គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់
ភ្នំពេញ៖គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី សំ សុគង់ អត្តលេខ៣២១ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្ដីពីលក្ខន្តិកៈ មេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី។

យោងតាមសេចក្តីប្រកាសព័ត៌មានខាងលើបានពណ៌នាថា ក្រុមប្រឹក្សាគណៈមេធាវីយល់ឃើញថា លោកមេធាវី សំ សុគង់ បានផ្តល់ បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី(RFA)ផ្សាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍ នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាពស្មោះត្រង់) មាត្រា១(អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មានជាសាធារណៈនៃមេធាវី) និង មាត្រា២៣(លិខិតប្រគល់សិទ្ធិ) នៃក្រមសីលធម៌មេធាវី ប្រការ១ និងប្រការ៣ នៃបទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា ក្រុមប្រឹក្សាគណៈមេធាវីបានធ្វើការចោទប្រកាន់និងអញ្ជើញលោក មេធាវី សំ សុគង់ មកឆ្លើយការពារ ខ្លួនចំពោះមុខក្រុមប្រឹក្សាគណៈមេធាវីស្របតាមបញ្ញត្តិច្បាប់ ហើយលោកមេធាវី សំ សុគង់ក៏បានទទួលស្គាល់ កំហុសផងដែរ៕ ដោយ៖ពលជ័យ
