ប្រមុខការទូតកម្ពុជា ៖ ការទូតបែបឌីជីថល គឺជាមធ្យោបាយដ៏សំខាន់មួយនៃការអនុវត្តនយោបាយការបរទេស របស់ក្រសួងការបរទេសក៏ដូចជារបស់ស្ថានតំណាងកម្ពុជា
ភ្នំពេញៈ ប្រុខការទូតកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា ការទូតបែបឌីជីថល គឺជាមធ្យោបាយដ៏សំខាន់មួយ នៃការអនុវត្តនយោបាយការបរទេស របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជារបស់ស្ថានតំណាងកម្ពុជា។ ការទូតបែបឌីជីថលនេះ តែងត្រូវបានគេអនុវត្ត ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាថ្មីៗ រួមមាន៖ គេហទំព័រ និងប្រព័ន្ធបណ្តាញសង្គមនានា ជាឧបករណ៍ក្នុងការផ្សព្វផ្សាយពីសកម្មភាពរបស់រាជរដ្ឋាភិបាល និងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។ ការបញ្ជាក់នេះ ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការពង្រឹងសមត្ថភាពជំនាញឌីជីថលសម្រាប់មន្រ្តីការទូតកម្ពុជា”នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

ឯកឧត្តមបានបន្តថា តាមការអនុវត្តកន្លងមកនេះ ស្ថានតំណាងកម្ពុជានៅបរទេសសុទ្ធសឹងតែមានគេហទំព័រ និងបណ្តាញសង្គម ( ឧទាហរណ៍៖Facebook និង Telegram ជាដើម) រៀងៗខ្លួន ដើម្បីចែករំលែក ព័ត៌មាន សកម្មភាព និងទំនាក់ទំនងជាមួយសាធារណៈជន។ ហេតុនេះ ការពង្រឹងសមត្ថភាពជំនាញឌីជីថលនឹងចូលរួមចំណែកពង្រីកវិសាលភាព នៃកិច្ចខិតខំប្រឹងប្រែងរបស់ស្ថានតំណាងជូនសាធារណជន បានយល់ដឹង និងជួយលើកតម្កើនកិត្យានុភាពជាតិលើឆាកអន្តរជាតិ។
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងថា បដិវត្តន៍ឧស្សាហកម្មទី៤ កំពុងបង្ហាញពីការរីកចម្រើននៃបច្ចេកវិទ្យានៅក្នុងពិភពលោក ដែលជះឥទ្ធិពលយ៉ាងខ្លាំងលើការកំណត់ទ្បើងវិញនូវផែនផលិតកម្ម ទំនាក់ទំនងផលិតកម្ម ឥរិយាបថការប្រើប្រាស់ និងរចនាសម្ព័ន្ធសេដ្ឋកិច្ច ដូចជាការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត(AI) ការប្រើប្រាស់មនុស្សយន្ត(Robot), ការបោះពុម្ព 3D, ការប្រើប្រាស់ ជីវបច្ចេកវិទ្យា (Biotech)។ល។ ការរីកចម្រើន និងការវិវត្តយ៉ាងឆាប់រហ័សរបស់បច្ចេកវិទ្យាព័ត៌មានវិទ្យា បានធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់ប្រជាជនទូទាំងសកលលោកមានការផ្លាស់ប្ដូរយ៉ាងគំហុក ទាំងក្នុងវិស័យ ផលិតកម្ម អប់រំ សុខាភិបាល ទីផ្សារការងារ ពាណិជ្ជកម្ម ធុរកិច្ច និងរដ្ឋបាលសាធារណៈ និងបច្ចេកវិទ្យា ជាដើម។ ទម្លាប់ចាស់ៗរបស់មនុស្សជាតិក៏ត្រូវបានកែប្រែ រាប់ចាប់ពីវិធីសាស្ត្រនៃការប្រាស្រ័យទាក់ទងគ្នា ការទទួលយកព័ត៌មាន និងរបៀបរបបធ្វើការប្រចាំថ្ងៃ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា មិនតែប៉ុណ្ណោះ បច្ចេកវិទ្យា ឬប្រព័ន្ធឌីជីថលត្រូវបានប្រទេសជាច្រើនលើ សកលលោក ប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីទាញយកផលប្រយោជន៍ផ្នែកនយោបាយ សេដ្ឋកិច្ច សង្គម ព្រមទាំងក្នុងវិស័យការទូតផងដែរ។ បច្ចុប្បន្ននេះ អ្នកនយោបាយ និងអ្នកការទូតក៏បានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិត និងបណ្តាញសង្គមនានា ដើម្បីចែករំលែកព័ត៌មាន និងប្រាស្រ័យទាក់ទងជាមួយសាធារណជន ក្នុងគោលបំណងផ្សព្វផ្សាយ និងពង្រឹងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ដែលវិធីសាស្ត្រនេះត្រូវបានគេស្គាល់ថាជា “ការទូតបែបឌីជីថល”។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ប្រទេសដែលទទួលបានជោគជ័យក្នុងការអនុវត្តការទូតបែបឌីជីថលនេះ តែងតែប្រមូលផ្ដុំបាននូវអំណាចទន់ ឬ Soft Power ដែលជាគន្លឹះមួយដ៏សំខាន់ ក្នុងការទាញយកផលប្រយោជន៍ជូនជាតិ និងប្រជាជនរបស់គេ។ ហេតុនេះហើយ ទើបបច្ចេកវិទ្យាបានក្លាយជាសមរភូមិមួយ ក្នុងជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសមហាអំណាច ជាពិសេសសហរដ្ឋអាមេរិក និងចិន ដើម្បីក្លាយជាអ្នកនាំមុខក្នុងបច្ចេកវិទ្យាស្នូលដូចជា ប្រព័ន្ធ5G, បញ្ញាសិប្បនិម្មិត (AI) និងការផលិត semiconductors។ ជាលទ្ធផល ទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមរារាំងការនាំចេញ semiconductor ទៅកាន់ប្រទេសចិន ដែលជាបច្ចេកវិទ្យាស្នូលគ្រប់គ្រងដោយសហរដ្ឋអាមេរិក រីឯទីក្រុងប៉េកាំងក៏បានដាក់ចេញគោលនយោបាយវាយបក តាមរយៈការកាត់ផ្តាច់អាមេរិក ចេញពីខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ខ្លួន ដោយកំណត់ការនាំចេញវត្ថុធាតុកម្រសំខាន់ៗ ក្នុងការផលិតគ្រឿងបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក។
ឯកឧត្តមបានបន្តថា យុគសម័យឌីជីថលនេះស្តែងបញ្ជាក់ថា បច្ចេកវិទ្យាបានក្លាយជាក្បាលម៉ាស៊ីន នៃកំណើនសេដ្ឋកិច្ច។ ការចាប់យកបច្ចេកវិទ្យានៅពេលនេះ នឹងអនុញ្ញាតឱ្យយើងអាចប្រើប្រាស់វាជាឧបករណ៍មួយសម្រាប់ការទាញយកកំណើនសេដ្ឋកិច្ច តាមរយៈការជ្រៀតចូលទីផ្សារថ្មី ក្នុងពាណិជ្ជកម្មអេឡិចត្រូនិក និងការស្តារកិត្យានុភាពជាតិ តាមប្រព័ន្ធអ៊ីនធឺណិត។ ជាក់ស្ដែងប្រទេសជិតខាងយើងដូចជាប្រទេសថៃ សិង្ហបុរី និងវៀតណាម បានប្រើប្រាស់បណ្ដាញសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីទាក់ទាញវិនិយោគគិន ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាក្នុងការផ្តល់ព័ត៌មាន និងការប្រឹក្សាយោបល់ជូនវិនិយោគិន ការចុះបញ្ជីគម្រោងវិនិយោគ ក៏ដូចជាផ្សព្វផ្សាយពីសក្តានុពល ពិសេសលើវិស័យអេឡិចត្រូនិកទេសចរណ៍ វប្បធម៌ និងម្ហូបអាហារ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ស្របតាមនិន្នាការពិភពលោក រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងជំរុញ និងពន្លឿនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជាគំនាស់សម្រាប់អភិវឌ្ឍ ធានាអភិបាលកិច្ចល្អ និងបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ កំណែទម្រង់នេះមិនត្រឹមតែជំរុញការអភិវឌ្ឍ និងការពង្រឹងសមត្ថភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ឆ្លើយតបនឹងបរិបទនៃការអភិវឌ្ឍនៅក្នុងពិភពលោក ដែលបើកឱកាសដល់ការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ការធ្វើពិពិធកម្មសេដ្ឋកិច្ច ពង្រឹងភាពប្រកួតប្រជែង និងការធ្វើសមាហរណកម្មទៅកាន់ទីផ្សារក្នុងតំបន់ និងអន្តរជាតិ។ កាលពីឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយរាជរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលមានចក្ខុវិស័យកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត និងទំនុកចិត្តប្រជាពលរដ្ឋ តាមរយៈការបម្រើសេវាសាធារណៈឱ្យកាន់តែល្អប្រសើរ។ គោលនយោបាយនេះមានគោលដៅ ១). អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរដ្ឋាភិបាលឌីជីថល ២).កសាងអភិបាលកិច្ចនិងសេវាសាធារណៈឌីជីថល ៣) កសាងសមត្ថភាពនិងនវានុវត្តន៍ឌីជីថល និង ៤). លើកកម្ពស់កិច្ចសហការនិងភាពជាដៃគូរវាងរដ្ឋនិងឯកជន ដែលនឹងឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្សេងៗ របស់រាជរដ្ឋាភិបាលដូចជា៖ ភាពមានកម្រិតនៃការចែករំលែកព័ត៌មាន និងទិន្នន័យរវាងក្រសួងស្ថាប័ន គម្លាតនៃគោលនយោបាយ និងការអនុវត្តគោលនយោបាយ និងយន្តការតាមដាន និងវាយតម្លៃជាដើម៕ដោយ៖ពលជ័យ