រាជរដ្ឋាភិបាលចេញអនុក្រឹត្យកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ
ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្តីពីការកំណត់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ ដើម្បីការពារ និងអភិរក្សសត្វផ្សោត ស្របពេល មន្ត្រី បរិស្ថាន និងសង្គមស៊ីវិលយល់ថា អនុក្រឹត្យនេះនឹងធ្វើឱ្យការអនុវត្ត ច្បាប់ កាន់តែមានប្រសិទ្ធភាព ហើយនឹងធ្វើឲ្យចំនួនសត្វផ្សោត កាន់តែកើន ឡើងផងដែរ។
អនុក្រឹត្យនេះ បានចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ដោយ កំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ដែលស្ថិតនៅក្នុងខេត្ត ស្ទឹងត្រែង និងខេត្តក្រចេះ។
អនុក្រឹត្យបានបញ្ជាក់ថា ៖ «កំណត់ពីតំបន់គ្រប់គ្រងសត្វផ្សោត ទន្លេមេគង្គ ដើម្បីការពារ និងអភិរក្សសត្វផ្សោត ដែលជារតនសម្បត្តិ ធម្មជាតិមានជីវិតដ៏ពិសិដ្ឋប្រកបដោយប្រសិទ្ធភាព សំដៅចូលរួម អភិវឌ្ឍវិស័យអេកូទេសចរណ៍ លើកកម្ពស់សេដ្ឋកិច្ចសង្គម និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងថែរក្សាលំនឹងមជ្ឈដ្ឋាន ធម្មជាតិសម្រាប់ការរីកលូតលាស់ នៃជីវចម្រុះ និងទ្រទ្រង់ការរស់នៅ របស់សត្វផ្សោតផងដែរ»។
ក្រៅពីនេះ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ស្ថិតក្រោមសមត្ថកិច្ច របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានកិច្ច សហការ ជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ។
នៅក្នុងតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះនេះ ត្រូវបានហាមឃាត់សកម្មភាពក្នុងកន្លែងអភិរក្ស សត្វផ្សោតរួមមាន៖ ការធ្វើនេសាទគ្រប់ប្រភេទ, ការធ្វើវារីវប្បកម្ម, ការធ្វើនាវាចរឆ្លងកាត់ដែលមានឧបករណ៍ត្រៀមធ្វើនេសាទ, ការធ្វើ នាវាចរ ដែលមានល្បឿនលើសពី ៣០គីឡូម៉ែត្រ ក្នុង១ម៉ោង, ការតាំងទីលំនៅ និងការធ្វើសកម្មភាពផ្សេងទៀតដែលប៉ះពាល់ដល់ ប្រភេទធនធានជលផល កំពុងរងគ្រោះថ្នាក់ ជាពិសេសសត្វផ្សោត។
អនុក្រឹត្យនេះក៏បានលើកឡើងទៀតថា នៅក្នុងកន្លែងការពារសត្វ ផ្សោត ក៏ត្រូវបានហាមឃាត់ការធ្វើនេសាទរួមមាន៖ ការធ្វើនេសាទ ដោយប្រើមង ឬសន្ទួច រនង និងការធ្វើនេសាទ ដោយឧបករណ៍ នេសាទ ខ្នាតមធ្យម និងខ្នាតធំផងដែរ។
ប្រភពដដែលបញ្ជាក់ថាតាមអនុក្រឹត្យតំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ ក៏ត្រូវបានកំណត់ ប្រវែង ១២០គីឡូម៉ែត្រ ក្នុងនោះខេត្ត ស្ទឹងត្រែងមាន ៣៥គីឡូម៉ែត្រ និងខេត្តក្រចេះមាន ៨៥គីឡូមែត្រ ដែលលាតសន្ធឹងចាប់ពីប៉ែកខាងក្រោមស្ពានមិត្តភាពកម្ពុជា-ចិនស្ទឹងត្រែង ក្នុងខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ក្នុង ខេត្តក្រចេះមានទំហំសរុប ៦២១គីឡូម៉ែត្រការ៉េ ត្រូវកំណត់ ជាកន្លែងអភិរក្ស (តំបន់ស្នូលអចិន្ត្រៃយ៍) ទំហំ ២១៦,៤គីឡូម៉ែត្រ ការ៉េ និងកន្លែងការពារ (តំបន់ស្នូលតាមរដូវកាល) ទំហំ ៤០៤,៦គីឡូម៉ែត្រការ៉េ ដោយផ្អែកលើទិន្នន័យវិទ្យាសាស្ត្រពាក់ ព័ន្ធនឹងការរស់នៅ ការបន្លាស់ទី ការស្វែងរកចំណី និងការបន្តពូជ របស់សត្វផ្សោត។
ជុំវិញរឿងនេះឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងអ្នកនាំពាក្ យក្រសួងបរិស្ថាន បានប្រាប់នៅថ្ងៃទី២៨ ខែកុម្ភៈថា សម្រាប់ ក្របខ័ណ្ឌក្រសួងបរិស្ថាន លោកសម្ដែងភាពរីករាយ និងថ្លែងអំណរ គុណសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានចេញអនុក្រឹត្យកំណត់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គនៅក្នុងខេត្តស្ទឹងត្រែង និង ខេត្តក្រចេះ នេះ ដែលវានឹងផ្ដល់នូវការពារ និងអភិរក្សតឹងរ៉ឹងផងដែរ។
ជាមួយគ្នានេះឯកឧត្តមក៏រំពឹងថា ចំនួនសត្វផ្សោត នឹងត្រូវបាន ទប់ស្កាត់កុំឱ្យមានការស្លាប់ជាបន្តបន្ទាប់ដោយសារការនេសាទខុសច្បាប់ និងការចូលទៅតំបន់ការពារទាំងអស់នោះពីបណ្ដាអ្នកនេសាទ ដែលប្រើប្រាស់ឧបករណ៍ដែលបង្កផលប៉ះពាល់ទៅដល់សត្វផ្សោត។
ឯកឧត្តម នេត្រ ភក្ដ្រា បានថ្លែងថា ៖ «យើងជឿជាក់ថា តាមរយៈ អនុក្រឹត្យនេះ នឹងធ្វើឲ្យតំបន់ទាំងនោះ ទទួលបានសុវត្ថិភាព បន្ថែម ទៀត ហើយចំនួនសត្វផ្សោតនឹងមានការកើនឡើង ដោយវានឹងមិន ស្លាប់ ច្រើន»។
ឯកឧត្តមបន្តថា ៖ «មួយវិញទៀត ការកំណត់គ្រប់គ្រងសត្វផ្សោត តំបន់ទន្លេមេគង្គនេះ វាក៏នឹងធ្វើឲ្យដំណើរការក្នុងការរៀបចំចុះបញ្ជី ត្រៀម សម្រាប់តំបន់បេតិកភណ្ឌធម្មជាតិរបស់ប្រទេសកម្ពុជា ចូលទៅក្នុងបញ្ជីបម្រុង ឬបញ្ជីត្រៀមរបស់អង្គការយូណេស្កូ គឺកាន់ តែមានភាពរឹងមាំបន្ថែមទៀត ពីព្រោះនេះជាការបង្ហាញ អំពីការតាំង ចិត្តខ្ពស់ទាំងផ្នែកនយោបាយ ទាំងផ្នែកបច្ចេកទេសរបស់ រាជរដ្ឋា ភិបាល កម្ពុជា ក្នុងការអភិរក្ស និងការពារធនធានធម្មជាតិ ជា ពិសេស សត្វផ្សោតទឹកសាប ដែលជាសត្វកម្រនៅលើពិភពលោក»។
លើសពីនេះទៀត អ្នកនាំពាក្យរូបនេះ ក៏បានលើកឡើងដែរថា ក្រសួង បរិស្ថានក៏បានទទួលអាណត្តិក្នុងការរៀបចំ ចងក្រងនូវ ឯកសារ ដើម្បី ស្នើសុំតំបន់កាំពី រហូតទៅដល់ព្រំដែនឡាវ ក្នុង ខេត្តស្ទឹងត្រែង ដាក់ជា តំបន់បេតិកភណ្ឌធម្មជាតិពិភពលោក ប៉ុន្តែខាងក្រសួងកំពុងតែស្នើ សុំដាក់ក្នុងបញ្ជីត្រៀមសិន។
រហូតមកដល់ពេលនេះក្រសួងបរិស្ថានបានបញ្ចប់ការរៀបចំនូវឯកសាររួចរាល់ហើយ បន្ទាប់មកក្រសួងនឹងត្រៀមលក្ខណៈការដាក់ស្នើទៅ អង្គការយូណេស្កូ រៀបចំទីតាំងតំបន់កាំពី រហូតដល់ព្រំដែន ឡាវដែល ជាតំបន់សត្វផ្សោត ហើយក៏រួមមានធនធានធម្មជាតិ ផ្សេងៗ ទៀត ផងដែរ។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម នេត្រ ភក្ត្រា។
ឯកឧត្តមបានឱ្យដឹងទៀតថា ៖ «ដូច្នេះនៅតាមតំបន់ទន្លេមេគង្គ សម្បូរធនធានធម្មជាតិទាំងអស់នេះ នឹងធ្វើឲ្យតំបន់នេះសាកសមដាក់បញ្ជូលទៅក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោក ហើយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានជាអ្នកសម្របសម្រួល បានរៀបចំឯកសារស្នើសុំដាក់ក្នុងបញ្ជីត្រៀម»។
ឯកឧត្តម នេត្រ ភក្ត្រា គិតថា ការចេញអនុក្រឹត្យស្ដីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចះនេះ គឺជាការតាំងចិត្តខ្ពស់ ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ។
