេះតែប៉ុណ្ណោះ។
បើតាមព័ត៌មានអតីតបុគ្គលិករបស់វិទ្យុ វីអូឌី មានចំនួនជាង ៥០នាក់៕ដោយៈពលជ័យ