លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញបិទកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី «ការប៉ាន់ប្រមាណសមត្ថភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល» (ជុំទី២)

កណ្តាល ៖ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា នៅថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី «ការប៉ាន់ប្រមាណសមត្ថភាពសាខាកាកបាទក្រហមកម្ពុជា ខេត្តកណ្តាល» (ជុំទី២) ដែលកិច្ចប្រជុំនេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ២៧-២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។

លោកជំទាវ ម៉ែន នារីសោភ័គ បានគូសបញ្ជាក់ពីវឌ្ឍនភាពរបស់កាកបាទក្រហមកម្ពុជា ចាប់តាំងពីពេលដែលមហាសន្និបាតអាណត្តទី២របស់ កាកបាទក្រហមកម្ពុជា កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ១៩៩៨ បានបោះឆ្នោតជ្រេីសតាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ធ្វើជាប្រធានដឹកនាំ រៀងមក នោះគឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានយកចិត្តទុកដាក់ ខ្ពស់ ផ្តោតអាទិភាពលើការងារអភិបាលកិច្ចល្អ និងបន្តអភិវឌ្ឍស្ថាប័នរបស់ កាកបាទក្រហមកម្ពុជា រហូតដល់សម្រេចបានការកសាងយុទ្ធសាស្ត្រទី១របស់កាកបាទក្រហមកម្ពុជា ២០០៣-២០១០ ដើម្បីកសាងកាកបាទក្រហមកម្ពុជា ឱ្យក្លាយជាសមាគមជាតិដែលមានដំណើរការល្អ។

ការអភិវឌ្ឍជាជំហានៗរហូតដល់ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០១០ គឺ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានរៀបចំឱ្យមានសិក្ខាសាលាមួយដើម្បីរៀបរយការងារអភិវឌ្ឍស្ថាប័ននេះ ឱ្យមានសូចនាករទៅតាមលក្ខណៈរបស់កម្ពុជា។ ពេលនោះហេីយគឺជាពេលដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធាន បានប្រកាសអនុវត្តទិសវិមជ្ឈការ វិសហមជ្ឈការរបស់សាខា ហេីយអ្វីដែលត្រូវបានយកធ្វេីជាផែនទីបង្ហាញផ្លូវ ដើម្បីឱ្យសម្រេចបានទិសវិមជ្ឈការ វិសហមជ្ឈការរបស់សាខានេះគឺ យុទ្ធសាស្ត្រទី២ ២០១១-២០២០ របស់កាកបាទក្រហមកម្ពុជា។ រហូតមកដល់បច្ចុប្បន្ននេះ កាកបាទក្រហមកម្ពុជា បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ ដែលមានទស្សនវិស័យ ធ្វេីយ៉ាងណាឱ្យ កាកបាទក្រហមកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌នាំមុខគេនៅកម្ពុជា នឹងក្លាយជាសមាគមជាតិដែលមានភាពម្ចាស់ការខ្ពស់ និងសម្រេចបានបេសកកម្ម ក្នុងការប្រមូលផ្តុំកម្លាំងមនុស្សធម៌ ដើម្បីចូលរួមលើកកម្ពស់ជីវភាពរបស់ជនងាយរងគ្រោះបំផុតនិងជនរងគ្រោះ តាមរយៈវិស័យអាទិភាពចំនួន៤រួមមាន៖ ១- ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាពនិងការថែទាំសុខភាពក្នុងសហគមន៍ ៣- ការលើកកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌ និង ៤-ការអភិវឌ្ឍស្ថាប័ន ។

លោកជំទាវ អគ្គលេខាធិការរងទី ១ បានបញ្ជាក់ផងដែរថា៖ ការងារអភិវឌ្ឍស្ថាប័ន គឺត្រូវផ្តោតលើការពង្រឹងសមត្ថភាពសាខា អនុសាខា ក្រុមកាកបាទក្រហម ឱ្យក្លាយជាប្រតិបត្តិករជួរមុខដ៏សកម្មឱ្យស្របនឹងទិសស្លោកជាសកល របស់សហព័ន្ធអន្តរជាតិ «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» និងជឿជាក់យ៉ាងមុតមាំថាអ្វីដែលបានដាក់ជាការងារអាទិភាពទាំងអស់នោះ ក្រុមប្រតិបត្តិទាំងសាខា-អនុសាខា នឹងអាចយកទៅអនុវត្តបានយ៉ាងល្អ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានអនុវត្តការប៉ាន់ប្រមាណសមត្ថភាពសាខា (បូកា-BOCA) ជុំទី១ (នៅឆ្នាំ២០១៥) ចំពោះសាខាទាំង២៥រាជធានី-ខេត្ត បានចប់សព្វគ្រប់ហេីយ ដោយបានឆ្លុះបញ្ចាំងទៅតាមយុទ្ធសាស្ត្រ២០១១-២០២០។ ដោយឡែក ក្នុងត្រីមាសទី១ ឆ្នាំ២០២៣នេះ កាកបាទក្រហមកម្ពុជា បានចាប់ផ្តើមអនុវត្ត ការប៉ាន់ប្រមាណសមត្ថភាពសាខា (បូកា-BOCA) ជុំទី២ នេះ ដោយឆ្លុះបញ្ចាំងទៅតាមយុទ្ធសាស្ត្រ២០២១-២០៣០ ដែលបានចាប់ផ្តេីមអនុវត្តជំហានដំបូងក្នុងជុំទី២នេះ សម្រាប់សាខាចំនួន៤ រួមមាន ត្បូងឃ្មុំ បន្ទាយមានជ័យ ប៉ៃលិន និងខេត្តកណ្តាល ដែលជាសាខាគោលដៅកំពុងអនុវត្តកម្មវិធីលេីកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ ក្រោមការជួយឧបត្ថម្ភគាំទ្រពីកាកបាទក្រហមហ្វាំងឡង់។ លទ្ធផលនៃការប៉ាន់ប្រមាណសមត្ថភាពសាខា ខាងលេីនេះ គឺជាផែនទីចង្អុលផ្លូវសម្រាប់ឱ្យសាខា ធ្វេីការ កសាងផែនការអភិវឌ្ឍ និងផែនការប្រចាំឆ្នាំរបស់ខ្លួន ដេីម្បីឈានទៅសម្រេចបានគោលដៅ និងលទ្ធផលរំពឹងទុកនៃយុទ្ធសាស្ត្រ២០២១- ២០៣០របស់កាកបាទក្រហមកម្ពុជា។ ចំពោះសាខាដទៃផ្សេង កាកបាទក្រហមកម្ពុជា នឹងបន្តចុះផ្សព្វផ្សាយពីយុទ្ធសាស្ត្រ និងធ្វេីបូកា-BOCAនេះ ជាបន្តបន្ទាប់ផងដែរ៕ ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner