កាណាដាបិទ TikTok ពីឧបករណ៍រដ្ឋាភិបាល ដោយលើកឡើងពី ហានិភ័យផ្នែកសន្តិសុខ

អូតាវ៉ា៖​ ប្រទេសកាណាដាកាលពីថ្ងៃចន្ទ បានប្រកាសបិទកម្មវិធី ទីកតុក (TikTok) របស់ចិន ពីឧបករណ៍ដែលប្រើក្នុងរដ្ឋាភិបាល ដោយលើកឡើងពីកម្រិត «មិនអាចទទួលយកបាន» នៃហានិភ័យ ចំពោះឯកជនភាព និងសន្តិសុខ ដែលបង្ហាញពីភាពប្រែះស្រាំមួយ កម្រិតទៀតនៃទំនាក់ទំនងរវាងក្រុងអូតាវ៉ា និងប៉េកាំង។

ជំហានបែបនេះរបស់កាណាដាគូសបញ្ជាក់ពីការបញ្ជុះបញ្ជូលដែលកំពុងកើនឡើងប្រឆាំងនឹងកម្មវិធីទីកតុក ដែលជាកម្មសិទ្ធិរបស់ ក្រុមហ៊ុន ចិន ByteDance Ltd ដោយសារតែការព្រួយបារម្ភអំពី ភាពជិតស្និទ្ធរបស់ក្រុមហ៊ុននេះជាមួយនឹងរដ្ឋាភិបាលក្រុងប៉េកាំង និងការគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ទូទាំងពិភពលោក។

នាយករដ្ឋមន្ត្រីកាណាដា លោក ចាស្ទីន ទ្រូដូ បានប្រាប់អ្នក សារព័ត៌មានថា រដ្ឋាភិបាលរបស់លោកកំពុងពិនិត្យយ៉ាង យក ចិត្តទុកដាក់ពីរបៀបធានាសន្តិសុខតាមអ៊ីនធឺណិតរបស់ពលរដ្ឋកាណាដា។ នេះបើតាមការស្រង់សម្ដីរបស់ទីភ្នាក់ងារ សារព័ត៌មាន រ៉យទ័រ។

លោកថ្លែងដោយសំដៅលើសកម្មភាពប្រឆាំងនឹងកម្មវិធីទីកតុកថា៖ «នេះអាចជាជំហានដំបូង វាអាចជាជំហានតែមួយគត់ដែល យើង ត្រូវធ្វើ»។
លោក ទ្រូដូ បានបន្តថា ដោយសាររដ្ឋាភិបាលបិទទីកតុកនៅលើ ឧបករណ៍ការងាររបស់រដ្ឋាភិបាលដូចជាទូរស័ព្ទ «ពលរដ្ឋកាណាដា អាជីវកម្ម និងបុគ្គលឯកជនជាច្រើន នឹងឆ្លុះបញ្ចាំងពីសុវត្ថិភាពនៃ ទិន្នន័យ ផ្ទាល់ខ្លួនរបស់ពួកគេ ហើយជាលទ្ធភាព ប្រហែលជា ពួកគេនឹងធ្វើការសម្រេចចិត្ត»។

គួរបញ្ជាក់ថា ការបិទនេះចូលជាធរមានចាប់ពីថ្ងៃអង្គារទៅ ហើយ បុគ្គលិករដ្ឋរបស់សហព័ន្ធក៏នឹងត្រូវបានរារាំងពីការទាញយកកម្មវិធីនាពេលអនាគតផងដែរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ពីក្រុមប្រឹក្សារតនាគាររបស់កាណាដា ដែលគ្រប់គ្រងរដ្ឋបាលសាធារណៈ។
ដំបូងឡើយ ក្រុមហ៊ុនទីកតុកបាននិយាយថា ខ្លួនមានការខកចិត្ត ចំពោះ ការសម្រេចចិត្តរបស់រដ្ឋាភិបាលកាណាដា ប៉ុន្តែក្រោយមកបាន ចេញសេចក្តីថ្លែងការណ៍មួយទៀត ដោយកត់សម្គាល់ថា ខ្លួនមាន ចម្ងល់ ចំពោះបញ្ហានេះ ខណៈជំហានរបស់កាណាដាធ្វើឡើងបន្ទាប់ ពីមានការហាមឃាត់ស្រដៀងគ្នានៅក្នុងសហភាពអឺរ៉ុប និងសហរដ្ឋ អាមេរិក។
អ្នកនាំពាក្យក្រុមហ៊ុនទីកតុក និយាយនៅក្នុងអ៊ីមែលប្រាប់រ៉យទ័រថា ការហាមឃាត់ ឬបិទនេះត្រូវបានធ្វើឡើង «ដោយមិនលើកឡើងពី ការព្រួយ បារម្ភអំពីសន្តិសុខជាក់លាក់ណាមួយ ឬទាក់ទងមក យើង ដើម្បីសួរ»។

កាលពីសប្ដាហ៍មុន គណៈកម្មការអឺរ៉ុបបានដាក់បម្រាមស្រដៀងគ្នា ខណៈព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីខែធ្នូ បានអនុម័តច្បាប់មួយ ដើម្បីរារាំងបុគ្គលិករដ្ឋសហព័ន្ធពីការប្រើប្រាស់កម្មវិធីនេះ នៅលើ ឧបករណ៍ដែលគ្រប់គ្រងដោយរដ្ឋាភិបាល។ ឥណ្ឌាឯណោះវិញ បានហាមឃាត់ទីកតុក តាំងតែពីឆ្នាំ ២០២០។

សកម្មភាពរបស់កាណាដាចុងក្រោយនេះ បង្ហាញពីភាពតានតឹង មួយកម្រិតទៀតនៃទំនាក់ទំនងចិន-កាណាដា ដែលមានភាព រកាំរកូសក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារហេតុផលផ្សេងៗ ដែលភាគច្រើនពាក់ព័ន្ធនឹងការចោទប្រកាន់របស់ទីក្រុងអូតាវ៉ាថា ដែលថា ចិនបានព្យាយាមបន្សាយឥទ្ធិពលលើការបោះឆ្នោតរបស់ខ្លួន ហើយថាប្រទេសនេះកំពុងដំណើរការសកម្មភាពឃ្លាំមើលពីដែនអាកាស និងដែនសមុទ្រ។
ចំណែក ចិនបានបដិសេធរាល់ការចោទប្រកាន់ ហើយជំរុញ ឱ្យ ក្រុងអូតាវ៉ា បញ្ឈប់នូវអ្វីដែលខ្លួនពិពណ៌នាថាជាការចោទប្រកាន់ ដោយគ្មានហេតុផល៕
ដោយ៖ ហួន ឌីណា
ប្រភព៖ Canada bans TikTok from government devices citing security risks

ads banner