អ.ស.ប ត្រូវការប្រាក់ជាងបួន ប៊ីលានដុល្លារ ដើម្បីជួយមនុស្សរាប់ លាន នាក់នៅយេម៉ែន
អ.ស.ប៖ អង្គការសហប្រជាជាតិ(អ.ស.ប)បានអំពាវនាវសុំ ថវិកា ចំនួន ៤,៣ ប៊ីលានដុល្លារកាលពីថ្ងៃចន្ទ ដើម្បីផ្ដល់ជំនួយនៅឆ្នាំនេះ ដល់មនុស្សរាប់លាននាក់ស្រេកឃ្លានក្នុងប្រទេសយេម៉ែន ដែល ហែកហួរដោយសង្រ្គាម ហើយជំរុញឱ្យភាគីនៃជម្លោះឱ្យស្វែង រក សន្តិភាព។
ការស្នើសុំនេះ ធ្វើឡើងនៅពេលអង្គការកំពុងរៀបចំសន្និសីទ «សន្យាទី៧» សម្រាប់ប្រទេសយេម៉ែន ហើយសង្ឃឹមថា ការជួបជុំ លើក ក្រោយទៀតអាចផ្តោតលើការស្ដារប្រទេសដែលបែកបាក់ ឡើងវិញ ជាជាងការលុបបំបាត់ភាពអត់ឃ្លាន។
អ.ស.ប ថា ប្រជាជនជាង ២១,៧ លាននាក់ ដែលស្មើនឹង ២ភាគ ៣នៃចំនួនប្រជាជនយេម៉ែន ត្រូវការជំនួយមនុស្សធម៌នៅឆ្នាំ ២០២៣ នេះ។ ជាមួយនឹងការអំពាវនាវរបស់ខ្លួន អង្គការមានគោលបំណង ផ្ដល់ ជំនួយឱ្យបានដល់យ៉ាងហោចណាស់ ១៧,៣ លាននាក់ ដែល ងាយរងគ្រោះបំផុតក្នុងចំណោមនោះ។
ប្រមុខ អ.ស.ប លោក អង់តូនីញូវ ហ្គូតទែរ៉េស បានថ្លែងពិធីបើក សន្និសីទកាលពីថ្ងៃចន្ទនៅទីក្រុងហ្សឺណែវថា៖ «រួមគ្នា អនុញ្ញាត ឱ្យពួកយើងបញ្ចប់ទុក្ខវេទនា។ ចូរយើងផ្តល់ក្តីសង្ឃឹម ដល់ប្រជាជន យេម៉ែន»។ លោកបន្តថា៖ «យើងមានឱកាសពិតប្រាកដនៅឆ្នាំនេះ ដើម្បីផ្លាស់ប្តូរគន្លងរបស់យេម៉ែន និងឆ្ពោះទៅរកសន្តិភាព»។
គួរបញ្ជាក់ថា យេម៉ែនរងការបំផ្លិចបំផ្លាញដោយសង្រ្គាមចាប់តាំងពីឆ្នាំ ២០១៤ ដោយសារជម្លោះរវាងក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ និងរដ្ឋាភិបាលយេម៉ែនដែលអន្តរជាតិទទួលស្គាល់ និងគាំទ្រដោយ ក្រុម យោធាចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត។
ចាប់តាំងពីពេលនោះមក សង្គ្រាមបានបណ្តាលឱ្យមនុស្សរាប់សែន នាក់ស្លាប់ទាំងដោយផ្ទាល់ និងដោយប្រយោល ហើយបានរុញច្រាន ប្រទេសជាតិឱ្យធ្លាក់ទៅក្នុងភាពអត់ឃ្លាន។
នាយករដ្ឋមន្ត្រីយេម៉ែន លោក Maeen Abdulmalek Saeed បានប្រាប់សន្និសីទនៅថ្ងៃចន្ទថា ៖ «ការបញ្ចប់វិបត្តិមនុស្សធម៌ ចាប់ផ្តើមជាមួយនឹងការបញ្ចប់សង្រ្គាម»។
កាលពីឆ្នាំមុន អង្គការសហប្រជាជាតិបានរៃអង្គាសប្រាក់បានជាង ២,២ ប៊ីលានដុល្លារអាមេរិក ដើម្បីផ្តល់លទ្ធភាពឱ្យភ្នាក់ងារជំនួយ ជួយដល់មនុស្សជិត ១១ លាននាក់នៅទូទាំងប្រទេសយេម៉ែនជា រៀងរាល់ខែ។ ប៉ុន្តែប្រទេសជាច្រើនបានទាមទារឱ្យបញ្ចប់ច្បាប់ ដែលក្រុមហ៊ូធីកំណត់ ដែលបង្ខំឱ្យស្ត្រី រួមទាំងបុគ្គលិកជំនួយជាស្ត្រី ត្រូវអមដំណើរដោយបុរស ដែលការនេះធ្វើឱ្យរារាំងដល់ការផ្តល់ ជំនួយ៕
ដោយ៖ហួន ឌីណា