ជាមួយគ្នានេះដែរ នាយកប្រតិបត្តិអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) លោក សេង ទៀក បានឲ្យដឹងដែរថា ការចេញអនុក្រឹត្យស្តីពីការកំណត់តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចះនេះ រូបលោកចូលរួមអបអរសាទរ ហើយវាក៏ជាអនុក្រឹត្យមួយក្នុងការពង្រឹងបន្ថែមទៅលើការគ្រប់គ្រងសត្វផ្សោតទន្លេមេគង្គរបស់កម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា ជាពិសេសទៅទៀត អនុក្រឹត្យនេះ បានកំណត់តំបន់អភិរក្សសត្វផ្សោតច្បាស់លាស់ និងមានភាពជាក់លាក់ផងដែរ។
លោក សេង ទៀក បានប្រាប់ដូច្នេះថា៖ «ខ្ញុំជឿថាអនុក្រឹត្យនេះ នឹងបង្កើនប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការគ្រប់គ្រងសត្វផ្សោតហ្នឹងឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ហើយក៏សង្ឃឹមថា អនុក្រឹត្យនេះនឹងត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹង ច្បាស់លាស់ ដែលនឹងធ្វើឱ្យចំនួនសត្វផ្សោតកាន់តែមានចំនួនកើនឡើង ព្រោះអនុក្រឹត្យនេះមានខ្លឹមសារជាក់លាក់ច្បាស់លាស់ ដែលធ្វើឲ្យមន្ត្រីអនុវត្តច្បាប់របស់យើងកាន់តែមានភាពជឿជាក់ ទៅលើការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព»។
លោកបានបន្ថែមថា គោលដៅនៃអនុក្រឹត្យ ក៏នឹងធ្វើការពារ អភិរក្ស សត្វផ្សោត ជាពិសេសគឺការតប់ស្កាត់នូវបទល្មើសការ នេសាទ ខុស ច្បាប់ ដែលជាសកម្មភាពនាំឲ្យបង្កផលប៉ះពាល់ដល់សត្វផ្សោត ជាដើម។
សូមរំឮកផងដែរថា ក្នុងពិធីបើកការដ្ឋានសាងសង់ ស្ពានឆ្លង កាត់ទន្លេមេគង្គ ខេត្តក្រចេះ កាលពីថ្ងៃទី២ ខែមករា កន្លង មកនេះសម្ដេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានណែនាំ ឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសអាជ្ញាធរ ខេត្តក្រចេះ និងស្ទឹងត្រែង ដែលទាក់ទងនឹងតំបន់អភិរក្សសត្វ ផ្សោតត្រូវតែទទួលខុសត្រូវ ដោយមិនត្រូវពឹងផ្អែកតែទៅលើ ក្រសួងកសិកម្មតែមួយនោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ៖«តំបន់ផ្សោតនេះត្រូវតែ ការពារ ដោយសារមានករណីផ្សោតស្លាប់ដោយសារជាប់ម៉ងនាពេល កន្លងមកថ្មីៗនេះ ហើយខ្ញុំសុំដាស់តឿនឱ្យមានការយកចិត្តទុកដាក់ តំបន់នេះជាតំបន់អភិរក្សពេញទីដោយគ្មានការលើកលែងទេ។ ទន្លេមេគង្គ សំបូរដោយសត្វផ្សោត និងសត្វត្រីមួយចំនួន ដែលជិត ផុតពូជ ដែលត្រូវតែមានការរៀបចំឱ្យបានរៀបរយឱ្យបានល្អ»។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២ សត្វផ្សោតសរុប ចំនួន ១១ក្បាល បានស្លាប់នៅក្នុងឆ្នាំ ២០២២ នេះ រីឯសត្វផ្សោត ដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។
រដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ត្រូវ មានការ ផ្តោតការយកចិត្តទុកដាក់ការពារ។ នៅពេលទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ីនៅក្នុងតំបន់ អន្លង់ទឹកជ្រៅនៃតំបន់អភិរក្សសត្វផ្សោត។ ជាហេតុ ធ្វើឱ្យពួកវាងាយ រងគ្រោះយ៉ាងខ្លាំងដោយការនេសាទខុសច្បាប់ ក្នុងអំឡុងពេលនេះ ហើយជាពេលដែលត្រូវបង្កើនការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង៕
ដោយ៖ជា សុខនី