សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-សិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែកបទពិសោធន៍ ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ទោ ដាវីត នេអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ និងបានលើកទឹកចិត្តឱ្យកងទ័ពទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ រួមទាំងការចែករំលែកបទពិសោធន៍ ព័ត៌មាន និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។

នៅក្នុងជំនួបនេះ ឯកឧត្តម នេអូ បានគោរពសម្ដែងនូវក្ដីរីករាយជាមួយទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេស រវាងកងទ័ព និងកងទ័ព ។ ឯកឧត្តម ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានពិភាក្សាជាមួយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោកកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយក៏បានកំណត់នូវគោលដៅកិច្ចសហប្រតិបត្តិការ នៅពេលខាងមុខ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ។

សូមជម្រាបថា នៅក្នុងជំនួបទ្វេភាគីរវាងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងលោកឧត្តមសេនីយ៍ទោ ដេវីត នីអូ (David Neo) មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរី នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំង២ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កាជាច្រើន ដែលសម្រេចបានកន្លងមក នៅក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្ស, ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត និងការផ្តល់ជំនួយឧបត្ថម្ភផ្នែកសម្ភារៈជាដើម និងព្រមទាំងបានកត់សម្គាល់អំពីសារៈសំខាន់ចាំបាច់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងនេះឱ្យកាន់តែសកម្មបន្ថែមទៀត ដោយឈរលើមូលដ្ឋាន នៃទំនាក់ទំនងរឹងមាំ និងប្រកបដោយទំនុកចិត្តរវាងប្រទេស និងប្រជាជនទាំងពីរ ដើម្បីផលប្រយោជន៍ទៅវិញទៅមក ក៏ដូចជាការរួមចំណែកថែរក្សាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់។

ក្នុងន័យនេះ មេបញ្ជាការកងទ័ពជើងគោកទាំងពីរ បានផ្តោតការពិភាក្សាលើទិសដៅសហប្រតិបត្តិការ និងការរៀបចំសកម្មភាពរួមគ្នាមួយចំនួន រួមមាន៖ ការហ្វឹកហ្វឺន, លំហាត់រួមក្នុងប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ, ការលោតឆត្រ មិត្តភាព, ការផ្លាស់ប្តូរបទពិសោធន៍ជំនាញ, ការភ្ជាប់ទំនាក់ទំនងរវាងអង្គភាព និងអង្គភាព ព្រមទាំងការពិនិត្យលទ្ធភាព ក្នុងការបង្កើតយន្តការទំនាក់ទំនង ការងាររវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យបានជាប់ជាប្រចាំ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ឧត្តមសេនីយ៍ទោ ដេវីត នីអូ នាពេលនេះ គឺជាដំណើរទស្សនកិច្ចផ្លូវការលើកទី២ របស់មេបញ្ជាការកងទ័ពជើងគោកសិង្ហបុរីនៅកម្ពុជា ដែលការណ៍នេះ នឹងក្លាយជាកម្លាំងចលករបន្ថែមទៀត ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ ឱ្យកាន់តែសកម្មស៊ីជម្រៅ និងរឹងមាំ ៕

ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner