លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ទិវាអន្តរជាតិ នារី ៨មីនា ឆ្នាំ២០២៣ គឺជាការរំលេចពីតម្លៃ នៃការចូលរួមរបស់ស្ត្រី ក្នុងយុគសម័យឌីជីថល ក្នុងការថែរក្សាសុខសន្តិភាព និងក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ

ខេត្តកំពង់ចាម ៖ ក្នុងពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ២០២៣ ខួបទី១១២ និងបូកសរុបការងារ ឆ្នាំ២០២២និងលើកទិសដៅបន្តឆ្នាំ២០២៣ របស់សាខាសមាគមនារី និងក្រុមចលនាស្ត្រីខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍ ថ្លែងថា ការប្រារព្ធពិធីរំលឹកខួប ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៣ ខួបទី១១២ ដោយឡែកសម្រាប់ប្រទេសកម្ពុជាយើងទើបតែខួបលើកទី៤៤ឆ្នាំប៉ុណ្ណោះ ដែលប្រព្រឹត្តទៅក្រោមមូលបទ «ស្រ្តីរួមគ្នា រក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល» គឺគោលបំណងបន្តរំលេចពីតម្លៃពីការចូលរួម របស់ ស្ត្រី ក្នុងការថែរក្សាសុខសន្តិភាព ក៏ដូចជាកំពុងចូល យ៉ាងសកម្ម ក្នុងការពន្លឿនកិច្ចអភិវឌ្ឍលើគ្រប់វិស័យ ។

លោកជំទាវបន្តថា ក្នុងភាពជាដៃគូ ប្រជា ពលរដ្ឋកម្ពុជា ទាំងស្ត្រីនិងបុរស នឹងចូលរួមដោយស្មើភាពនិងស្មើសិទ្ធ ជាមួយ ប្រជាពលរដ្ឋនៃបណ្តាប្រទេសនានា ទាំងក្នុងតំបន់និងសកលលោក ជាពិសេស នៅក្នុងយុគសម័យឌីជីថល និងនៅក្នុងរបៀបវារៈស្តារសេដ្ឋកិច្ច-សង្គម ក្រោយវិបត្តិកូវីដ១៩ ក៏ដូចជាការកសាងភាពធន់ ភាពរឹងមាំ និងការអភិវឌ្ឍប្រកបដោយចីរភាព ។

ក្នុងបរិការណ៍នេះ ការយកចិត្តទុកដាក់និងការពង្រឹងសមភាពយេនឌ័រ នៅតែបន្តជាកិច្ចការអាទិភាព ដើម្បីធានាស្រ្តី និងក្មេងស្រីគ្រប់រូប ទទួលបាន សមភាពនៅក្នុងគ្រប់ទិដ្ឋភាព និងនៅក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និង សង្គមកិច្ច ព្រមទាំងអនុវត្តសិទ្ធចូលរួមដោយស្មើភាពគ្នា ជាធនធានដ៏មានតម្លៃ និងជាដៃគូមិនអាចខ្វះបានជាមួយបុរស ក្នុងការអភិវឌ្ឍប្រទេសជាតិ និង រស់នៅក្នុងសង្គមដោយភាពថ្លៃថ្នូរ ជីវភាពល្អប្រសើរ និងប្រកបដោយសុខមាលភាព ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងចូលរួមទប់ស្កាត់ទាំងអស់គ្នា ចំពោះជំងឺផ្តាសសាយបក្សី H5N1 ដែលមានមួយករណី បណ្តាលឲ្យកុមារីអាយុ ១១ឆ្នាំ ៦ខែ រស់នៅភូមិ រលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បានស្លាប់បាត់បង់ជីវិត ៕

ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner