គណៈមេធាវីសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី ព្រោះរំលោភច្បាប់មេធាវី
ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាគណៈមេធាវីបានសម្រេចដាក់ទណ្ឌកម្មជាបទវិន័យលើលោកមេធាវី ជូង ជូងី អត្តលេខ៣០០ ដោយធ្វើការស្តីបន្ទោសជាលាយលក្ខណ៍អក្សរ តាមបញ្ញត្តិនៃមាត្រា៥៩ និងមាត្រា៦៣ នៃច្បាប់ស្ដីពីលក្ខន្តិកៈ មេធាវី និងសម្រេចផ្សាយជាសាធារណៈ តាមបញ្ញត្តិនៃមាត្រា៦៥ នៃច្បាប់ស្តីពី លក្ខន្តិកៈមេធាវី។នេះបើយោងតាមសេចក្តីប្រកាស ព័ត៌មានរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈឆ្នាំ២០២៣នេះ។

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្រុមប្រឹក្សាគណៈមេធាវីយល់ឃើញថា លោកមេធាវី ជូង ជូងី បានផ្តល់បទសម្ភាសន៍ជាមួយ វិទ្យុបារាំងអន្តរជាតិ(RFI)ផ្សាយលើទំព័រហ្វេសប៊ុកកាលពីថ្ងៃទី១៧ខែមករាឆ្នាំ២០២៣ដែលខ្លឹមសារនៃកិច្ចសម្ភាសន៍នេះបានរំលោភលើមាត្រា៦(សុចរិតភាពនិងភាព ស្មោះត្រង់) មាត្រា៧(ការសម្ងាត់នៃវិជ្ជាជីវៈ) មាត្រា១៧(អន្តរាគមន៍តាមប្រព័ន្ធផ្សាយព័ត៌មាន ជាសាធារណៈនៃមេធាវី) នៃក្រមសីលធម៌មេធាវី មាត្រា៥៨ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវីប្រការ១ និងប្រការ៣នៃបទបញ្ជាផ្ទៃក្នុង នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ប្រភពដដែលបន្តថា ក្រុមប្រឹក្សាគណៈមេធាវីបានធ្វើការចោទប្រកាន់និងអញ្ជើញលោក មេធាវី ជូង ជូងី មកឆ្លើយការពារខ្លួនចំពោះ មុខក្រុមប្រឹក្សាគណៈមេធាវីស្របតាមបញ្ញត្តិច្បាប់ ហើយលោកមេធាវី ជូង ជូងី ក៏បានទទួលស្គាល់កំហុសផងដែរ៕
ដោយ៖ពលជ័យ
